អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ពុលអាហារ ឬរលាកពោះវៀន ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រលាក​ពោះវៀន ជាជំងឺ​​ដែល​គេ​ជួប​ប្រទះ​យ៉ាង​ញឹក​ញាប់ និង​អាច​ជា​ជំងឺ​ដ៏​គ្រោះ​ថ្នាក់​បំផុត សម្រាប់​កុមារ​ និង​ទារក។ ជំងឺ​នេះ​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​វីរ៉ុស តែ​ជួន​កាល​វា​ក៏​អាច​បង្ក​ឡើងដោយ​បាក់តេរី​​ដែរ។ អាការៈ រាក​ ក្អួត ចុក​ពោះ ក្តៅ​ខ្លួន ជា​រោគ​សញ្ញា​សំគាល់​ចំបង​។ហេតុអ្វី​បាន​ជា​ពោះ​វៀន​យើង​មិន​អាច​ការពារ​ខ្លួន​បាន ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​ជួយ​ខ្លួន​យើង​ ឱ្យ​ឈ្នះ​មេរោគ និង​វីរ៉ុស​ទាំង​នោះ​បាន ? 

គ្រូពេទ្យ​កំពុង​ពិនិត្យ​ជំងឺ​រលាក​ពោះវៀន​
គ្រូពេទ្យ​កំពុង​ពិនិត្យ​ជំងឺ​រលាក​ពោះវៀន​ AFP
ផ្សាយពាណិជ្ជកម្ម

គ្រប់​គ្នា​សុទ្ធ​តែ​ខ្លាច​ជំងឺ​ ជំងឺ​រលាក​ពោះវៀន ជាពិសេស​ចំពោះ​ទារក និង​ កុមារ ! ព្រោះ​វាបង្ក​ឱ្យ​ក្អួត​ផង រាកផង និង​ចុក​ផង​ក៏​មាន។ ហេតុ​អ្វី បាន​ជា​ប្រព័ន្ធ​រំលាយ​អាហារ​​យើង​ ស្ងៀមៗ​ស្រាប់​តែ​ក្រឡាប់​ចាក់​ដូច្នេះ ?

 
រលាក​ពោះវៀន អាច​មាន​ច្រើន​សណ្ឋាន។ ជួន​បង្ក​ឡើង​ដោយ​វីរ៉ុស ជួន​បង្ក​ឡើង​ដោយ​បាក់តេរី។ ចំណែក​​​រោគ​សញ្ញា​វិញ វា​ប្រែ​ប្រួល​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ មិន​ដែល​ដូច​គ្នា​ទេ។

“គេ​មិន​ដឹងច្បាស់​លាស់​​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​មាន​ជំងឺ​​រលាក​ពោះវៀន​ ស្តែង​ឡើង​ដោយ​អាការៈរោគ​ខុសៗ​គ្នា​​ទេ។ អ្នក​ជំងឺ​ខ្លះ​ មាន​អាការៈ​ក្អួត​ចង្អោរ តែ​គ្មាន​រាក​ផ្សំ​ជា​មួយ​ទេ។ ខ្លះ​រាក តែ​មិន​ក្អួត។ ខ្លះ​ទៀត ក្អួត​តិច​តួច ហើយ​​ក្តៅ​ខ្លួន បន្ទាប់​មក​ទើប​មាន​រាក។

ឥឡូវយើង​ដឹង​ខ្លួន​ហើយ​ថា​កំពុង​មាន​ជំងឺ​រលាក​ពោះវៀន ប៉ុន្តែ​ចុះ​ហេតុ​អ្វី​បាន​ជា​ក្អួត ?!

“វីរ៉ុស ឬ​បាក់តេរី វាយ​ប្រហារ​ ប្រព័ន្ធ​រំលាយ​​អាហារ​ ការ​បញ្ជូន​ចំណី​ដែល​យើង​លេប​ចូល​តាម​មាត់ ឆ្លង​កាត់​តាម​បំពង់ក ចុះ​ទៅ​ក្រពះ​ រួច​ចុង​ក្រោយ​បញ្ចេញ​ ​តាម​ពោះវៀន​ធំ ទៅ​ចេញ​ផ្លូវធំ​មក​ក្រៅ មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដូច​រៀប​រាប់​ទេ។ ចំណី​អាហារ​កិន​ហើយ ត្រូវ​បញ្ចេញ​ចោល តែ​វា​មិន​ចេញ​តាម​ក្រោម​ ដែល​ជា​ផ្លូវ​ធម្មតា វា​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស ​វិល​វល់​ពេញ​ពោះ ឡើង​មក​ច្រាល​មក​លើ​វិញ មក​​ចេញ​តាម​មាត់ គឺ​ក្អួត​នេះ​ឯង។”

នៅ​ប្រទេស​បារាំង ៨០%​នៃ​ជំងឺ​រលាក​ពោះវៀន ដែល​យើង​ជួប​ប្រទះ​នៅ​រដូវ​ត្រជាក់ គឺ​បណ្តាល​មក​ពី​វីរ៉ុស។ វីរ៉ុស​ដែល​គេ​ជួប​ញឹក​ញាប់​ជាង​គេ គឺ រ៉ូតាវីរ៉ុស (rotaviru)

នៅ​ក្នុង​ពោះវៀនតូច​​របស់​មនុស្ស​ គឺ​កន្លែង​​ផ្ទុក​កាក​សំណល់​​​​ចំណី​អាហារ ដែល​ក្រពះ​ទើប​កិនបញ្ចេញ​​-​រំលាយ​​ ជា​​លក្ខណៈ​រាវៗ។ គឺ​ទាល់​តែ​​ឆ្លង​កាត់​ពោះ​វៀនធំ ​ទើប​សរីរាង្គ​កាយ​យើង​​​បឺត​ស្រូប​ជាតិ​ទឹក​អស់ បន្សល់​តែ​កាក ដែល​ប្រែក្លាយ​ជា​លាមក​ដុំៗ។ នេះ​ជា​ដំណើរ​ការ​​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស ប៉ុន្តែ​នៅ​ពេល​ដែល​​រ៉ូតាវីរុស ចូល​ទៅ​ក្នុង​ខ្លួន វា​ទៅ​រំខាន​ដំណើរ​ការ​នេះ ទើប​បា​ន​ជា​បង្ក​មាន​លាមក​រាវ។ វីរុស​នេះ​កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ធំ​ពេញ​វ័យ និង​ជាពិសេស​កុមារ ដែល​អាច​បង្ក​ឱ្យ​មាន​ករណី​ខ្សោះ​ទឹក​អស់​ពី​ខ្លួន។ ដូច្នេះ​ហើយ​បាន​ជា​នៅ​ប្រទេស​ជឿន​លឿន គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​ចាក់​ថ្នាំ​បង្ការ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​នេះ។

ចំពោះ​មនុស្ស​ធំ មនុស្ស​ពេញ​វ័យ​ គ្រោះ​ហួត​ខ្សោះ​អស់​ជាតិ​ទឹក​ព្រោះ​រាគ​ខ្លាំង មិន​សូវ​ជា​ធ្ងន់ធ្ងរ​ទេ​ ប៉ុន្តែ​ត្រូវ​តែ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន និង​ទទួល​ទាន​អាហារ​ប្រៃៗ ​និង​អត់​ធ្មត់​ពីរ​បី​ថ្ងៃ​ទៅនឹង​បាន​ធូរ​ស្បើយ​ហើយ។ ៩០%​​នៃ​អ្នក​ជំងឺ​នឹង​ឈប់​រាកក្នុង​រយៈពេល​៤៨​ម៉ោង​ក្រោយ។
 

រលាក​ពោះវៀន​​ ដោយ​បាត់តេរី

 
“រលាក​ពោះ​វៀន​ដោយ​បាក់តេរី តែង​មាន​អាការៈ​ក្តៅ​ខ្លួន​ ​​ ស្ថានភាព​សុខភាព​ទូទៅ​មានការ​ប្រែប្រួល​ លាមក​មិន​សូវ​រាក​ខ្លាំង​ទេ តែ​មាន​​អាច​​មាន​លាយ​ឈាម​ ​ និង​អាច​បង្ក​ឱ្យ​មាន​គ្រោះ​​បណ្តាល​មកពី​បាក់តេរី​រាយ​បាយ​ពេញ​សរីរាង្គកាយ​យើង។”

ពេល​ខ្លះ​រលាក​ពោះវៀន​ប្រភេទ​នេះ ត្រូវ​បាន​គេ​ហៅ​ថា​​ ការ​ពុល​ចំណី​អាហារ ដោយ​ហេតុ​បាន​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​ពុល​។

នៅ​ក្នុង​ប្រព័​ន្ធ​រំលាយ​អាហារ​របស់​យើង​ មាន​ផ្ទុក​ទៅ​ដោយ​ពពួក​បាក់តេរី រាប់​ពាន់​​លាន។ បាក់តេរី​ទាំង​នេះ មាន​ភារៈ​ជា​ជួយ​រំលាយ​អាហារ​​ផង និង​ជា​អ្នក​ជួយ​ការពារ​សរីរាង្គ​ ប្រឈម​នឹងបាក់តេរី​កាចៗ​ មក​ពី​ក្រៅ និង​ដែល​អាច​បង្ក​រោគ ឬ​ បាក់តេរី​មិន​ល្អ​ ដូច​ជា​ E-coli​ ដែល​មានតិច​តួច​​នៅ​ក្នុង​ខ្លួន។ ប៉ុន្តែ​នៅ​ពេល​ណា​មួយ​ដែល​យើង​ទទួល​អាហារ បន្លែ​ត្រីសាច់ ដែល​មាន​បង្កប់​​ទៅ​ដោយ​បាក់តេរី​គ្រោះ​ថ្នាក់​ច្រើន ដល់​ទៅ​​រាប់ពាន់ ឬ​រាប់​លាន បាក់តេរី​ល្អ​ក្នុង​ខ្លួន​មិន​អាច​ទប់​ឈ្នះ​នឹង​ការ​លុក​លុយ​ទន្ទ្រាន​ទី​នៃ​បាក់តេរី​គ្រោះ​ថ្នាក់​បាន​ទេ។ ប្រព័ន្ធ​រំលាយ​អាហារ​បាត់​បង់​លំនឹង​រវាង​បាក់តេរី​ល្អ និង​បាក់តេរី​អាក្រក់ គឺ​នៅ​ពេល​នោះ​ហើយ​ ដែល​លេច​ជា​ជំងឺ​រលាក​ពោះវៀន​ឡើង។ ទម្រង់​រលាក​ពោះវៀន​ដោយ​បាក់តេរី មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ដោយ​វីរ៉ុស ប៉ុន្តែ​គេ​អាច​ព្យាបាល​​បាន​ដោយ​ប្រើ​ថ្នាំ​ផ្សះ។

តាម​ការ​ពិត​ជំងឺ​នេះ​ងាយ​ការពារ​ណាស់ លោកគ្រូពេទ្យ​ សូម​ណែ​នាំ​​ថា ចំពោះ​កូន​ក្មេង ក៏​ដូច​ជា​ស្ត្រី​មានផ្ទៃពោះ ត្រូវ​បរិភោគ​សាច់​ឆ្អិន និងកាយ​វិការ​ដ៏​សាមញ្ញ​បំផុត គឺ​លាង​បន្លែ​ផ្លែឈើ​ឱ្យ​បាន​ស្អាត និង​លាង​ដែ​មុន​ពេល​ធ្វើ​ម្ហូប និង​មុន​ពេល​ញ៉ាំ​បាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ