អានតួអត្ថបទ
អាមេរិក

វេទិកា​តស៊ូមតិ​ចុងក្រោយ​រវាង​លោក​បារ៉ាក់ អូបាម៉ា និង​លោក​មីត រ៉ូមនី​ផ្តោត​លើ​នយោបាយ​ការបរទេស

នៅ​យប់​ថ្ងៃ​ច័ន្ទ ទី២២ តុលា​ម្សិលមិញ គឺ​ជា​វេទិកា​តស៊ូមតិ​លើក​ទី៣ និង​លើក​ចុងក្រោយ​រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក​មីត រ៉ូមនី​មក​ពី​គណបក្ស​សាធារណរដ្ឋ។ នៅ​ក្នុង​រយៈពេល ១ម៉ោង និង​៣០នាទី បេក្ខជន​ទំាង​ពីរ​នាក់​បាន​និយាយ​យ៉ាង​ច្រើន​ទាក់ទង​នឹង​នយោបាយ​ការបរទេស។ តែ​ជាមួយ​គ្នា​នេះ ប្រធានបទ « សេដ្ឋកិច្ច​ផ្ទៃក្នុង » ក៏​ត្រូវ​បាន​បេក្ខជន​ទំាង​ពីរ​នាក់​លើក​យក​មក​និយាយ​ដែរ។ ជា​សរុប គេ​សម្គាល់​ឃើញ​ថា នៅ​មុន​ថ្ងៃ​បោះឆ្នោត​ទី៦ វិច្ឆិកា​ខាង​មុខ វេទិកា​តស៊ូមតិ​ចុងក្រោយ ហាក់​ដូច​ជា​មិន​បាន​ធ្វើ​ឲ្យ​បេក្ខជន​ណា​មាន​ប្រៀប​ជាង​បេក្ខជន​ណា​ទេ។

វេទិកា​តស៊ូមតិ​ចុងក្រោយ​រវាង​លោក​បារ៉ាក់ អូបាម៉ា និង​លោក​មីត រ៉ូមនី​ផ្តោត​លើ​នយោបាយ​ការបរទេស
វេទិកា​តស៊ូមតិ​ចុងក្រោយ​រវាង​លោក​បារ៉ាក់ អូបាម៉ា និង​លោក​មីត រ៉ូមនី​ផ្តោត​លើ​នយោបាយ​ការបរទេស REUTERS/Joe Skipper
ផ្សាយពាណិជ្ជកម្ម

ជា​ការ​កត់សម្គាល់​រួម វេទិកា​តស៊ូមតិ​ចុងក្រោយ​រវាង​លោក​បារ៉ាក់ អូបាម៉ា និង​លោក​មីត រ៉ូមនី​បាន​ផ្តោត​សំខាន់​លើ​នយោបាយ​អាមេរិកំាង​ចំពោះ​បណ្តា​ប្រទេស​អារ៉ាប់ ពិសេស​នៅ​ក្នុង​តំបន់​ដើមបូព៌ា។

តែ​នៅ​ក្នុង​រយៈពេល​កន្លះម៉ោង​ដំបូង ការ​តស៊ូមតិ​បាន​ផ្តោត​សំខាន់​លើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆំាង​នឹង​ភេរវនិយម។ ត្រង់​ចំណុច​នេះ លោក​មីត រ៉ូមនី​បាន​សរសើរ​លោក​បារ៉ាក់ អូបាម៉ា​ដែល​បាន​កំចាត់​មេភេរវជន​អាល់កៃដា Oussama Ben Laden។ ក៏​ប៉ុន្តែ បេក្ខជន​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​បាន​ឆ្លៀត​បញ្ជាក់​ថា « មិន​មែន​ការ​សម្លាប់​ Oussama Ben Laden តែ​ម្នាក់​នឹង​នំា​ឲ្យ​យើង​ទទួល​បាន​សេចក្តីសុខ​នោះ​ទេ »។ សម្រាប់​លោក មីត រ៉ូមនី អាមេរិក​ត្រូវ​តែ​មាន​យុទ្ធសាស្រ្ត​នយោបាយ​រួម​មួយ​ដើម្បី​គាស់រំលើង​ក្រុម​អ្នកកាន់សាសនាជ្រុលនិយម​នៅ​ក្នុង​បណ្តា​ប្រទេស​អ៊ីស្លាម​មួយ​ចំនួន។

លោក​បារ៉ាក់ អូបាម៉ា​បាន​ឆ្លើយ​តប​នឹង​លោក មីត រ៉ូមនី​យ៉ាង​សាមញ្ញ​វិញ​ថា បណ្តាញ​ភេរវនិយម​អាល់កៃដា គឺ​បាន​គំរាមកំហែង​សហរដ្ឋអាមេរិក​ខ្លំាង​ជាង​គេ។ យោង​តាម​លោក​អូបាម៉ា លោក មីត រ៉ូមនី​មាន​ការ​ភាន់ច្រឡំ​ច្រើន​នៅ​ក្នុង​ជំហរ​របស់​លោក​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នយោបាយ​ការបរទេស ដោយ​លោក​អូបាម៉ា​បាន​លើក​ឡើង​ពី​ការ​គំាទ្រ​របស់​លោក មីត រ៉ូមនី​នៅ​ក្នុង​សង្រ្គាម​អ៊ីរ៉ាក់​កាល​ពី​ឆ្នំា ២០០៣។

ទាក់ទង​នឹង​នយោបាយ​អាមេរិកំាង​នៅ​ក្នុង​តំបន់​ដើមបូព៌ា​ដដែល លោក​ប្រធានាធិបតី​ផុតអណត្តិ​បារ៉ាក់ អូបាម៉ា​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត អំពី​ការ​គំាទ្រ​របស់​អាមេរិក​ចំពោះ​ប្រទេស​អ៊ីស្រាអែល ដោយ​លោក​បាន​ថ្លែង​ថា បើ​អ៊ីស្រាអែល​ទទួល​រងការវាយប្រហារ អាមេរិក​នឹង​ចេញ​មុខ​ជួយ​ការពារ។ យោង​តាម​លោក​បារ៉ាក់ អូបាម៉ា អ៊ីស្រាអែល គឺ​ជា​មិត្ត​ពិតប្រាកដ​របស់​អាមេរិក និង​ជា​សម្ព័ន្ធមិត្ត​ល្អជាង​គេ​នៅ​ក្នុង​តំបន់។

និយាយ​ពី​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​ធ្វើ​អ៊ីស្រាអែល​ព្រួយបារម្ភ​វិញ លោក​បារ៉ាក់ អូបាម៉ា​បាន​អះអាង​ថា ដរាប​ណា​លោក​នៅ​ធ្វើ​ជា​ប្រធានាធិបតី ដរាប​នោះ អ៊ីរ៉ង់​មិន​អាច​មាន​អាវុធ​នុយក្លេអ៊ែរ​ទេ។ ទន្ទឹម​គ្នា​នេះ លោក​ប្រធានាធិបតី​ផុតអណត្តិ​ក៏​បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​ដោយ​កាសែត New York Times ដែល​ថា ទីក្រុង​វ៉ាស៊ីតោន និង​តេហេរ៉ង់​បាន​ព្រមព្រៀង​គ្នា​ដើម្បី​បើក​កិច្ចចរចា​ជា​លក្ខណៈ​ទ្វេភាគី​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ថ្ងៃទី៦ វិច្ឆិកា ឆ្នំា ២០១២។ សម្រាប់​លោក មីត រ៉ូមនី កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កំពុង​បង្ក​ការ​គំរាមកំហែង​ចម្បង​ចំពោះ​សហរដ្ឋអាមេរិក។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ