ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT

រុស្ស៊ីស្តារឥទ្ធិពលនៅទ្វីបអាហ្វ្រិកតាមរយៈ​វិស័យ​អប់រំ

រុស្ស៊ីស្តារឥទ្ធិពលនៅទ្វីបអាហ្វ្រិកតាមរយៈ​វិស័យ​អប់រំ
 
សាកលវិទ្យាល័យប្រជាមិត្តភាព សាកលវិទ្យាល័យ Patrice Lumumba Université Patrice Lumumba

ក្រោយពីញែកខ្លួនចេញអស់រាប់ទសវត្សរ៍ ឥឡូវម៉ូស្គូបង្ហាញឡើងវិញ មហិច្ឆតា លុកចូលជាថ្មីទៅក្នុងទ្វីបអាហ្វ្រិក។ ដើរតួគន្លឹះក្នុងការខំប្រឹងប្រែងនេះរបស់រុស្ស៊ី គឺសាកលវិទ្យាល័យក្រុងម៉ូស្គូនៃមិត្តភាពរវាងប្រជាជន ដែលក្រុមនិស្សិតខ្មែរយើងជំនាន់ទី១ ក្នុងគ្រឹះស្ថានឧត្តមសិក្សានេះ ក្នុងរង្វង់ឆ្នាំទី ៦០ នៃសតវត្សរ៍មុន តែងហៅដោយខ្លីថាជា សាកលវិទ្យាល័យប្រជាមិត្តភាព។ សាកលវិទ្យាល័យនេះ ចង់វិលត្រឡប់ ទៅកាន់អានុភាពខ្លួនសម័យសូវៀត ខាងបណ្តុះបណ្តាល ក្របខ័ណ្ឌនៃវរជនស្រករថ្មី សម្រាប់ទ្វីបអាហ្វ្រិក។

សាកលវិទ្យាល័យនេះ ដែលបានប្រសូតមកថ្ងៃ ៥ កុម្ភៈឆ្នាំ ១៩៦០ ត្រូវបានអំណាចសូវៀត ប្រសិទ្ធិ នាម ថាជា សាកលវិទ្យាល័យ Patrice Lumumba ឧទ្ទិសដល់ វិរជនជាតិកុងហ្គោ ដែលចេះដណ្តើមបាន ឯករាជ្យពី អាណានិគមបែលហ្ស៊ិក សម្រាប់ប្រទេសខ្លួន ប៉ុន្តែ ក្នុងឆ្នាំ ១៩៦១ រូបគាត់ត្រូវបានគេលួចធ្វើ ឃាតយ៉ាងអាណោចអាធ័ម្ម ហើយតាំងពីទសវត្សទី ៦០ មក សាលាឧត្តមសិក្សានេះ បានបំពេញមុខងារជា គ្រឹះមូលដ្ឋាន នៃនយោបាយឥទ្ធីពល របស់ សហភាពសូវៀត។

សាកលវិទ្យាល័យនេះ ជំនាន់សង្គ្រាមត្រជាក់ ចេះបណ្តុះបណ្តាលបាន ឥស្សរជនជាច្រើនរូប ជាតិអាហ្វ្រិក អារ៉ាប អាមេរិកខាងត្បូង និង អាស៊ី ដែលមាននីតិសម្បទា ខាងអនុម័តសេចក្តីសម្រេច ព្រមទាំង ជាតិរុស្ស៊ី ផងដែរ។ នេះជានយោបាយមានទម្ងន់ហំហួន ក្នុងកាលសម័យដែល ជាតិគេទាំងនោះ រំដោះបានរួចពី នឹមអាណានិគម។

ក្រោយពី សហភាពសូវៀតបែកខ្ញែករលំរលាយទៅក្នុងឆ្នាំ ១៩៩១ និងក្នុងផ្ទៃនៃវិបត្តិសេដ្ឋកិច្ច នៅក្រោម អំណាចបង្ហិនបង្ហោច ទីកន្លែងអប់រំដ៏ខ្ពស់នេះ ស្រាប់តែធ្លាក់ខ្លួន ក្នុងស្ថានភាពដែលគេលែងត្រូវការ ប្រែក្លាយ ជាផ្ទាំងស៊ីបដ៏ធំនៃ ការវាយប្រហារពីខាងពួកប្រកាន់ពូជសាសន៍ រហូតដល់បង្កឡើងជាអគ្គីភ័យ ក្នុងឆ្នាំ ២០០៣ បណ្តាលឲ្យស្លាប់អស់និស្សិត ៤៣ នាក់ ឯណោះ - អគ្គីភ័យដែលមូលហេតុវា នៅតែមិន ច្បាស់លាស់ មកទល់ឥឡូវ ។ សាកលវិទ្យាល័យនេះសោត ចាប់ពីឆ្នាំ ១៩៩២ មក មានឈ្មោះដាច់ស្រេច ជាស្ថាពរថា សាកលវិទ្យាល័យប្រជាមិត្តភាព ហៅកាត់ថា RUDN។

តាមសំដី លោក មហាវិទ្យាធិការ Vladimir Filippov សាកលវិទ្យាល័យនេះ បានបិទផ្កាប់ទៅហើយ ទំព័រ ខ្មៅងងិតរបស់ខ្លួន ហើយដើរតួឡើងវិញ ជា “ កម្លាំងស្រទន់ “ soft power ក្នុងនយោបាយរុស្ស៊ី។ ហើយ នេះ នៅចំពេលដែលរុស្ស៊ី ខិតខំវិលត្រឡប់ទៅទ្វីបអាហ្វ្រិកវិញ ។ ជាសក្ខីកម្ម គឺ ជំនួបកំពូលរុស្ស៊ី-អាហ្វ្រិក លើកទី ១ ចាត់ចែងដោយលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ឲ្យប្រព្រឹត្តទៅ ថ្ងៃ ២៣ និង ២៤ តុលា នៅក្រុងរុស្ស៊ី Sotchi ជាទីដែលគាត់បានទទួលជួប ជាមួយ ប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាល ៤០ ប្រទេស ពីក្នុងចំណោម ប្រទេសសុបទៅចំនួន ៥៤ នៃទ្វីបអាហ្វ្រិក។

លោក មហាវិទ្យាធិការ Vladimir Filippov ជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំ បានពោលអាងដោយ រីករាយថា ៖ ភារកិច្ចសាលាយើង និង ភារកិច្ចប្រទេសរុស្ស៊ីជាទូទៅ គឺប្រោះឲ្យរស់ឡើងវិញ ប្រព័ន្ធដែល យើងធ្លាប់មាន ជំនាន់សហភាពសូវៀត។

សម័យសង្គ្រាមត្រជាក់ ភារកិច្ចដែលម៉ូស្គូចោទ គឺ ចុចទុកចំណុចនៃសង្គ្រាមមនោគមវិជ្ជា ជាមួយបស្ចិម លោក ដើម្បីដាក់មនុស្សដែលខ្លួនទុកចិត្ត ឲ្យស្ថិតនៅក្នុងចំណោមវរជននយោបាយ កាន់អំណាចក្នុង ប្រទេសនេះឫនោះ។ យ៉ាងណាមិញ បច្ចុប្បន្ន មានមន្ត្រី ព្រមទាំងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន ទ្វីបអាហ្វ្រិក សុទ្ធតែបានទទួលសញ្ញាប័ត្រ សាកលវិទ្យាល័យរុស្ស៊ី ឫ សូវៀត។

មានមនុស្សជាច្រើន ដែលនិយាយភសារុស្ស៊ី ក្នុងប្រទេស Tchad - ការនេះបង្ហើបឲ្យដឹងដោយនិស្សិត Tchad ឈ្មោះ Ousmane Setibaye Sou អាយុ ២៥ ឆ្នាំ ពីព្រោះតាំងពីទសវត្សទី ៧០ ម៉្លេះ រៀងរាល់តែឆ្នាំ តែងមាននិស្សិត Tchad រាប់សិបនាក់ ធ្វើការសិក្សានៅ រុស្ស៊ី។ និស្សិតនេះ បន្ថែមថា ៖ សូម្បីតែ អតីត នាយករដ្ឋមន្ត្រី Tchad លោក Yusuf Saleh Abbas ក៏បានសិក្សានៅ សាកលវិទ្យាល័យ RUDN ដែរ។

រុស្ស៊ី ប្រជែងជាមួយ ចិន

ចក្រភពសូវៀត តែងបានបញ្ជូន ទឺប្រឹក្សារាប់ម៉ឺននាក់ ទៅបន្សល់ទុកស្នាមដានខ្លួន នៅតាមប្រទេសអាហ្វ្រិក ដែលបានឯករាជ្យថ្មីថ្មោង ដោយផ្គត់ផ្គង់ដល់គេនូវ សព្វាវុធ និង សម្ភារៈយោធា។

ប៉ុន្មានឆ្នាំចុងក្រោយ តាមរយៈសហប្រតិបត្តិការយោធា តាមរយៈការផ្តល់ទៅនូវ អាវុធ និង ការបោះទុន បន្តិចចន្តួច រុស្ស៊ី បង្ហាញពីការវិលត្រឡប់ ទៅកាន់ទ្វីបអាហ្វ្រិកវិញ។

ប៉ុន្តែមិនគ្រាន់តែជាមួយបស្ចិមលោកទេ ដែលម៉ូស្គូត្រូវប្រជែង។ ម៉ូស្គូ ក្រោយពីយឺតពេលយ៉ាងបង្គួរ ត្រូវ ចល័ត ឲ្យទាន់ប្រទេសចិន ដែលសព្វថ្ងៃដណ្តើមបានទីតាំងដ៏សំខាន់នៅទ្វីបអាហ្វ្រិក តាមរយៈការផ្តល់ប្រាក់ កម្ចីយ៉ាងច្រើនសំបើម ដល់បណ្តាប្រទេសទ្វីបនោះ ទាល់តែជម្រុញគេ ឲ្យជំពាក់បំណុលខ្លួន វន្ត ក។

ក្នុងអគារទំនើបពណ៏ប្រផែះ នៃសាលា RUDN ជាទីដែលមាននិស្សិតរុស្ស៊ី លាយឡំជាមួយនិស្សិតបរទេស ក្រោមសូរតន្ត្រីប្រពៃណីជាតិ Guinée យុវជន Zambie អាយុ ២៣ ឆ្នាំ ឈ្មោះ Chimuka Singuwa ពន្យល់ តើហេតុដូចម្តេច បានជាគាត់បានរារែក រវាងការសិក្សានៅរុស្ស៊ី និង នៅប្រទេសចិន។ ហើយការដែលនៅទីបំផុត គាត់បានជ្រើសយកក្រុងម៉ូស្គូ ពីព្រោះជីតាគាត់ធ្លាប់បានរៀននៅរុស្ស៊ី ក្នុងទសវត្សទី៧០។ គាត់ មិនស្តាយក្រោយឡើយ នឹងជម្រើសនេះ ដ្បិតគាត់ជឿជាក់ថា ក្រុងប៉េកាំង ដក់ជាប់ដោយ ចេតនាលោភលន់ ចំពោះ ទឹកដីកំណើតគាត់។ និស្សិតនេះ ដែលរៀនខាងទំនាក់ទំនងអន្តរជាតិ សំដែងការព្រួយបារម្ភ ចំពោះ បំណុលដែលប្រទេសខ្លួនជំពាក់ រដ្ឋាភិបាលចិន ។

និយាយអំពី កេរ្ត៏ឈ្មោះរុស្ស៊ី ល្បីខាងប្រកាន់ពូជសាសន៍ចំពោះ ជនស្បែកខ្មៅ និស្សិត Zambie នោះ អះអាង ថា ដោយសិក្សានៅម៉ូស្គូ គាត់ស្ថិតក្នុងបរិយាកាសសន្តិសុខពេញទី សូម្បី បើនៅតាមខេត្តនានា ដែលចំណុះ សហព័ន្ធរុស្ស៊ី ទោះបី ពុំសូវសម្បូណ៏ជនបរទេស និងថែមទាំងមានការលំបាក ក៏ដោយ។

ដោយប្រាកដក្នុងចិត្តអំពី សុវត្ថិភាពនេះ និស្សិត Zambie រូបនេះ ថែមទាំងបានក្លាយជា យុវជនស្ម័គ្រចិត្ត នា ជំនួបកំពូល រុស្ស៊ី-អាហ្វ្រិក នៅក្រុង Sotchi- ជំនួបដែលជា “ឱកាសដ៏ធំត្រូវនឹងកាលទេសៈ”។

លោក មហាវិទ្យាធិការ Vladimir Filippov យល់ព្រមដោយរីករាយថា ការបណ្តុះបណ្តាល និស្សិតអាហ្វ្រិក ប្រមាណ ១.២០០ នាក់ ដោយសាលា RUDN គឺដើម្បី បង្កើនឥទ្ធិពលរុស្ស៊ី នៅទ្វីបអាហ្វ្រិក។ ច្បាស់ណាស់ នេះ ជា បញ្ហាផលប្រយោជន៍ភូមិសាស្ត្រ-នយោបាយ និង សេដ្ឋកិច្ច - លោក មហាវិទ្យាធិការ RUDN បាន ថ្លែង ប្រកបដោយមោទនភាពចំពោះ កិច្ចព្រមព្រៀងអន្តរសាកលវិទ្យាល័យចំនួន ៤៩ ច្បាប់ ដែលមានចុះ។

ប៉ុន្តែ សាកលវិទ្យាល័យប្រជាមិត្តភាព ក៏ចង់បញ្ចុះបញ្ចូល ពួកនិស្សិតរុស្ស៊ី ឲ្យបានកាន់តែច្រើន ដើម្បីឲ្យគេ ចេញទៅធ្វើការនៅក្រៅប្រទេស ដោយក្នុងគោលដៅនេះ ចាត់ចែងឡើងជា ពិព័រណ៍ទី១ខាងផ្តល់ការងារ ក្រោមឈ្មោះថា” ខ្ញុំចង់ធ្វើការនៅទ្វីបអាហ្វ្រិក “៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ