អានតួអត្ថបទ
កម្ពុជា

Human Rights Watch ជំរុញ​ឲ្យ​លោក អូបាម៉ា លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

អង្គការ​សិទ្ធិមនុស្ស Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​បាន​ជំរុញ​ឲ្យ​លោក អូបាម៉ា ក្នុង​ពេល​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន​នៅ​ថ្ងៃទី១៩ និង​ថ្ងៃទី២០ វិច្ឆិកា​ខាង​មុខ គឺ​លោក​ប្រធានាធិបតី​អាមេរិក​ដែល​ទើប​ជាប់​ឆ្នោត​ជាថ្មី​ត្រូវ​លើក​ឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួម​មាន​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​ដើម។

Human Rights Watch ជំរុញ​ឲ្យ​លោក អូបាម៉ា លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា
Human Rights Watch ជំរុញ​ឲ្យ​លោក អូបាម៉ា លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា Reuters
ផ្សាយពាណិជ្ជកម្ម

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស  Human Rights Watch បាន​លើក​ឡើង​នូវ​ករណី​សម្លាប់​ពលរដ្ឋ​កម្ពុជា​ជាង ៣០០នាក់​ពាក់ព័ន្ធ​នយោបាយ​នៅ​ក្នុង​រយៈពេល ២ ទស្សវត្សរ៍ ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​មាន​ចំណងជើង​ថា “ប្រាប់​ពួក​គេ​ថា ខ្ញុំ​ចង់​សម្លាប់​ពួក​គេ៖ ក្នុង​រយៈ​ពេល ២ទស្សវត្សរ៍​នៃ​ភាព​គ្មាន​ទោសពៃរ៍ ក្រោម​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន​នៅ​កម្ពុជា” អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​ភ្ជាប់​អំពើ​ឃាតកម្ម​ទាំង​នោះ ទៅ​នឹង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និង​ទាហាន​កម្ពុជា​ជា​ច្រើន​នាក់ ដោយ​ថា រាល់​អំពើ​ឃាតកម្ម គឺ​មិន​ត្រូវ​បាន​គេ​ស៊ើបអង្កេត​ឲ្យ​បាន​ពេញលេញ​ឡើយ។ ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​កាល​ពី​ឆ្នាំ១៩៩៧ ដែល​បាន​សម្លាប់​មនុស្ស ១៦នាក់ ក៏​ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​លើក​ឡើង ដោយ​ថា ករណី​នោះ បើ​យោង​តាម​អង្គការ​សហប្រជាជាតិ និង​ក្រុម FBI របស់​អាមេរិក គឺ​មាន​ជាប់​ទាក់ទង​នឹង​កងអង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

អង្គការ Human Rights Watch បាន​ទាមទារ​ឲ្យ​ប្រធានាធិបតី​ដែល​ទើប​ជាប់​ឆ្នោត​ជាថ្មី លោក​អូបាម៉ា​ដែល​នឹង​មក​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ានបូព៌ា​នៅ​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃទី១៩ វិច្ឆិកា ត្រូវ​តែ​លើក​ឡើង​ពី​ការ​កែទម្រង់ និង​បញ្ចប់​នូវ​វប្បធម៌​និរទណ្ឌភាព​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ពេល​លោក អូបាម៉ា​ជួប​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​បាន​ឡើង​កាន់​តំណែង​តាំង​ពី​ឆ្នាំ១៩៨៥។ផ្ទុយ​ទៅ​វិញ Human Rights Watch បាន​លើក​ឡើង​ថា បើ​សិន​ជា​លោក​អូបាម៉ា​មិន​បាន​លើក​ឡើង​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស បូករួម​ទាំង​ការ​ស្នើ​ឲ្យ​កម្ពុជា​លុប​បំបាត់​ការ​រួចទោស​នោះ​ទេ គឺ​ដំណើរ​ទស្សនកិច្ច​របស់​លោក អូបាម៉ា​មក​កាន់​កម្ពុជា ហាក់​ដូច​ជា​លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កាន់​តែ​បន្ត​នូវ​អំពើ​រំលោភបំពាន​ទាំង​នោះ។

ករណី​សម្លាប់​សកម្មជន ដោយសារ​រឿង​ដីធ្លី សកម្មជន​ព្រៃឈើ អ្នកកាសែត​ក៏​ត្រូវ​បាន​លើក​ឡើង​ផង។ ដូច្នេះ Human Rights Watch ថា លោក​អូបាម៉ា​គួរ​តែ​គូស​បញ្ជាក់​ឲ្យ​បាន​ច្បាស់ៗ​ថា អាមេរិក​ដឹង​នូវ​អ្វី​ដែល​កើត​មាន​នៅ​កម្ពុជា ហើយ​កម្ពុជា​គួរ​តែ​កែ​សម្រួល ដោយ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទាំង​នោះ។ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ជា​ច្រើន​នាក់​ក៏​បាន​ជំរុញ​ឲ្យ​លោក​អូបាម៉ា​លើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្រៅ​វេទិកាតុមូល​ជួប​នឹង​អ្នកកាសែត និយាយ​ពី​រឿង​អាស៊ាន​នៅ​ព្រឹកមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ច្រាន​ចោល​នូវ​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​អង្គការ Human Rights Watch ហើយ​ថា ការ​លើក​ឡើង​នោះ ពួក​គេ​គ្រាន់​តែ​ចង់​ឲ្យ​ឮ​សំឡេង នៅ​ពេល​មាន​កិច្ចប្រជុំធំៗ ដូច​ជា​កិច្ចប្រជុំ G8 និង​កិច្ចប្រជុំ G20 ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ