អានតួអត្ថបទ
រុស្ស៊ី-បេឡារុស

ទស្សនកិច្ច​​លើក​ដំបូង​របស់​លោក ពូទីន ក្នុង​អាណត្តិ​ថ្មី គឺ​ទៅ​ទិស​ខាង​លិច

តាំងពីគាត់​ឡើង​កាន់​តំណែង ជា​ប្រធានាធិបតី​រុស្ស៊ី​វិញ បី​សប្តាហ៍​មុន​ម៉្លេះ ទើប​ថ្ងៃ​នេះ ដែល​លោក ពូទីន ផ្តើម​ទស្សនកិច្ច​ខ្លួន​នៅ​បរទេស។ ហើយ​ប្រទេស​ទី​១ ជា​អាទិភាព​នៃ​ទស្សនកិច្ច​នេះ គឺ​បេឡារុស ជា​សម្ព័ន្ធមិត្ត​ដ៏​ជំនិត​របស់​រុស្ស៊ី ក្នុង​លំហ​អតីត​សហភាព​សូវៀត។ បន្ទាប់មក គាត់​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ និង​បារាំង ជា​ដៃ​គូ​ចម្បង​របស់​រុស្ស៊ី នៅ​សហភាព​អឺរ៉ុប។

លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន និង​សមភាគី​បេឡារុស លោក Loukachenko (ស្តាំ)
លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន និង​សមភាគី​បេឡារុស លោក Loukachenko (ស្តាំ) © Reuters
ផ្សាយពាណិជ្ជកម្ម

ជាលទ្ធផល​ទស្សនកិច្ច នៅក្រុង Minsk លោក​ប្រធានាធិបតី​ពូទីន​នឹង​ចុះ​ហត្ថលេខា ជាមួយ​សមភាគី​បេឡារុស គឺ​លោក Loukachenko លើ “សេចក្តីថ្លែងការណ៍រួម ដែល​បញ្ជាក់​ពី​ការតាំង​ចិត្ត​ដូច​គ្នា​របស់​ប្រទេស​ទាំងពីរ ឆ្ពោះ​ទៅ​ស៊ី​ជម្រៅ​ថែម​ទៀត សមាហរ័ណកម្ម និង សហប្រតិបត្តិការ លើ​គ្រប់​វិស័យ។ ព័ត៌មាន​នេះ ត្រូវ​បាន​ប្រកាស​ទៅ​ពួក​អ្នកកាសែត ដោយ​ជំនួយ​ការ​របស់​ប្រមុខ​រដ្ឋ​រុស្ស៊ី លោក Youri Ouchakov ដែល​ធ្លាប់​ធ្វើ​ជាឯក​អគ្គរដ្ឋទូត​រុស្ស៊ី​នៅ ស.រ.អា. អស់​ប្រមាណ ១០ឆ្នាំ។

តាមតំណាងនេះ​នៃ​វិមាន​ក្រេមឡាំង ការ​ដែល​លោក ពូទីន ជ្រើស​យក​បេឡារុស ជា​ដំណាក់​ទី​១ នៃ​ទស្សនកិច្ច​របស់​គាត់ គឺ​ស​ឲ្យ​ឃើញ​ពី​លក្ខណៈ​ពិសេស​នៃ​សហប្រតិបត្តិការ​ពហុវិស័យ ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​រវាង​រុស្ស៊ី និង បេឡារុស។ គួររម្លឹកថា គឺ​តាំងពី​ឆ្នាំ ១៩៩៥​មក ដែល​ទីក្រុង Minsk និង Moscou ដាក់​ទិស​ច្របាច់​ប្រទេស​ខ្លួន​ជា​ពូជ​ស្លាវ​ដូចគ្នា​ឲ្យ​ចូលគ្នា​ជា “រដ្ឋសហភាពរុស្ស៊ី-បេឡារុស

ជាការកត់សម្គាល់ ទោះបី​បស្ចិមលោក តែង​ទិតៀន​របប​លោក​ប្រធានាធិបតី Loukachenko ជា​របប​ផ្តាច់ការ​ ដែល​នៅ​សល់​តែ​មួយ​គត់​នៅ​ទ្វីប​អឺរ៉ុប និង​ថែម​ទាំង​ដាក់​ទណ្ឌកម្ម​នយោបាយ​ទល់​នឹង​ពួក​មន្ត្រី​ជាន់​ថ្នាក់​ខ្ពស់ៗ ប្រមាណ​២០០​នាក់​នៃ​របប​នេះ ទាំង​ហាម​មិន​ឲ្យ​គេ​ធ្វើ​ដំណើរ​ចូល​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ក្តី ក៏​បេឡារុស​មាន​ន័យ​យុទ្ធសាស្ត្រ​សំខាន់​ណាស់ ជា​របង​ការពារ​ប្រទេស​រុស្ស៊ី​ នៅ​ទិស​ខាង​លិច ដោយ​រុស្ស៊ី​មាន​ទីតាំង​យោធា​ប្រចាំការ​នៅ​ទីនោះ​យ៉ាង​មាំមួន។ 

បន្ទាប់​ពី​បេឡារុស ថ្ងៃ​ស្អែក​ទី​១​មិថុនា លោក​ពូទីន នឹង​បន្ត​ដំណើរ​ទៅ​កាន់​ក្រុង Berlin ដើម្បី ជួប​ចរចា​ជាមួយ​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel ព្រម​ទាំង​ជួប​ប្រាស្រ័យ ជាមួយ​លោក​ប្រធានាធិបតី​ប្រទេស​នេះ។ កត្តា​មួយ ដែល​រំលេច​ឲ្យ​ឃើញ​ថា អាល្លឺម៉ង់​ជា​ដៃ​គូ​សេដ្ឋកិច្ច​ដ៏​ចម្បង​របស់​រុស្ស៊ី គឺ​ការ​ដែល​រុស្ស៊ី​បាន​សង់ និង ដាក់​ឲ្យ​ដំណើរការ​ទៅ​ហើយ បំពង់​បង្ហូរ​ឧស្ម័ន​ចេញ​ពី​រុស្ស៊ី លូន​តាម​បាត​សមុទ្រ​បាល់ទិក ទៅ​ដល់​ប្រទេស​អាល្លឺម៉ង់​ផ្ទាល់ ដើម្បី​បំពេញ​ដល់​តម្រូវការ​សេដ្ឋកិច្ច​ប្រទេស​នេះ ដែល​ជា​ក្បាល​ម៉ាស៊ីន​នាំមុខ​សហភាព​អឺរ៉ុប។

លុះរសៀល​ស្អែក ទើប​លោក​ពូទីន អញ្ជើញ​ទៅ​ដល់​ក្រុង​ប៉ារីស ដើម្បី​ជួប​ចរចា​ជាមួយ លោក François Hollande ជា​ប្រធានាធិបតី​ថ្មី នៃ​ប្រទេស​បារាំង។ គួរនិយាយថា រដ្ឋ​បុរស​ទាំងពីរ​នេះ មិន​ដែល​ជួបគ្នា​ដោយ​ផ្ទាល់​ម្តង​ណា​ឡើយ។ តាម​ដែល​គេ​រង់​ចាំ សាច់​រឿង​មួយ​ក្តៅ​គគុក​នៃ​ជំនួប​នោះ គឺ​លោក Hollande នឹង​បញ្ចុះបញ្ចូល​លោក ពូទីន ឲ្យ​ដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​បំផុត​ទល់​នឹង​រដ្ឋាភិបាល​នៅ​ស៊ីរី៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ