អានតួអត្ថបទ
កម្ពុជា

សាឡុត ស និង​ឥទ្ធិពល​បក្ស​កុម្មុយនិស្ត​ចិន

សាឡុត ស បានក្លាយ​ជា​លេខា​បក្ស​ពលករ​កម្ពុជា ដែលជា​តំណែង​ខ្ពស់​បំផុត​ក្នុង​បក្ស កាល​ពី​ខែ​កុម្ភៈ ឆ្នាំ១៩៦៣។ ក្រោយពី​បាន​ឡើង​កាន់​តំណែង​នេះ មិនដល់​មួយខែផង សាឡុត ស ក៏បាន​បង្ខំចិត្ត​រត់ចេញ ពីភ្នំពេញ ទៅលាក់​ខ្លួនក្នុង​ព្រៃ ពី​ការតាម​ប្រមាញ់​របស់​រដ្ឋាភិបាល។ ការរស់នៅ​លាក់ខ្លួន​បែបនេះ ធ្វើឲ្យ​សាឡុត ស ត្រូវ​កាត់ផ្តាច់​ពី​ពិភព​ខាងក្រៅ ហើយ​មិនអាច​ធ្វើអ្វី ជា​ដុំកំភួន​បាន​ទេ។ ក៏ប៉ុន្តែ​ អ្វីៗបាន​ផ្លាស់ប្តូរ ក្រោយ​ពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ នៅខែថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។

ប៉ុលពត (កណ្តាល) និង​អៀង​សារី​ចូល​ជួប​ម៉ៅ សេទុងក្នុង​ទីក្រុង​ប៉េកាំង
ប៉ុលពត (កណ្តាល) និង​អៀង​សារី​ចូល​ជួប​ម៉ៅ សេទុងក្នុង​ទីក្រុង​ប៉េកាំង ©AFP(បណ្ណាសារ)
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​បាន​រត់​ចូលព្រៃ កាលពី​ដើម​ឆ្នាំ១៩៦៣​មក សាឡុត ស បាន​ចំណាយពេល​ភាគច្រើន​នៃ​ជីវិត​របស់​គាត់ រស់​ក្នុង​ការលាក់ខ្លួន គេចពួន​ពីការ​តាម​ប្រមាញ់​របស់​រាជរដ្ឋាភិបាល​សង្គម​រាស្រ្ត​និយម។ ការរស់នៅ​លាក់ខ្លួន​បែបនេះ ជាពិសេស ការ​រស់នៅ មន្ទីរ១០០ ក្រោម​ការ​ការពារ និង​ឃ្លាំមើល​យ៉ាងតឹងតែង​ពីសំណាក់​ពួក​កុម្មុយនិស្ត​វៀតណាម ធ្វើឲ្យ​សាឡុត ស មិនអាច​ធ្វើអ្វី​បាន​ជា​ដុំកំភួន​នោះទេ ក្នុង​ការ​រៀបចំ​ធ្វើ​បដិវត្តន៍។ មហិច្ឆតា​ចង់ឡើង​កាន់​អំណាច​នៅ​កម្ពុជា​បាន​ត្រឹមតែ​ជា​ការស្រមៃ​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា ក្នុង​អំឡុង​ចន្លោះ​ពី​ពេល​រត់​ចូលព្រៃ​ រហូតដល់​ឆ្នាំ១៩៧០ សាឡុត ស បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម និង ប្រទេស​ចិន​ ដល់ទៅ​ពីរលើក។

លើកទីមួយ នៅចន្លោះ​ពីខែមិថុនា ឆ្នាំ១៩៦៥ ដល់​ខែកញ្ញា ឆ្នាំ១៩៦៦ ពោលគឺ នៅមុនពេល ដែល​ពួកខ្មែរក្រហម​សម្រេចចិត្ត​បើក​ការតស៊ូ​ដោយ​ប្រដាប់អាវុធ។ ដំណើរ​ទស្សនកិច្ច​របស់ សាឡុត ស នៅ​វៀតណាម មាន​រយៈពេល​ប្រមាណ ៩ខែ។ សាឡុត ស​បាន​ចំណាយ​ពេល​ភាគច្រើន​ក្នុង​ការជួប​ជជែក​ជាមួយ​ក្រុមខ្មែរកុម្មុយនិស្ត​នៅក្រុង​ហាណូយ ដើម្បីពន្យល់ណែនាំ​អំពីរចនា​សម្ព័ន្ធ និងបន្ទាត់​នយោបាយ​របស់​បក្ស​ពលករ​កម្ពុជា។ នៅទីនោះ សាឡុត ស បានជួបជាមួយ យុន សឿន និង រ័ត្ន សាមឿន ដែលជា​មិត្តចាស់ កាលពីនៅ​ប្រទេសបារាំង។ សាឡុត ស ក៏បានជួប​ផងដែរ ជាមួយ​មេដឹកនាំ​កុម្មុយនិស្តវៀតណាម ជាពិសេស លេខា​បក្ស​ពលករ​វៀតណាម Lê Duan។ ក៏ប៉ុន្តែ ខ្លឹមសារ​នៃ​ការជជែកគ្នា​រវាង សាឡុត ស និងមេដឹកនាំ​កុម្មុយនិស្ត​វៀតណាមនេះ មិនត្រូវ​បានគេ​ដឹងច្បាស់​នោះទេ។

ចេញពី​ប្រទេស​វៀតណាម សាឡុត ស បាន​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​ចិន ដែល​កាលនោះ នៅជាសម្ព័ន្ធ​មិត្ត​របស់​វៀតណាម​នៅឡើយ។ ក្នុងអំឡុង​ពេល ដែល សាឡុត ស កំពុង​នៅក្នុង​ប្រទេសចិន កូន​សៀវភៅ​ក្រហម របស់​ ម៉ៅ សេទុង ត្រូវបាន​បោះពុម្ពផ្សាយ​រាប់សិប​ម៉ឺនច្បាប់។ មនោគមន៍វិជ្ជា​ស្តីពី​ការលុប​បំបាត់​វណ្ណៈ ការលើក​តម្កើង​កសិករ​ក្រីក្រ និង​ការធ្វើ​បដិវត្តន៍ ជា​លក្ខណៈ​បុគ្គល ដែល​មានចែង​ក្នុង កូន​សៀវភៅ​ក្រហម នេះ ប្រាកដ​ជាបាន​ជះ​ឥទ្ធិពល​ដល់​ផ្នត់​គំនិត​របស់ សាឡុត ស ជាមិនខាន។ ត្រឡប់ពី​ប្រទេសចិន​ មកដល់​កម្ពុជា​វិញ នៅចុង​ឆ្នាំ១៩៦៦ សាឡុត ស ក៏បាន​សម្រេច​ប្តូរ​ឈ្មោះ​បក្ស ពី បក្ស​ពលករ​កម្ពុជា ទៅជា បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ សាឡុត ស ក៏​ចេញ​ពី មន្ទីរ១០០ ទៅនៅ​ក្នុង​ព្រៃ ស្ថិត​ក្នុង​ខេត្ត​រតនគិរី​វិញ។

ដំណើរ​ទស្សនកិច្ច​លើក​ទីពីរ​របស់ សាឡុត ស ទៅកាន់ប្រទេស​វៀតណាម និងចិន បានចាប់ផ្តើម នៅចុងឆ្នាំ១៩៦៩។ គេមិនបាន​ដឹង​ច្បាស់​ទេ ថា តើ​ដំណើរ​ទស្សនកិច្ចនេះ​​ធ្វើឡើង​ក្នុងគោលដៅ​អ្វី ហើយ​ថាតើ សាឡុត ស បាន​ជជែក​អ្វីខ្លះ​ជាមួយ​មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម។ យោងតាម​លោក David Chandler សាឡុត ស ត្រូវបាន​មេដឹកនាំ​វៀតណាម​កោះហៅ ដើម្បី​ស្នើសុំ​ឲ្យពួកខ្មែរក្រហម​បញ្ឈប់​ការវាយប្រហារ ទៅលើ​កងទ័ព​រាជរដ្ឋាភិបាល​​​សង្គមរាស្រ្ត​និយម។

នៅដើម​ឆ្នាំ១៩៧០ សាឡុត ស ធ្វើដំណើរ​ចេញ​ពី​ទីក្រុងហាណូយ ឆ្ពោះ​ទៅទីក្រុង​ប៉េកាំង​ប្រទេសចិន។ ដំណើរ​ទស្សនកិច្ច​ទៅចិន​លើកនេះ សាឡុត ស ត្រូវបាន​អម​ដំណើរ​ដោយ ផាម វ៉ាន់ដុងប្រមុខ​រដ្ឋាភិបាល​វៀតណាម។

នៅក្នុង​អំឡុង​ពេលនោះ នៅ​ប្រទេស​កម្ពុជា សម្តេច នរោត្តម សីហនុ ត្រូវបាន លន់ នល់ និង អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ទម្លាក់​ពីតំណែង​ជា​ប្រមុខរដ្ឋ ក្នុងពេល​ដែលព្រះអង្គ​កំពុង​ធ្វើ​ទស្សនកិច្ច នៅទីក្រុង​ម៉ូស្គូ សហភាពសូវៀត។ សម្តេច នរោត្តម សីហនុ បានយាងចេញ​ពីម៉ូស្គូ ទៅដល់​ប៉េកាំង នៅថ្ងៃទី១៩ មីនា ឆ្នាំ១៩៧០។ នៅក្នុង​ពេលនោះ សាឡុត ស ក៏កំពុង​តែ​ស្ថិតក្នុង​ក្រុងប៉េកាំង​ដែរ។ ក៏ប៉ុន្តែ សម្តេច នរោត្តម សីហនុ មិនបាន​ជួប​ជាមួយ សាឡុត ស ទេ ហើយក៏មិនបាន​ដឹង​ដែរ​ថា សាឡុត ស ជាមេដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា។

ក្រោម​ការជួយជ្រោមជ្រែង​ពី​សំណាក់ ជូ អេនឡាយ នាយករដ្ឋមន្រ្តី​ចិន និង ផាម វ៉ាន់ដុង នាយករដ្ឋមន្រ្តី​វៀតណាម សម្តេច នរោត្តម សីហនុ ក៏​សម្រេច​បង្កើត​រណសិរ្ស​រួបរួមជាតិ​មួយ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ លន់ នល់។ ក្រុមខ្មែរក្រហម​ ដែលដឹកនាំ​ដោយ សាឡុត ស ក៏បាន​ចូលរួម​ក្នុង​រណសិរ្ស​រួបរួម​ជាតិ​នេះដែរ។

សាឡុត ស ដែលនៅ​មុននេះ ជាជន​ដែលត្រូវ​កងកម្លាំង​ប្រដាប់​អាវុធ​នៃ​រាជ​រដ្ឋាភិបាល​សង្គមរាស្រ្តនិយម របស់សម្តេច នរោត្តម សីហនុ តាមរក​ចាប់ខ្លួននោះ បានក្លាយ​ជា​មេបញ្ជាការ​នៃ​កងទ័ព​ខ្មែរក្រហម ក្នុង​រណសិរ្ស​រួបរួមជាតិ ដ៏​មាន​ប្រជាប្រិយភាព។ ទោះជាយ៉ាងនេះ​ក៏ដោយ ក៏ សាឡុត ស នៅតែ​បន្ត​រស់នៅ​លាក់បាំង​អត្តសញ្ញាណ​ពិតរបស់​ខ្លួន​ដដែល។ សូម្បីតែ សម្តេច នរោត្តម សីហនុ ដែលជា​ប្រមុខ​រណសិរ្ស​រួបរួម​ជាតិ ក៏​មិនបាន​ដឹង​ដែរ​ថា សាឡុត ស គឺជា​មេដឹកនាំ​ខ្មែរក្រហម។

នៅពេល​ដែល​សម្តេច នរោត្តម សីហនុ ធ្វើ​ដំណើរ​ទៅទស្សនកិច្ច​តំបន់​​ដែលខ្មែរ​ក្រហម​កាន់កាប់ នៅភូមិភាគ​ឧត្តរ កាលពីដើម​ឆ្នាំ១៩៧៣ សាឡុត ស បាន​ឲ្យ ហ៊ូ នឹម ហ៊ូ យន់ និង ខៀវ សំផន ចេញ​មក​ទទួល សម្តេច នរោត្តម សីហនុ ដោយ​បាន​អះអាង​ថា ពួកគេ​គឺជា​មេដឹកនាំ​ខ្មែរក្រហម។ ចំណែក សាឡុត ស ខ្លួនឯង​ផ្ទាល់ ក៏មាន​វត្តមាន​នៅទីនោះដែរ តែ​មិនបាន​បញ្ចេញ​ឲ្យ​ សម្តេច នរោត្តម សីហនុ ដឹងថា គាត់ជា​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ