អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការពាណិជ្ជកម្មពិភពលោក​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទើប​បាន​បិទបញ្ចប់​កិច្ចប្រជុំ​រយៈពេល ៥ថ្ងៃ​របស់​ខ្លួន​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី។ ជា​កិច្ចប្រជុំ​ដែល​ចូលរួម​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នៃ​បណ្តា​ប្រទេស​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ទំាង ១៥៩។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ​គឺ​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​ធ្វើ​សេរីកម្ម​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ពិភពលោក។ បន្ទាប់​ពី​បាន​ជជែក​គ្នា​យ៉ាង​ប្រទាញប្រទង់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​មក កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​មួយ​ទើប​តែ​បាន​រក​ឃើញ​នា​ព្រឹក​ថ្ងៃសៅរ៍ ទី៧ ធ្នូ​នៅ​​នាទី​ចុង​ក្រោយ។

លោករ៉ូប៊ែរតូ អាសេវេដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្មពិភពលោក
លោករ៉ូប៊ែរតូ អាសេវេដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្មពិភពលោក
ផ្សាយពាណិជ្ជកម្ម

គ្រប់​គ្នា​ចាត់​ទុក​កិច្ចព្រមព្រៀង​នោះ​ថា មាន​លក្ខណៈ​ជា​ប្រវត្តិសាស្រ្ត​សម្រាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​សម្រាប់​សមាជិក​ទំាង ១៥៩ប្រទេស។ ជោគជ័យ​ជា​ប្រវត្តិសាស្រ្ត ព្រោះ​តំាង​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ចាប់​កំណើត​ក្នុង​ឆ្នំា ១៩៩៥ ពោល​ជិត ១៩ឆ្នំា​កន្លង​មក អង្គការ​មួយ​នេះ​មិន​ដែល​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​លក្ខណៈ​អន្តរជាតិ​ណា​មួយ​នៅ​ឡើយ​ទេ។ ភាព​ជាប់គំាង​នៅ​ក្នុង​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា មក​ពី​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​រឿយៗ​រវាង​ប្រទេស​សមាជិក ពិសេស​ក្រុមប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់ និង​ក្រុមប្រទេស​អភិវឌ្ឍ។

សូម​រម្លឹក​ជូន​ឡើង​វិញ​ថា កិច្ចប្រជុំ​នៅ​ក្នុង​ក្របខណ្ឌ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​ធ្វើ​សេរីកម្ម​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ក្នុង​ពិភពលោក ត្រូវ​បាន​ចាប់​ផ្តើម​លើក​ដំបូង​តំាង​ពី​ឆ្នំា ២០០១ ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា។ តំាង​ពី​ពេល​នោះ​មក កិច្ច​ប្រជុំ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ តែ​បាន​ទទួល​បរាជ័យ​ជានិច្ច។ នៅ​ក្នុង​កិច្ចប្រជុំ​នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី គ្រប់​គ្នា​ហាក់​ដូច​ជា​គ្មាន​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគជ័យ​ទេ ព្រោះ​ថា នៅ​ថ្ងៃ​ប្រជុំ​ចុង​ក្រោយ​នា​ថ្ងៃសុក្រ ទី៦ ធ្នូ ភាព​ចម្រូងចម្រាស​នៅ​បន្ត​មាន​រវាង​ប្រទេស​ឥណ្ឌា និង​សហរដ្ឋអាមេរិក​ជុំវិញ​រឿង​នយោបាយ​ឧបត្ថម្ភធន​លើ​វិស័យ​កសិកម្ម។ បន្ទាប់​មក​ទៀត ការ​ខ្វែង​គំនិត​គ្នា​ក៏​ផ្តើម​មាន​រវាង​ប្រទេស​គុយបា និង​សហរដ្ឋអាមេរិក​ទាក់ទង​នឹង​រឿង​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អាមេរិក​បាន​ដាក់​លើ​គុយបា​តំាង​កន្លះ​សតវត្ស​កន្លង​មក។

កិច្ចព្រមព្រៀង​បាលី​នឹង​ផ្តល់​សកម្មភាព​សេដ្ឋកិច្ច​គិត​ជា​ប្រាក់ ៩៦០ ០០០ពាន់លាន​ដុល្លារ និង​បង្កើត​បាន ២១លាន​ការងារ

កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​ចែកចេញ​ជា ៣ផ្នែក ទី១៖ វិស័យកសិកម្ម សមាជិក​ទំាង​អស់​បាន​ព្រមព្រៀង​គ្នា​ក្នុង​កាត់​បន្ថយ​ប្រាក់ឧបត្ថម្ភធន​លើ​ផលិតផល​កសិកម្ម​នាំ​ចេញ។ នេះ​ជា​ប្រធានបទ​មួយ​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លំាង​នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក ព្រោះ​ថា មាន​ប្រទេស​ខ្លះ​បាន​ជួយ​ឧបត្ថម្ភ​យ៉ាង​ច្រើន​សម្បើម​ដល់​ប្រជាកសិករ​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាង​ណា ជួយ​បង្កើន​ការ​នំា​ចេញ​ផលិតផល​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តម្លៃ​មួយ​ថោក ធៀប​នឹង​ផលិតផល​កសិកម្ម​របស់​ប្រទេស​សមាជិក​ផ្សេង។

ទី២៖ ជំនួយ​សម្រាប់​អភិវឌ្ឍន៍ កិច្ចព្រមព្រៀង​បាន​ចែង​ពី​ការ​មិន​យក​ពន្ធដារ​លើ​ផលិតផល​ដែល​នំា​ចូល​ពី​ប្រទេស​ក្រីក្រ។ នេះ​ជា​លទ្ធភាព​ចំាបាច់​មួយ​ដើម្បី​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រីក្រ​ទំាង​នោះ។

ទី៣៖ សម្រួល​ការ​ដោះដូរ​ពាណិជ្ជកម្ម​ពិភពលោក មាន​ន័យ​ថា រៀបចំ​ឲ្យ​មាន​វិធានការ​ពន្ធដារ​ជា​លក្ខណៈ​ស្តង់ដារ​មួយ​សម្រាប់​ការ​នំា​ទំនិញ​ចេញ ចូល​រវាង​ប្រទេស​ជា​សមាជិក ពោល​គឺ​កាត់បន្ថយ ឬមួយ​ក៏​លប់ចោល​រនំាងពន្ធគយ​មួយ​ចំនួន​ដែល​កំពុង​មាន​យ៉ាង​ស្មុគស្មាញ​នា​ពេល​សព្វថ្ងៃ។

បើ​យោង​តាម​វិទ្យាស្ថាន​សេដ្ឋកិច្ច​អន្តរជាតិ Peterson ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​វ៉ាស៊ីតោន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​នៅ​កោះបាលី​នឹង​អាច​ជួយ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក​ដែល​គិត​ជា​ទឹកប្រាក់​មាន​រហូត​ដល់​ទៅ ៩៦០ ០០០ពាន់លានដុល្លារ ព្រម​ទំាង​អាច​ជួយ​បង្កើត​ការងារ​ចំនួន ២១លាន​ការងារ ក្នុង​នោះ​មាន ១៨លានការងារ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ជោគជ័យ​ផ្ទាល់ខ្លួន​របស់​លោក​ រ៉ូប៊ែរតូ អាសេវេដូ

លោក​រ៉ូប៊ែរតូ អាសេវេដូ​ដែល​ជា​ជនជាតិ​ប្រេស៊ីល​ទើប​តែ​បាន​ចូល​កាន់​តំណែង​ជា​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជំនួស​លោក​ប៉ាស្កាល់ ឡាមី ជា​ជនជាតិ​បារំាង។ ដូច្នេះ អ្វី​ដែល​លោក​រ៉ូប៊ែរតូ អាសេវេដូ​សម្រេច​បាន​នៅ​ពេល​នេះ ពិត​ជា​ជោគជ័យ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ក៏​ជា​ជោគជ័យ​ផ្ទាល់ខ្លួន​របស់​រ៉ូប៊ែរតូ អាសេវេដូ​ដែរ ព្រោះ​ថា តំាង​ពី​ជាង ១០ឆ្នំា​មក​ហើយ​ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​ស្តីពី​ការ​បើកចំហព្រំដែន​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ពិភពលោក។

កិច្ចប្រជុំ​នៅ​កោះបាលី ក៏​មិន​ខុស​គ្នា​នឹង​កិច្ចប្រជុំ​មុនៗ​ទេ គឺ​មាន​ការ​ប្រទាញប្រទង់​គ្នា​ខ្លំាង​ណាស់​នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក។ សូមជម្រាប​ជូន​ថា ដើម្បី​អាច​ឲ្យ​កិច្ចព្រមព្រៀង​មួយ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​បាន លុះត្រា​ណា​តែ​មាន​ការ​យល់​ព្រម​ពី​សមាជិក​ទំាង​អស់ ពោល​ទំាង ១៥៩ប្រទេស។ បើ​មាន​ប្រទេស​ណា​មួយ​ជំទាស់ គឺ​មិន​អាច​ទៅ​រួច​ទេ។ ដូច្នេះ​វា​ជា​រឿង​មួយ​ស្មុគស្មាញ​មែនទែន​សម្រាប់​រូបលោក​រ៉ូប៊ែរតូ អាសេវេដូ ព្រោះ​ថា ប្រទេស​សមាជិក​នីមួយៗ​សុទ្ធតែ​មាន​ផលប្រយោជន៍ និង​អាទិភាព​ខុសគ្នា​ដែល​ចំា​បាច់​ត្រូវ​តែ​រក​ផ្លូវកណ្តាល​មួយ​សម្រាប់​ដើរ​បាន​ទំាង​អស់​គ្នា។

តែ​លោក​រ៉ូប៊ែរតូ អាសេវេដូ​មិន​បាន​បន្ធូរ​ដៃ​ទេ នៅ​ចំពោះ​មុខ​ការ​ជំទាស់​របស់​ឥណ្ឌា និង​គុយបា។ ការ​ព្យាយាម​អត់ធ្មត់​របស់​លោក​រ៉ូប៊ែរតូ អាសេវេដូ​មក​ពី​លោក​យល់​ថា ជោគជ័យ​នៅ​កោះបាលី ជា​ការ​ផ្តល់​ខ្យល់​អុកស៊ីសែន​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ផ្ទុយ​ទៅ​វិញ បរាជ័យ​នៅ​កោះបាលី នឹង​ធ្វើ​ឲ្យ​វត្តមាន​របស់​អង្គការ​មួយ​នេះ​លែង​មាន​ន័យ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ជឿ​ទុកចិត្ត​ទៀត​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ