អានតួអត្ថបទ
កម្ពុជា

ចំណុច​ខ្លាំង-ខ្សោយ​របស់​បក្ស​នយោបាយ​និង​អ្នក​បោះឆ្នោត​

មុនការ​បោះឆ្នោត​ជាតិ​ជាង​២ខែ អ្នកស្រាវជ្រាវ​សង្គម​នយោបាយ​នៅក្នុង​ប្រទេស​​កម្ពុជា​ធ្វើ​អត្ថាធិប្បាយ​​​ ទៅលើ​ចំណុច​ខ្លាំង​ និង​​ចំណុចខ្សោយ​របស់​គណបក្ស​នយោបាយ និង​អ្នកបោះឆ្នោត។ អ្នកបោះឆ្នោត​ខ្មែរ​មួយ​ចំនួន​ ត្រូវ​បាន​គេមើលឃើញថា សម្រេចចិត្ត​បោះឆ្នោត​ដោយ​ខ្វះការពិចារណា​ច្បាស់លាស់។

ការបោះឆ្នោត​ជ្រើសរើសសមាជិកព្រឹទ្ធសភា​នីតិកាលទី៣ កន្លងទៅ
ការបោះឆ្នោត​ជ្រើសរើសសមាជិកព្រឹទ្ធសភា​នីតិកាលទី៣ កន្លងទៅ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម​នយោបាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​អត្ថាធិប្បាយ ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ទាំង​អ្នកបោះឆ្នោត​ ទាំង​គណបក្ស​ប្រឆាំង ទាំង​គណបក្ស​កាន់​អំណាច​​ មាន​​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​រៀង​ៗ​ខ្លួន ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។

លោក កែម ឡី បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​សារ​នយោបាយ​​ និង​ចំណុចខ្លាំង​មួយ​ចំនួន​ ក្នុងនោះ​មាន៖ ការ​បែង​ចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ការ​កែ​ទម្រង់​នយោបាយឡូតិ៍​នេសាទ គោល​នយោបាយ​មិន​យក​ពន្ធ​លើ​ដី​កសិកម្ម នយោបាយ​នាំចេញ​អង្ករ​​១​លាន​តោន​​នៅ​ឆ្នាំ​២០១៥ គោល​នយោបាយ​គាំពារ​ជន​ក្រីក្រ​ គោល​នយោបាយ​ពង្រីក​សេវាមីក្រូ​ហិរញ្ញវត្ថុ។ល។

បើ​ទោះ​បី​ជា​គណបក្ស​កាន់​អំណាច​បាន​បង្ហាញ​គោល​នយោបាយ​យ៉ាង​នេះ​ក៏​ដោយ​ក្តី ក៏​លោក កែម ឡី បាន​កត់​សម្គាល់​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​គោល​នយោបាយ​ល្អ​មែន ប៉ុន្តែ​យន្តការ​នៃ​ការ​អនុវត្ត​ន៍​គោល​នយោបាយ​ទាំង​នោះ​នៅ​មាន​បញ្ហា​នៅ​ឡើយ។ ហើយ​នេះ​គឺ​ជា​ចំណុច​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច។

ងាកមក​និយាយ​ពី​គណបក្ស​ប្រឆាំង​សង្រ្គោះ​ជាតិ​ឯណេះ​វិញ លោក កែម ឡី បាន​បញ្ជាក់​ថា គណបក្ស​នេះ​បាន​បង្ហាញ​សារ​នយោយ​គួរ​អោយ​ចាប់​អារម្មណ៍​ទាក់ទង​ទៅ​នឹង​បញ្ហា​សង្គមកិច្ច​មួយ​ចំនួន​ ក្នុង​នោះ​មាន​ ៖ ការ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ មន្ត្រី​រាជការ​ ការ​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​មិន​គិត​ប្រាក់ ការ​កំណត់​តម្លៃ​សេវាកម្ម​សាធារណៈ​ទាប​ជា​ដើម។ ប៉ុន្តែ ​បើទោះ​បី​ជា​យ៉ាង​នេះ​ក្តី ក៏​លោក កែម ឡី បាន​បន្ត​ទៀត​ថា គណបក្ស​ប្រឆាំង​នៅ​មាន​ចំណុច​កង្វះខាត​មួយ​ចំនួន​ ដូចជា​កង្វះខាត​ធនធាន​មនុស្ស​ និង​កង្វះខាត​យុទ្ធសាស្រ្ត​ថ្មី​ៗ​ទាក់ទង​ទៅ​នឹង​ការ​ស្វែង​រក​សន្លឹក​ឆ្នោត​ជាដើម។

សម្រាប់​អ្នក​បោះឆ្នោត​វិញ លោក កែម ឡី បាន​រិះគន់​ថា ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​បន្ត​បោះឆ្នោត​តាម​ការ​សម្រេចចិត្ត​របស់​មេ​គ្រួសារ។ អ្នក​បោះឆ្នោត​មួយ​ចំនួន​​មិន​ចេះ​វាយ​តម្លៃ​គណបក្ស​នយោបាយ​អោយបាន​ត្រឹមត្រូវ។ អ្នក​បោះឆ្នោត​មិនតាម​ដាន​ព័ត៌មាន ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​​អោយ​ត្រឹមត្រូវ។ និយាយ​ជារួម​ អ្នក​បោះឆ្នោត​ខ្មែរ​មួយ​ចំនួន​បោះឆ្នោត​ដោយ​ខ្វះ​ការ​​ពិចារណា​គ្រប់​ជ្រុង​ជ្រោយ។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្កេតការណ៍​បោះឆ្នោត​ Nifec កត់​សម្គាល់​ឃើញ​ថា ប្រជាពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​បន្ត​បោះឆ្នោត​តាម​សមាជិក​គ្រួសារ​ដដែល។ ហើយ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ គឺ​ឪពុកម្តាយ​មួយ​ចំនួន​លែង​មាន​ឥទ្ធិពល​លើកូន​ចៅ​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ កូន​ចៅ​​ដែល​ជា​បញ្ញា​វន្ត​ចាប់​ផ្តើម​មាន​ឥទ្ធិពល​លើ​ការ​សម្រេចចិត្ត​របស់​ឪពុក​ម្តាយ​វិញ​ សម្រាប់ការបោះឆ្នោត​នៅ​ពេល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ