ថ្នាំប៉ារ៉ាសេតាម៉ុល ៖ សូមប្រយ័ត្ន កុំប្រើហួសកំរិត !
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៩
ឈឺក្បាល ឈឺខ្នង ឈឺពោះ ឈឺធ្មេញ ចុកដៃជើង ក្តៅខ្លួន គ្រុន រងាស្រៀវស្រាញ ចង់ផ្តាសាយ ។ល។ និង។ល។ នៅពេលមានអាការៈទាំងអស់នេះភ្លាម ជនគ្រប់រូបតែងនឹកឃើញភ្លាមដល់ថ្នាំ ប៉ារ៉ាសេតាម៉ុល គ្រប់ៗគ្នា។ ព្រោះនេះជាប្រសិទ្ធិភាពដំបូង ដែលក្រុមវេជ្ជសាស្ត្របង្កើតថ្នាំប៉ារ៉ាសេតាម៉ុល ឡើង។ ប៉ុន្តែគ្រប់ថ្នាំទាំងអស់សុទ្ធតែមានផលប៉ះពាល់បន្ទាប់បន្សំ ខ្លះច្រើន ខ្លះតិច ទៅតាមប្រភេទថ្នាំ និងទៅតាមបុគ្គលអ្នកទទួលទាន។ ដើម្បីបានជ្រាបកាន់តែច្បាស់អំពី ពពួកថ្នាំ Paracétamol និងគ្រោះថ្នាក់នៃការប្រើប្រាស់ហួសកំរិត សូមស្តាប់ អៀង សុខម៉ិញ និងបទអន្តរាគមន៍របស់ អ្នកស្រី ឱសថការី ឃុន វ៉ារី នៅក្រុង Torcy ជាយក្រុងប៉ារីស និងជាប្រធានកិត្តិយសសមាគមឱសថការិនី និងឱសថនិស្សិតខ្មែរនៅប្រទេសបារាំង។
ស្លាកសញ្ញាឱសថស្ថាន មានដាក់សញ្ញាលេខបូក ព័ទ្ធដោយសត្វពស់ មិនមែនជាជ្រើសរើសដោយចៃដន្យទេ។ ស្លាកសញ្ញានេះមានអត្ថន័យកប់ជ្រៅ យ៉ាងគ្រប់គ្រាន់សំរាប់ពន្យល់ជនទូទៅថា ឱសថជាអាវុធមុខពីរ អាចព្យាបាលរោគាបានផង ប៉ុន្តែក៏អាចសម្លាប់ជីវិតមនុស្សបានផង ដូចពិសពស់ដូច្នោះ។
យ៉ាងណាមិញ ថ្នាំប៉ារ៉ាសេតាម៉ុល ដែលជាឱសថសាមញ្ញ គ្រប់គ្នាស្គាល់ច្បាស់ និងអាចរកទិញបានយ៉ាងងាយ នៅតាមឱសថស្ថាន មិនថាតូចឬធំ ដោយគ្មានវេជ្ជបញ្ជាក៏បាននេះ មិនមែនគ្មានផ្តល់ផលវិបាក និងគ្រោះថ្នាក់ទេ។
ការទទួលទានថ្នាំពពួកប៉ារ៉ាសេតាម៉ុល លើសពីកំរិតកំណត់ អាចបង្កគ្រោះថ្នាក់ និងផលវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ថ្លើម។ មានការសិក្សាច្រើនណាស់ ដែលអាចបញ្ជាក់អំពីផលប៉ះពាល់នេះ។
- នៅសហរដ្ឋអាមេរិក ៖ របាយការណ៍វេជ្ជសាស្ត្រ កាលពីខែឧសភា ឆ្នាំ២០១១ បង្ហាញថា ជារៀងរាល់ឆ្នាំ មានប្រជាជនអាមេរិក ប្រមាណជាង ៧៨០០០ នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ព្រោះតែបានទទួលទានថ្នាំពពួកប៉ារ៉ាសេតាម៉ុល ច្រើនហួសកំរិតកំណត់។
- នៅចុងខែវិច្ឆិកានេះ ការសិក្សារយៈពេលបីឆ្នាំ របស់អង់គ្លេស ទើបបានបញ្ជាក់បន្ថែមឲ្យកាន់តែច្បាស់ទៀត អំពីការបំពុលថ្លើម ក្នុងករណីលេបថ្នាំពពួកប៉ារ៉ាសេតាម៉ុល ច្រើនជ្រុលហួសហេតុ។
- ចំណែកនៅប្រទេសបារាំងវិញ ក្រុមគ្រូពេទ្យឯកទេសខាងរោគថ្លើមនិងពោះវៀន បានរំលឹកថាពពួកថ្នាំប៉ារ៉ាសេតាម៉ុលនេះត្រូវបានបណ្តាជនបារាំងប្រើយ៉ាងពោរពាស។ អ្នកជំងឺដែលត្រូវបញ្ជូនមកពេទ្យ ដើម្បី ធ្វើការវះកាត់ប្តូរថ្លើម ជាងពាក់កណ្តាល គឺបណ្តាលមកពីការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល រហូតថ្លើមពុលលែងធ្វើការកើត។
កំណត់ចំណាំ ៖ ត្រូវគោរពកំរិតបញ្ជានៃការប្រើប្រាស់ តាមអាយុ ទម្ងន់ សម្រាប់ទារកនិងកុមារ ដោយត្រូវឃ្លាតគ្នាយ៉ាងតិច បួនម៉ោង។ ចំពោះមនុស្សចាស់ក៏ដូចគ្នា ប្រសិនបើអ្នកប្រើថ្នាំពពួកប៉ារ៉ាសេតាម៉ុល ម្តងម្កាល ពេលឈឺក្បាល ក្តៅខ្លួន មូួួយថ្ងៃបីគ្រាប់ តែពីរបីថ្ងៃឈប់ នោះលោកនឹងមិនទទួលរងផលវិបាកបង្កឡើងដោយថ្នាំឡើយ។ ប៉ុន្តែ ពាក្យថាប្រើច្រើនជ្រុល គឺ លេបរាប់ថ្ងៃ ក្នុងកំរិត ចាប់ពីបីគ្រាប់ក្នុងមួយថ្ងៃ ចំពោះថ្នាំលេខ១ពាន់ ឬ៦គ្រាប់ក្នុងមួយសម្រាប់ថ្នាំលេខ៥០០ ក្នុងរយៈពេលលើសពីពីរសប្តាហ៍ឡើងទៅ លោកអ្នកអាចប្រឈមនឹងគ្រោះថ្នាក់ ដែលជាផលប៉ះពាល់បន្ទាប់បន្សំរបស់ថ្នាំហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ