ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់
 
​​​​​​​វេទិកាសន្តិភាព Paris Peace Forum លើកទីពីរ បើកធ្វើនៅរដ្ឋធានី​ប៉ារីស ថ្ងៃទី​១២ វិច្ឆិកា Paris Peace Forum

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅរដ្ឋធានី​ប៉ារីស ដោយមានការចូលរួមពីសំណាក់តំណាងអង្គការ​សហប្រជាជាតិ  ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ជាង​៣០រូប ព្រមទាំង​អង្គការ​សង្គមស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ សាស្ត្រាចារ្យ​អ្នក​ជំនាញ សរុប​ជាង​៦ពាន់​នាក់​ចូលរួមវេទិកា​សន្តិភាព។ ប្រធាន​បទ​ជាច្រើន ទាក់ទង​នឹង​សន្តិសុខ-សុវត្ថិភាព​​ពិភពលោក នឹង​ត្រូវ​យកទៅ​ជជែក​ពិភាក្សា និងរក​ដំណោះស្រាយនៅក្នុង​ឱកាស​នេះ។

​វេទិកា​សន្តិភាព មានរយៈពេល​២ថ្ងៃ  ​ជជែក​ពិភាក្សា​អ្វីខ្លះ​?​

ជាដំបូង​គួរ​បញ្ជាក់ថាបើ​ទោះបី​វេទិកានេះ​រៀប​ចំ​នៅរដ្ឋធានី​ប៉ារីស និង​មាន​ប្រមុខ​រដ្ឋ​បារាំង​ ជាអធិបតី​ក៏ដោយ តែ​វេទិកា​នេះ គឺ​ជាការ​រៀបចំ​ផ្តួច​ផ្តើម​ដោយ​ពួក​ក្រុម​អង្គការ​ សង្គមស៊ីវិល និង​ អ្នក​ជំនាញ​កិច្ច​ការ​ស្វែង​រក​សន្តិភាព។ តាមគ្រោង​ គឺនឹងមានអ្នកចូលរួមជាង៦ពាន់នាក់ ក្នុងនោះ មានតំណាងអង្គការអន្តរជាតិ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល មកពីគ្រប់ទ្វីប ជាច្រើននាក់ចូលរួមផង ជាពិសេសវេទិកានេះ គឺមានការចូលរួមជជែកយ៉ាងទូលំទូលាយពីខាងអង្គការសង្គមស៊ីវិល អ្នករកស៊ីឯកជន ប្រធានក្រុមហ៊ុនសហគ្រាស និងអ្នកតំណាងប្រព័ន្ធ​ផ្សព្វផ្សាយជាច្រើន។

នៅថ្ងៃអង្គារ៍ ទី១២វិច្ឆិកា វេទិកាពិភាក្សា​ចាបផ្តើម​ដំបូង ដោយ​ជជែក​ដេញដោល​គ្នា រឿង​អភិបាល​កិច្ច​ពិភព​លោក​ដើម្បី​ឱ្យ​ស្មើភាពគ្នា ដោយ​ឈ្វេង​យល់​ជា​បឋម​ពី​ទ្វីបលោក ភាគ​ខាងត្បូង និង​មានការ​លើកឡើងពី​ឥទ្ធិពល​ចិន​ នៅ​អាស៊ី​និង​អាហ្វ្រិក​។​ នៅក្នុង​ការ​ជជែង​ឈ្វេង​យល់​ពី​បញ្ហា ការ​ប្រឈម​ និង​ការវិវឌ្ឍ​ឆ្ពោះ​ទៅរក​សន្តិភាព​របស់ប្រទេស​ខាងត្បូង​នេះ មាន​ថ្នាក់​ដឹកនាំ​ប្រទេស​កាំម៉ារ៉ូន ថ្នាក់ដឹកនាំប្រទេស​សម្ព័ន្ធ​អារ៉ាប អ្នក​​តំណាង​អង្គការ​ធ្វើការ​ខាង​សន្តិភាព និងខាង​ប្រទេស​និយាយ​ភាសា​បារាំង ព្រមទាំង មាន​ឧបនាយករដ្ឋមន្ត្រីកម្ពុជា ​លោក​ ហោ ណាំហុង អតីត​ប្រមុខ​ការទូត​ខ្មែរ ក៏​បាន​អញ្ជើញ​ចូលរួម​ជជែក​ពិភាក្សា​ដែរ។​​ ទំនង​មិនមែ​នជាការ​ចៃដន្យ​ឡើយ ដែលគេ​​ដាក់​តំណាង​ប្រទេស​កម្ពុជា មកពី​អាស៊ី និង​ប្រមុខ​រដ្ឋ​កាំម៉ារ៉ូន មកពីអាហ្វ្រិក​ នៅក្នុង​វេទិកាតុជជែកគ្នា​តែមួយ ហើយ​និយាយ​ពី​ឥទ្ធិពល​ដ៏​ខ្លាំង​សម្បើម​របស់​មហាយក្ស ចិន ​នៅ​ក្នុងទឹកដីនៃ​ប្រទេសពួក​​គេនោះ​។

បន្ទាប់មកទៀត​ គឺមាន​ការ​ជជែក​ពិភាក្សាស្តី​​ពី​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា ដែល​ជាក្តីបារម្ភ​ខ្លាំង​របស់​ពិភព​លោក។ សង្គ្រាម​ព័ត៌មាន​វិជ្ជា ដែល​ពិភពលោក​ជួប​ប្រទះ​រាល់​ថ្ងៃនេះ។ បញ្ហា​មនុស្ស​ធម៌ ក្តីបារម្ភ​ចំពោះ​អនាគត​របស់​យុវជន និង​ បញ្ហាបរិស្ថាន​ ​ជីវៈ​ចម្រុះ គឺ​ក៏​មិន​អាច​រំលង​បាន​ឡើយ។ ថែមពីនោះ មានការ​ពិភាក្សា​គ្នាពីបញ្ហា​ពហុវ​ប្បធម៌​និង​សិល្បៈ​ចម្រុះ ដែល​រឿងទំនៀម​ទម្លាប់​វប្បធម៌​ខុសគ្នា​នេះ  ក៏​ជា​ប្រភព​នៃ​ជម្លោះ​ច្រើនណាស់ដែរ! កាលណា​គេ​បា​នឈ្វេង​ពីសិល្បៈ​​វប្បធម៌​ពហុជាតិ​សាសន៍ គេ​នឹង​មាន​សេចក្តី​សន្តោសប្រោស​ប្រណី​យោគយល់គ្នា ហើយ​អាច​រស់​នៅ​ក្នុង​ភាព​ចម្រុះ​ផ្សេងៗ​គ្នា​​។ ហេតុ​ដូច្នេះ ហើយ​ទើប​វេទិកា​សន្តិភាព​ យក​រឿងនេះ មកដាក់​ក្នុងការពិភាក្សាគ្នា​​។

«​ប្រឆាំង​នឹង​សកលនិយម» ឬ​«ការ​គិត​តែ​ប្រយោជន៍​ប្រទេស​ផ្ទាល់​ខ្លួន»​ ជាប្រធាន​បទ​ក្តៅដែល​គេ​ទន្ទឹម​រង់ចាំ

ជាប្រធាន​បទ​ពេញ​និយម ដែល​គេ​ច្រើ​នតែ​ជជែក​ដេញ​ដោលគ្នា។ នៅ​ចំពោះ​មុខ​ទ្វីប​លោក​ពហុ​ប៉ូល​ នាពេល​បច្ចុប្បន្ន​នេះ គេ​ផុស​ផុល​ជជែកគ្នា​រក​ច្រកផ្លូវ​យ៉ាងណា​ដើម្បី​អាច​រស់​នៅ​ជុំគ្នា។ ការ​ប្រកាន់​គំនិត​ប្រឆាំង​នឹង​សកលនិយម ឬការ​គិត​គូរ​តែប្រយោជន៍​សួនតួ​របស់​ប្រទេស​ខ្លួន​ គឺជាគ្រោះថ្នាក់​​មួយ។

គំនិត​គិត​គូរ​ពីប្រទេស​ផ្ទាល់ខ្លួនមុន​គេ​ Mon pays d’abord ! ជា​ទស្សនអភិរក្ស​អាត្មានិយម! ដែល​គេ​បាន​សង្កេតឃើញថា បាននាំអាទិ៍​គេ​ដោយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​លោក​លើកឡើង​ពី​គោលការណ៍ America First ការ​គិត​គូរ​ប្រយោជន៍​អាមេរិក​អាទិភាព។

ជាការ​កត់សម្គាល់​ វេទិកា​សន្តិភាព​ នៅប៉ារីសនេះ គឺគ្មាន​វត្តមាន​ថ្នាក់ដឹកនាំកំពូល​របស់​​រដ្ឋ​សហរដ្ឋអាមេរិក​ ចូលរួម​ទេ ប៉ុន្តែ រុស្ស៊ី និង​ចិន បា​នបញ្ជូន​ថ្នាក់​ដឹកនាំជាន់​ខ្ពស់ ថ្នាក់​រដ្ឋមន្ត្រីការបរទេស និង​អនុប្រធានាធិបតី​ មក​ចូលរួម។

ក្នុង​ប្រធានបទ​រសើប​មួយ​នេះ គេ​នឹង​ជជែកគ្នា​ ថាតើ​ការ​ប្រកាន់​គំនិត​សួន​តួ​ គ្រោះ​ថ្នាក់​យ៉ាង​ដល់​ពិភពលោក? មាន​ការ​ប្រឈមយ៉ាង​​ដូ​ចម្តេច? ហើយ​ដើម្បី​ការពារ​ទស្សន​ពហុ​និយម សកលនិយម ព្រមទាំង​រក្សា​បាន​នូវការ​រស់​នៅ​ជួបជុំ​ចម្រុះ​សម្រុង​ជាមួយ​ជនជាតិភាគតិច ឬក្រុម​មនុស្ស​ឬប្រទេស​ដែល​គ្មាន​សំឡេងធំ គ្មាន​ទឹកមាត់​ប្រៃ តើ​គេ​ត្រូវធ្វើ​យ៉ាងណា? សំណួរ​ទាំងអស់​​នេះ អាច​នឹង​ត្រូវចោទ​ឡើង​នៅ​ក្នុង​វេទិកា​ពិភាក្សា​ក្នុងថ្ងៃពុធ​ទី​១៣វិច្ឆិកា។

១០គម្រោង​ដើម្បីសន្តិភាព​

មាន​១០គម្រោង​នឹង​ត្រូវ​ឈ្នះ ​ក្នុងការ​ប្រកួត​ប្រជែង តែ​លទ្ធផលជ្រើសរើស​សម្រេច​ ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ស្អែក​។ ក្នុង​ចំណោម​គម្រោងឆ្នើម​​ទាំង១០​នេះ គឺ​ផ្តោតជា​សំខាន់​ទៅលើប្រធាន​បទ​ ចំនួន​៦ ជាពិសេស ផ្នែក​សន្តិភាព​និងសន្តិសុខ, ​ការ​ពារ​បរិស្ថាន, អភិវឌ្ឍ​សហគមន៍, បច្ចេកវិជ្ជា​ថ្មី​ដើម្បី​សន្តិភាព, ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​បម្រើ​ផល​ប្រយោជន៍​ដល់​គ្រប់​ភាគី, ពហុ​វប្បធម៌និងការ​សិក្សាអប់រំ​ដើម្បី​សន្តិភាព​។

​វេទិកាសន្តិភាព​លើកទី​២ ក្នុង​ឆ្នាំ​២០១៩ មាន​គម្រោង​ចំនួន​១២០ រៀបចំ​ដោយ​​បេក្ខជន​ចំនួន​៧០០នាក់​ ដែល​មកពី​ប្រទេស​ចំនួន​១១៥ប្រទេស គ្រប់​ជ្រុង​ជ្រោយនៃពិភពលោក​​ ដាក់​មក​ចូលរួម​ប្រកួត​ប្រជែង។ ​គម្រោង​របស់​ពួក​គេ​អស់​ទាំងនោះ មាន​ផ្សាយនៅក្នុង​គេហទំព័រ Paris​ Peace Forum ។

គម្រោង​ដើម្បី​សន្តិភាព​១០ដែល​ឈ្នះ​រង្វាន់​ ដែល​សន្មត​ថា​ជា​គម្រោង​ល្អ​ដាច់​គេ​ គឺ​នឹង​ត្រូវ​ទទួល​ការ​ឧបត្ថម្ភ​ផ្នែក​​ថវិកានិង​បច្ចេកទេស​​សម្រាប់ដំណើរការសកម្មភាព​ ​​និង​អភិវឌ្ឍ​គម្រោង​​​​៕​

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ