ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
អាស៊ី

ភេរវកម្ម​នៅស្រីលង្កា៖ មេប៉ូលីស​សុំ​ចុះ​ចេញពីតំណែង​

media លោក Pujith Jayasundara និង​ក្រុម​ការងារ @AFP

ក្រោយ​អំពើភេរវកម្ម​នៅស្រីលង្កា, នៅថ្ងៃសក្រ ទី​២៦មេសា​​នេះ មេនគរបាល​ជាតិ​ស្រីលង្កា និង​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់ទៀត របស់​ភ្នាក់​ស៊ើប​ការ​សម្ងាត់​ បាន​សុំ​លាឈប់​ពីតំណែង។ ដំណឹង​នេះ បញ្ជាក់​ដោយ​លោក​ប្រធានាធិបតី ស្រីលង្កា។ ក្រៅ​ពីនេះ ប្រមុខ​រដ្ឋ​ស្រីលង្កា ក៏​បាន​បញ្ជាក់ផងដែរ​​ពី​អត្តសញ្ញាណ​របស់​មេភេរវជន​អ៊ីស្លាម​ជ្រុលនិយម​ម្នាក់ ដែល​បាន​ស្លាប់​ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត។​

អធិការ​ប៉ូលីសជាន់​ខ្ពស់​បំផុតរបស់​​ស្រីលង្កា លោក ពុយជីត ជាយាស៊ុនដារ៉ា​ Pujith Jayasundara បានសុំ​ចុះ​ចេញពីតំណែង ​ ហើយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារជាតិមួយរូបទៀត ក៏​បាន​​សុំ​ឈប់ពីការងារដែរ។ ពួក​លោកទាំង​ពីរនាក់ យល់ព្រម​​សុខ​ចិត្ត​​ទទួល​ស្គាល់​កំហុស ពីភាព​បរាជ័យ ដែល​ពុំ​បាន​ចាត់ចែង​បញ្ជៀស​ការ​ធ្វើ​ភេរវកម្ម កាលពី​ថ្ងៃអាទិត្យ​ ទី​២១មេសា កន្លងទៅ​។ នេះបើតាម​ការ​បញ្ជាក់​របស់​ប្រធានាធិបតីស្រីលង្កា។ តាម​ពិតទៅ មុន​ពេល​កើត​ហេតុ ក្រុម​ស៊ើបការស្រីលង្កា ក៏​បាន​ទទួល​សញ្ញាណ និង​ព័ត៌មាន​សម្ងាត់​ ដែល​ប្រទេស​ឥណ្ឌា​បា​នផ្តល់​ឲ្យដែរ​ ថាអាច​នឹង​មាន​ហានិភ័យ​នៃ​អំពើ​ភេរវកម្ម។ នៅ​ពេល​ទទួល​ដំណឹងហើយ អាជ្ញាធរ​ប៉ូលីសហាក់​​មាន​ការ​ធ្វេសប្រហែស តែ​នេះ​​ក៏​មកពី​មានការ​បែកបាក់​គ្នា ​ក្នុង​ចំណោម​អ្នក​នយោបាយ​ជាន់​ខ្ពស់​របស់​ប្រទេស​ផងដែរ​។​

ក្រៅពីប្រកាស​ការ​សុំឈប់​ធ្វើការ​​របស់​មន្ត្រី​ពីរ​នាក់​នេះ លោក​ប្រធានាធិបតីស្រីលង្កា ក៏បានប្រាប់​ឲ្យ​ដឹង​ពីការស្លាប់របស់​មេចលនាភេរវនិយម ឈ្មោះ ហ្សាហ្រាម ហាស្ស៊ីន​​ Zahran Hashim ។​ បុរសនេះ មាន​អាយុ​ប្រមាណ​៤០ឆ្នាំ​ ជាមេខ្លោងធំមួយ​របស់​ចលនា​អ៊ីស្លាម​ជ្រុល​និយមអ៊ីនធីជេ NTJ និង​ដែល​គេ​បាន​ឃើញ​រូបភាព​​របស់​ភេរវជន​នេះ នៅក្នុង​វីដេអូ ដែល​ពួក​ជីហាត​បាន​ផ្សាយ​កាលពី​ពេល​ថ្មីៗនេះ​។ សាកសព​របស់ ហ្សាហ្រាម ហាស្ស៊ីន​​ បានត្រូវ​ប៉ូលីស​រក​ឃើញ​នៅ​ក្នុងគំនរ​បាក់​បែក​នៃ​​សណ្ឋាគារ​មួយ ដែលជននេះ បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត។

ដោយឡែក ដំណឹង​ចុងក្រោយ​ ស្តីពី​ចំនួន​មនុស្ស​មរណភាព បា​នថយ​ចុះ​ទៅវិញ។ មាន​អ្នក​ស្លាប់​ត្រឹមតែ​២៥៣ប៉ុណ្ណោះ ខុសពី​ទិន្នន័យ​ព័ត៌មាន​មុនៗ ដែលផ្សាយ​​ថា ​អ្នក​ស្លាប់​ មាន​ដល់ទៅ​៣៦០នាក់។ អាជ្ញាធរ​បាន​រាប់​ចំនួន​អ្នក​ស្លាប់​ខុស ច្រឡំ​ពីព្រោះថា បំណែក​សាកសព​នៅ​រាយប៉ាយ។​ ដល់ពេល​គេ​ផ្គុំមកវិញ ទើប​គេ​អាច​កំណត់​ជាក់​ច្បាស់​ពី​ចំនួន​អ្ន​កស្លាប់ គឺ​២៥៣នាក់ គិត​ត្រឹម​ថ្ងៃ​សុក្រ​​ ទី​២៦មេសា​។​ រីឯ​ចំនួន​អ្នក​រងរបួស​វិញ ក្រសួង​សុខាភិបាល​ស្រីលង្កា បញ្ជាក់​ប្រាប់​អ្នក​កាសែត​ ថា​នៅ​មាន​អ្ន​កជំងឺ​ចំនួនប្រមាណ​១៥០នាក់ ដែល​កំពុង​បន្តសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​។

ងាកទៅខាង​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​ឯណោះ, ប៉ូលីស​បាន​បន្ត​ស្រាវជ្រាវ​រាវរក​មុខ​ភេរវជន​និង​ជនជាប់​សង្ស័យ​បន្ថែមទៀត។ រហូត​មកដល់​ពេ​លនេះ នគរបាល​ស្រីលង្កា ចាប់​ខ្លួន​មនុស្ស​ជាប់​សង្ស័យ​ក្នុងអំពើ​ភេរវកម្ម បាន​ចំនួន ​៧៥ នាក់​ហើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ