អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្រ្គោះ​ជាតិ​មិន​ទាន់​សម្រេច​ចិត្ត​ចុះ​បញ្ជី​នៅ គ.ជ.ប.

គណបក្ស​សង្រ្គោះជាតិ​មិនទាន់សម្រេចចិត្ត​ចុះ​បញ្ជី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) ក្នុង​ខណៈពេល​ ដែល​​គណបក្ស​​ប្រជាជន​កម្ពុជា​​បាន​​ចុះ​បញ្ជី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​​រួចហើយ។ លោក កឹម សុខា អនុប្រធាន​​គណបក្ស​សង្រ្គោះជាតិ​​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោក​ចង់ឃើញ​ គ.ជ.ប. កែទម្រង់ មុន​ពេល​គណបក្ស​សង្រ្គោះ​ជាតិ​សម្រេច​ចុះ​បញ្ជី។

លោក​កឹម សុខា និង​លោក​សម រង្ស៊ី ពេល​ជួបគ្នា​នៅ​ម៉ានីល ប្រទេស​ហ្វ៊ីលីពីន
លោក​កឹម សុខា និង​លោក​សម រង្ស៊ី ពេល​ជួបគ្នា​នៅ​ម៉ានីល ប្រទេស​ហ្វ៊ីលីពីន samrainsyparty.org
ផ្សាយពាណិជ្ជកម្ម

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​មាន​ប្រសាសន៍​នៅថ្ងៃ​សៅរ៍​នេះ​ថា គណបក្ស​របស់​លោក​មិន​ទាន់​បាន​គិត​ពី​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឡើយ​ទេ។

មូលហេតុ​នៃ​ការ​ពន្យាពេល​នៃ​ការ​ចុះបញ្ជី​គណបក្ស​នៅ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​គឺ​ដោយសារ គណបក្ស​សង្រ្គោះជាតិ​ចង់​ទាមទារ​អោយ​ស្ថាប័ន​មួយ​នេះ​ធ្វើ​​ការ​កែ​ទម្រង់​ជា​មុន​សិន មុន​ពេល​ដែល​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​សម្រេច​ចិត្ត​ចុះ​បញ្ជី​ជា​ផ្លូវការ។ លោក កឹម សុខា បាន​បញ្ជាក់​ថា៖«យើង​ចូល​រួម​ការបោះ​ឆ្នោត​ដោយ​ទើសទាល់​ពីព្រោះ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​មិន​បាន​ត្រឹមត្រូវ​ទេ»។

កាល​ពី​ពេល​កន្លងមក គណបក្ស​សង្រ្គោះជាតិ​ដែល​កើត​ចេញ​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បាន​ចោទ​ប្រកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថា ធ្វើ​ការ​មិន​ឯករាជ្យ មិន​មាន​តម្លាភាព និង​បាន​ធ្វើ​អោយ​បាត់​ចំនួន​អ្នក​បោះឆ្នោត​ជាង​១​លាន​នាក់។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទាត់​ចោល​​ទាំង​ស្រុង។

បើយោង​តាម​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតគិត​ត្រឹម​ថ្ងៃទី​២ខែ​ឧសភាឆ្នាំ​២០១៣​កន្លង​មកនេះ មាន​គណបក្សនយោបាយ​ចំនួន៥ បាន​ដាក់​ពាក្យ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​។គណបក្ស​ទាំង៥នោះរួមមាន​៖ ទី​១ គណបក្ស​ប្រជាជន​កម្ពុជា។ ទី​២ ​គណបក្ស​សញ្ជាតិ​កម្ពុជា។ ទី​៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ទី​៤ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​ទី​៥ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។​

សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា ត្រូវ​បន្ត​ឈរ​លេខ​រៀង​ទី​១ នៅ​ខេត្ត​កណ្តាល​។ លោក ជា ស៊ីម  ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ឈរ​ឈ្មោះ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ភ្នំពេញ និង​ លោក ហេង សំរិន ប្រធាន​កត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ឈរ​ឈ្មោះ​​លេខ​រៀង​ទី​១ នៅ​ខេត្ត​កំពង់ចាម​។

សម្រាប់​គណបក្ស​សង្រ្គោះជាតិ​ឯណេះ​វិញ ​បើទោះ​បី​ជា​ការ​ចុះ​បញ្ជី​មិនទាន់​បាន​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​ក៏​ដោយក្តី ក៏​គណបក្ស​បាន​អោយ​ដឹង​ថា លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​ឈរ​ឈ្មោះ​លេខ​ទីមួយ​នៅ​ខេត្ត​កំពង់ចាម។ លោក ស្រី ជូឡុង ស៊ូមួរ៉ា ភរិយា​លោក សមរង្ស៊ី​ ត្រូវ​ឈរ​ឈ្មោះ​លេខ​រៀង​ទី១​នៅ​មណ្ឌលក្រុង​ភ្នំពេញ។ លោក ស្រី មួរ សុខហួរ ត្រូវ​ឈរ​ឈ្មោះ​លេខ​រៀង​ទី​មួយ​ទៅ​ក្នុង​ខេត្ត​បាត់​ដំបង។

រីឯ ព្រះ​អង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ដែល​ទើប​ចូលរួម​ជា​មួយ​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​ឈរ​ឈ្មោះ​លេខ​រៀង​ទី​១​នៅ​ខេត្ត​ព្រះសីហនុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ