អានតួអត្ថបទ
អាមេរិក-រុស្ស៊ី-ប្រេស៊ីល

ថ្នាក់​ដឹកនាំ​រុស្ស៊ី និង​ឧត្ថម​ស្នងការ​សិទ្ធិមនុស្ស​របស់​អសប​ចេញ​មុខ​គាំទ្រ​Wikileaks

តាំងពី​ប្រធានាធិបតី​ប្រេស៊ីល លោក លូឡា (Lula)រហូត​ដល់​នាយករដ្ឋមន្រ្តី​រុស្ស៊ី លោក​ពូទីន( Poutine) ព្រមទាំង​អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ការគាំទ្រ​បុព្វហេតុ​របស់​Jullian Assange ស្ថាបនិក​វិបសៃត៍​ Wikileaks​ចេះ​តែ​កើន​ឡើង​ជាលំដាប់ រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ស្ថាបនិក​វិបសែត៍​ Wikileaks​ដែល​កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន នៅ​ក្នុង​គុក​ប្រទេស​អង់គ្លេស ចាប់ផ្តើម​ល្បីឈ្មោះ ចាប់តាំងពី​ហ៊ាន​ចេញ​ផ្សាយ​ឯកសារ និង​កំណត់ហេតុ​សំងាត់​របស់​ការទូត​អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។

វិបសៃត៍​Wikileaks បង្កើត​ឡើង​Jullian Assange ដែល​មាន​ជំនាញ​ផ្សាយ​ឯកសារ​សំងាត់​អាមេរិក​បាន​ទទួល​ការគាំទ្រ​ច្រើន​ពី​អ្នកប្រើប្រាស់​អ៊ិនធ័រណេត
វិបសៃត៍​Wikileaks បង្កើត​ឡើង​Jullian Assange ដែល​មាន​ជំនាញ​ផ្សាយ​ឯកសារ​សំងាត់​អាមេរិក​បាន​ទទួល​ការគាំទ្រ​ច្រើន​ពី​អ្នកប្រើប្រាស់​អ៊ិនធ័រណេត ©Reuters
ផ្សាយពាណិជ្ជកម្ម

 

01:54

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

កំណត់ហេតុ​សំងាត់​របស់​ការទូត​អាមេរិក​ចុះផ្សាយ​ដោយ Wikileaks បាន​បង្ហាញ​ថា លោក​Vladimir Poutine ​ជា​មេដឹកនាំ​ដែល​បាន​បណ្តោយ​ឲ្យ​ពួក​មន្រ្តី​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ជួយ​ពួកបណ្តាញ​មេក្លោង​ទុច្ចរិត​រុស្ស៊ី។ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ នាយក​រដ្ឋមន្រ្តី​រុស្ស៊ី​បាន​និយាយ​វាយបក​ទៅវិញ​ថា ប្រទេស​លោក​ខាងលិច​គ្មាន​សិទ្ធិ​អ្វី​មក​បង្រៀន​រុស្ស៊ី​ពី​លទ្ធិប្រជាធិបតេយ្យ​ទេ។ តែ​បើសិន​ប្រទេស​លោកខាងលិច​ពូកែ​ខាង​គោរព​លទ្ធិប្រជាធិបតេយ្យ​មែន គេ​មិន​ត្រូវ​ចាប់​ Jullian Assange ស្ថាបនិក Wikileaks ដាក់គុក​នោះ​ទេ។ ដូចជា​នាយក​រដ្ឋមន្រ្តី​រុស្ស៊ី ប្រធានាធិបតី​ប្រេស៊ីល​ដែល​ជិត​ផុត​អាណត្តិ គឺ​លោក​លូឡា បាន​ថ្លែង​កាលពីថ្ងៃ​ម្សិលមិញ​ថា លោក​គាំទ្រ​ការងារ​របស់​Jullian Assange។

ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​វិញ ក៏​បាន​សំដែង​ការព្រួយបារម្ភ​របស់​ខ្លួន​ពី​ការរឹតត្បិត​កាន់តែ​ខ្លាំង​ទៅ​លើ​សេរីភាព​ព័ត៌មាន។ នោះគឺ​ក្រៅតែ​ពី​ស្ថាបនិក​ត្រូវ​គេ​ចាប់​ដាក់ឃុំ វិបសៃត៍​ Wikileaks​ក៏​កំពុង​រង​គំនាប​ខ្លាំង​ពី​ខាង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួនដែរ។ ក្រុមហ៊ុន​ទាំងនោះ ដូចជា Master Card ឬ​Paypalជាដើម ដែល​ធ្លាប់​តែ​ផ្តល់​សេវា​ទូទាត់​ប្រាក់​ជាមួយ Wikileaks​បាន​សម្រេច​បញ្ឈប់ លែងផ្តល់​សេវា​ជួយ​បញ្ជូន​លុយ​​ពី​ម្ចាស់​អំណោយមួយ​ចំនួន​ទៅឲ្យ​អ្នកបង្កើត​ Wikileaks។ ជា​លទ្ធផល នៅពេល​នេះ វិបសែត៍​ Wikileaks​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ខ្លាំង។ ក្រៅតែ​ពី​មាន​ការវាយប្រហារ​មកលើ​ប្រព័ន្ធ​អ៊ិនធ័រណេត​របស់​ខ្លួន Wikileaks ដែល​មាន​ស្ថាបនិក​កំពុង​ជាប់ឃុំ នៅ​ប្រទេស​អង់គ្លេស កំពុង​ជួបវិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងខ្លាំង។

ទោះជា​លែង​មាន​ការជួយ​ពី​ខាងក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ិនធ័រណេត និង​ពួក​ធនាគារ Wikileaks​មិន​បាន​ឯកោរ​ទេ។ ចំនួន​អ្នកគាំទ្រ​ Wikileaks​មាន​កាន់តែ​ច្រើន​ឡើងៗ។ អ្នកប្រើប្រាស់​អ៊ិនធ័រណេត​មួយ​ចំនួន ដែល​មាន​ជំនាញ​ខាង​ព័ត៌មាន​វិទ្យា​បាន​ធ្វើការ​សងសឹក​ជំនួស​លោក​Jullian Assange ដោយ​បាន​វាយប្រហារ​ទៅ​លើ​ប្រព័ន្ធ​អ៊ិនធ័រណេត​របស់​ប្រព័ន្ធ​ទូទាត់​ប្រាក់ ដូចជា​ Master Card និង​Paypal ពោល​គឺ​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​ពួកគេ​ចាត់ទុក​ជា​សត្រូវ​របស់ Wikileaks។

នៅ​ថ្ងៃសុក្រ​នេះដែរ ប្រជាជន​អូស្ត្រាលី​រាប់រយនាក់​បាន​ដើរ​ធ្វើការ​តវ៉ា នៅ​តាម​ផ្លូវ និង​បាន​នាំ​គ្នា​ផ្តិតមេដៃ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​អន្តរាគម​ជួយ​លោក​ Assange​ដែល​មាន​សញ្ជាតិ​អូស្ត្រាលី។ រដ្ឋមន្រ្តី​ការបរទេស​អូស្ត្រាលី​បញ្ជាក់​ថា គេ​នឹង​ជួយ​ផ្នែក​ផ្លូវច្បាប់​ដល់​ស្ថាបនិក​របស់​Wikileaks​នៅ​ចំពោះមុខ​ច្បាប់​ប្រទេស​ស៊ុយអេដ។ អូស្រ្តាលី​មិន​បាន​បញ្ចេញ​ប្រតិកម្ម​ច្រើន​ជាងនេះ។ កន្លងមក នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី​ធ្លាប់​បាន​ចាត់ទុក​ការចេញផ្សាយ​ឯកសារ​សំងាត់​ដោយ​Wikileaks​ថា ជា​ការមិន​ទទួល​ខុសត្រូវ​មួយ ពីព្រោះ​ការផ្សាយ​បញ្ចេញ​ឈ្មោះ​ក្នុង​ឯកសារ​ដោយ​Wikileaks​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ប្រភព​ដែល​បាន​ធ្វើការងារ​ជាមួយ​កងទ័ព​សម្ព័ន្ធមិត្ត នៅ​អាហ្វហ្កានិស្តង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ