អានតួអត្ថបទ
កម្ពុជា​

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អាច​ក្លាយ​ជា​ប្រធាន​គណបក្ស​នយោបាយ​​វិញ

ព្រះអង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ ដែល​បាន​ប្រកាស​ចូល​និវត្ត​ពី​នយោបាយ​កាលពី​ចុង​ឆ្នាំ​២០០៨​នោះ អាច​នឹង​ក្លាយ​ទៅ​ជា​ប្រធាន​គណបក្ស​នយោបាយ​ឡើង​វិញ​នៅ​ក្នុង​សប្តាហ៍​ក្រោយ​នេះ។ បើ​វា​ជា​ការ​ពិត ព្រះ​អង្គម្ចាស់​ គឺ​ជា​ប្រធាន​គណបក្ស​ នរោត្តម រណឫទ្ធិ ចាប់​ពី​ថ្ងៃ​ដែល​គណបក្ស​ជាតិ​និយម​ធ្វើ​សមាជ​វិសាមញ្ញ​ប្តូរ​ឈ្មោះ និង​រូប​សញ្ញា​គណបក្ស​នៅ​ថ្ងៃ​ទី​​១១​ខែ​ធ្នូ​ខាង​មុខ​នេះ។

ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ កាល​នៅពេល​​ប្រឡូក​ក្នុង​ឆាក​នយោបាយ​
ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ កាល​នៅពេល​​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ © wikipedia
ផ្សាយពាណិជ្ជកម្ម
01:59

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

នៅថ្ងៃ​ទី​១១​ខែ​ធ្នូ​សប្តាហ៍​ក្រោយ​នេះ គណបក្ស​ជាតិ​និយម​ដែល​ប្រមូល​ផ្តុំ​ដោយ​អ្នក​ស្មោះស្ម័គ្រ​នឹង​ព្រះអង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ ​នោះ នឹង​រៀបចំ​សមាជ​វិសាមញ្ញ​មួយ ដើម្បី​ប្តូរ​ឈ្មោះ​គណបក្ស​នេះ មក​ជា​គណបក្ស​នរោត្តម រណឫទ្ធិ​វិញ។ លោក​ប៉ែន សង្ហា អ្នកនាំ​ពាក្យ​គណបក្ស​ជាតិ​និយម​បាន​ថ្លែង​អោយ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​ធ្នូ​នេះ​ថា សមាជ​គណបក្ស​ជាតិ​និយម​នោះ​នឹង​ទទូច​អនុម័ត​ប្រកាស​យាង​ព្រះអង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ​ ធ្វើ​ជា​ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ​នោះ​តែ​ម្តង។

នៅតែការ​សម្រេច​ព្រះទ័យ​របស់​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ​តែ​ប៉ុណ្ណោះ​ដែល​គេ​នៅ​មិន​ទាន់​ដឹង។ លោក​ នរាណារិទ្ធ អាណន់ដាយ៉ាត ប្រធាន​ខុទ្ទកាល័យ​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​នៅ​មិនទាន់​អាច​បញ្ជាក់​អំពី​ការ​សម្រេច​ព្រះទ័យ​ចុង​ក្រោយ​របស់​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ​បាន​ឡើយ។ លោក​អះអាង​ថា រហូត​ដល់​ពេល​នេះ ព្រះ​ប្រធាន​របស់​លោក មិន​ដែល​បាន​មាន​បន្ទូល​លើក​ឡើង​អំពី ការ​យាង​ទៅ​ដឹកនាំ​គណបក្ស​នេះ​ឡើយ។

បើ​យោងតាម​សកម្មភាព និង​ព្រឹត្តិការណ៍​កន្លង​មក​នោះ វា​ទំនង​ណាស់​ថា ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ កំពុង​ស្ថិត​នៅ​ក្នុង​គន្លង​ឆ្ពោះ​ទៅ​រក​តួនាទី​ជា​ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ​ ឡើង​វិញ។ ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ ដែល​បាន​ប្រកាស​ចូល​និវត្ត​ពី​ឆាក​នយោបាយ​កាល​ពី​យប់​ថ្ងៃ​ទី​២​ខែ​តុលា​ឆ្នាំ​២០០៨ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន ហើយ​ក្រោយ​មក​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​នៃ​ព្រះមហាក្សត្រ ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​នោះ ស្រាប់តែ​បាន​បង្ហាញ​ភក្ត្រ នៅក្នុង​ចំណោម​សមាជិក​គណបក្ស​ជាតិនិយម​ក្នុង​ពេល​កន្លង​មក។

សមាជ​វិសាមញ្ញ​ដែល​គណបក្ស​ជាតិ​និយម​គ្រោង​នឹង​រៀបចំ​នៅ​ពេល​ខាង​មុខ​នេះ កើត​ឡើង​ដោយសារ ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​ពន្យល់​ថា សមាជិក​មូលដ្ឋាន​របស់​ខ្លួន​បាន​ធ្វើ​ញ្ញត្តិ​ទទូច​ចង់​អោយ​ព្រះអង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ​ យាង​ត្រឡប់​មក​ដឹកនាំ​គណបក្ស​នេះ​វិញ។ មន្ត្រី​របស់​គណបក្ស​ជាតិ​និយម និង​មន្ត្រី​ដែល​នៅ​ជិត​ព្រះអង្គ​បាន​អះអាង​ថា ក្រោយ​ពេល​ដែល​សមាជ​របស់​គណបក្ស​ជាតិនិយម​ប្រកាស​ការ​សម្រេច​របស់​ខ្លួន ប្តូរ​ឈ្មោះ និង​និម្មិត​សញ្ញា​គណបក្ស​ហើយ​នោះ ព្រះអង្គម្ចាស់ ​នរោត្តម រណឫទ្ធិ​ នឹង​មាន​វត្តមាន​នៅក្នុង​ពិធីនោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ