អានតួអត្ថបទ
ហ្វីលីពីន-អាមេរិក-ចិន

យន្តហោះ​ស៊ើបការ​អាមេរិកាំង​ផ្តល់​ព័ត៌មាន​អោយ​ហ្វីលីពីន​ពី​សកម្មភាព​យោធា​ចិន​

ក្រសួងការបរទេសហ្វីលីពីន​បានប្រកាស​ នៅថ្ងៃពុធនេះ​ថា យន្តហោះ​ស៊ើបការ​អាមេរិកាំង​នានា​ បាន​ផ្តល់​ព័ត៌មាន​អោយ​ហ្វីលីពីន ពី​សកម្មភាពយោធា​ចិន​នៅជុំវិញ​តំបន់​ជម្លោះ​បូរណភាព​ដែនដី​រវាង​ចិន​និង​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង។ ទន្ទឹមនេះ​ដែរ​ អាមេរិក​នឹងបង្កើន​ជំនួយ​យោធា​ពីរភាគបី​បន្ថែម​ទៀត​ ទៅអោយ​ហ្វីលីពីន អនុញ្ញាត​អោយ​ប្រទេសអាស៊ី​មួយនេះ​ពង្រឹង​ការ​ការពារ​ព្រំដែនទឹក​របស់​ខ្លួន​ថែមទៀត​។ ប្រឈមនឹងការដណ្តើមបូរណភាពពីក្រុងប៉េកាំង។ 

សមុទ្រចិន​ខាងត្បូងដែលប្រទេសចិនចាត់ទុកជាដែនទឹករបស់ខ្លួន។
សមុទ្រចិន​ខាងត្បូងដែលប្រទេសចិនចាត់ទុកជាដែនទឹករបស់ខ្លួន។ REUTERS/Kham/
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​​ក្រសួងការ​បរទេស​ហ្វីលីពីន​ លោក Albert del Rosario បាន​ប្រាប់​អោយ​ដឹង​ នៅ​ថ្ងៃ​ពុធ​នេះថា​ តាំងតែ​ពី​ឆ្នាំ​២០១០​មក យន្តហោះអាមេរិក​ប្រភេទP-៣ នៃ​ទ័ព​ជើងទឹក​អាមេរិក បាន​ហោះហើរ​​ជា​ញឹកញយ​ នៅ​​​ដែនទឹក​និង​កោះ​នានា ដែល​ហ្វីលីពីន​ចាត់ទុក​ថាស្ថិត​នៅ​ក្នុង​ព្រំប្រទល់​ប្រទេស​ខ្លួន ដើម្បីស៊ើបការ​ប្រាប់​ហ្វីលីពីន ពី​សកម្មភាព​យោធា​ចិន នៅ​តំបន់​នេះ។ យោងតាម​លោក រ៉ូសារីយ៉ូ ប្រទេស​ចិន​បាន​ដាក់ពង្រាយ​នាវា​ខ្លួន​នៅ​ជុំវិញ​តំបន់​នេះ។ តាម​រយៈ​ការ​សហការ​យោធា​ជាមួយ​អាមេរិក ហ្វីលីពីន​ចង់​ការពារ​ដែន​ទឹក​របស់​ខ្លួន​ ក្នុង​ករណី​មាន​ការ​​លុកលុយពី​ចិន។

គួរ​រំលឹក​ថា ចិន​បាន​ទាមទារ​​យក​ផ្ទៃ​សមុទ្រ​ចិន​​ស្ទើ​តែ​ទាំងអស់​ ថា​ជា​​កម្មសិទ្ធិ​​របស់​​ខ្លួន។ តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​នេះ ជា​តំបន់​ពាណិជ្ជកម្ម​ផ្លូវទឹកអន្តរជាតិ​សំខាន់ សំបូរ​ដោយ​ធនធានប្រេង​និង​ឧស្ម័ន។ ​ក្រៅ​ពី​ហ្វីលីពីន ចិន​ក៏​​ទាស់ទែង​ជាមួយ​​​​វៀតណាម តៃវ៉ាន់ ម៉ាឡេស៊ី និង​ព្រុយណេ ផងដែរ ក្នុង​ការ​ដណ្តើម​បូរណភាព​ដែន​ទឹក​នេះ។ អាមេរិក​និង​ហ្វីលីពីន​ធ្លាប់​​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​​ជួយ​ផ្នែក​យោធា​គ្នា​ទៅវិញទៅមក។ ក្រុង​វ៉ាស៊ីនតោន​​ចង់ការពារ​សន្តិសុខ​ក្នុង​​តំបន់ ប៉ុន្តែ​បញ្ជាក់ថា​ ខ្លួន​មិន​កាន់ជើង​ខាង​ភាគី​ជម្លោះ​ណាមួយ​នោះទេ។

ទន្ទឹម​នេះដែរ យោងតាម​ក្រសួងការបរទេស​ហ្វីលីពីន អាមេរិក​នឹង​បង្កើន​ជំនួយ​យោធា​ដល់​ហ្វីលីពីន​ពីរភាគបី​បន្ថែមទៀត។ ដូច្នេះ​ ជំនួយ​យោធា​ដែល​មាន​ជា​ទឹកប្រាក់​៣០​លាន​​លាន​ដុល្លារ​ នឹង​កើន​ឡើង​ដល់​៥០​លាន​ដុល្លារ នា​​ពេល​ខាងមុខ។ ទឹកប្រាក់​នេះ​មាន​ទំហំ​ខ្ពស់​បំផុត​ គិត​ចាប់​តាំងពី​ទាហាន​អាមេរិក​​ត្រលប់​មក​កាន់​ហ្វីលីពីន​វិញ ក្នុង​ឆ្នាំ​២០០០ មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ