ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អឺរ៉ុប

លោកពូទីន​នឹង​ត្រលប់​មកគ្រប់​គ្រង​​អំណាច​នៅ​វិមាន​ក្រេមឡាំង

media  
នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន​ពូទីន (ឆ្វេង) និង​លោក​ប្រធានាធិបតី​រុស្ស៊ី លោក​មេដវេឌេវ (ស្តាំ)ក្នុង​មហាសន្និបាត​គណបក្ស​កាលពី​ថ្ងៃ​សៅរ៍​ទី ២៤ កញ្ញា ២០១១ ©Reuters

ប្រធានាធិបតី និង​នាយក​រដ្ឋមន្រ្តី​រុស្ស៊ី​ ​បាន​ប្រកាស​ផ្លាស់ប្តូរ​តំណែង​គ្នា សម្រាប់​អាណត្តិ​បោះឆ្នោត​​លើកក្រោយ។ នៅក្នុង​ឳកាស​មហាសន្និបាត​គណបក្ស​ រៀបចំ​កាលពី​ថ្ងៃ​សៅរ៍​ទី ២៤ កញ្ញា ក្នុង​ទីក្រុង​ម៉ូស្គូ ប្រធានាធិបតី​រុស្ស៊ី​លោក​មេដវេឌេវបានសំណូមពរ​ឲ្យ​គណបក្ស​រួបរួម​រុស្ស៊ី ​​បោះឆ្នោត​ជ្រើសរើស​លោក​​ពូទីន ដែល​ជា​នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន ឲ្យ​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​ នៅខែ​មីនា ឆ្នាំ ២០១២​ខាងមុខ។

លោក​ពូទីន​វិញ​ប្រកាសថា បើលោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី នោះ​នាយករដ្ឋមន្រ្តី​របស់លោក គឺ​ជា​លោកមេដវេឌេវ។

 

គ្មានអ្វី​​ភ្ញាក់ផ្អើល នាយករដ្ឋមន្រ្តី​​​ ពូទីន ដែល​ត្រូវ​គេ​ចាត់ទុក​ជា​បុរស​ខ្លាំង ​មាន​​ឥទ្ធិពល និង​អំណាច​គ្រប់​គ្រង​ប្រព័ន្ធ​​​អ្នក​​នយោបាយរុស្ស៊ី ​​ត្រូវ​បាន​ប្រធានាធិបតី​បច្ចុប្បន្ន​ លោក​មេដវេឌេវ​ជម្រុញ​ឲ្យ​គណបក្ស​បោះឆ្នោត​ជ្រើសតាំង​គាត់​ជា​បេក្ខជន​ប្រធានាធិបតី។ ​លោក​ពូទីន​ធ្លាប់​ធ្វើ​ជា​ប្រធានាធិបតី​ រុស្ស៊ី ពីរអាណត្តិ ចាប់​ពីឆ្នាំ ២០០០ ដល់​ឆ្នាំ ២០០៨។ នៅឆ្នាំ ២០០០ លោក​បាន​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​ ក្រោយ​ការចាកចេញ​របស់​​ប្រធានាធិបតី​ចាស់​ លោក Boris Yeltsin​ ដែល​មាន​បញ្ហាសុខភាព។ តំណែង​ប្រធានាធិបតី​របស់​គាត់​ត្រូវ​ផ្អាក ដោយសារ​តែ​​​រដ្ឋធម្មនុញ្ញ ​ហាម​មិន​ឲ្យ​ប្រធានាធិបតី​​កាន់​អំណាច​លើស​ពី​ ២​អាណត្តិ។
 
ដោយហេតុផលនេះ​ ទើប​បាន​ជា នៅឆ្នាំ ២០០៨ ​លោក​​ពូទីន​បានរើស លោក​មេដវេឌេវ ​ដែល​កាលណោះ​ជា​អនុ​ប្រធានាធិបតី​របស់គាត់​ ​ឲ្យធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី។ ក្រោយការបោះឆ្នោត ដែល​មិនសូវ​មាន​គណបក្ស​ប្រឆាំង​ចូលរួម​ច្រើន ដោយ​សារ​នយោបាយ​បង្រ្កាប​របស់​លោក​ពូទីន លោក​មេដវេឌេ​វ​ក៏​បាន​ឡើង​ធ្វើ​ជា​ប្រធានាធិបតី ហើយ​លោក​ពូទីន​ក៏​បាន​ក្លាយ​​​ជា​នាយករដ្ឋមន្រ្តី។ ដោយពិតទៅ ​លោក​ពូទីន​ជ្រើសរើស​យក​​មេដវេឌេវ​មក​ធ្វើ​ជា​ប្រធានាធិបតី​គឺ​គ្រាន់តែ​ដើម្បីឆ្លងកាត់​ឧបសគ្គ​​មួយ កុំ​ឲ្យ​គេ​ចោទ​ថា គាត់ធ្វើ​ខុស​រដ្ឋធម្មនុញ្ញ​កាន់អំណាច​រហូតមក។​
 
បច្ចុប្បន្ន ​បើទោះបី​ជា​លោក​មេដវេឌេវ​ធ្វើ​ជា​ប្រធានាធិបតី​មែន ប៉ុន្តែ អំណាច​ពិតប្រាកដ​ត្រូវគេ​មើលឃើញថា ស្ថិតនៅក្នុង​កណ្តាប់ដៃ​របស់​លោក​ពូទីន​ដែល​ជា​នាយករដ្ឋមន្រ្តី​ឯណោះទៅវិញទេ។
 

©Reuters

បញ្ចប់មន្ទិលសង្ស័យ​ភ្នំមួយ​មាន​ខ្លាពីរ
ការស្ទង់មតិ​កន្លងមក បង្ហាញ​ថា លោកមេដវេឌេវ​មាន​ប្រជាប្រិយភាព​ជាង​លោក​ពូទីន​ក្នុង​ចំណោម​ប្រជាជន​រុស្ស៊ី។ លោក​មេដវេឌេវ​ត្រូវ​គេ​មើលឃើញ​ជា​ប្រធានាធិបតី​ដែល​នាំមក​នូវ​ការផ្លាស់ប្តូរ នៅរុស្ស៊ី ដោយ​លោក​បាន​ចេញមុខ​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ និង​ពុករលួយ ដែល​ភាគច្រើន​ប្រព្រឹត្ត​ដោយ​ពួក​មន្រ្តី​ស្និទ្ធនឹង​​លោក​ពូទីន។ ដូច្នេះ ​លោក​មេដវេឌេវ​ក៏​ត្រូវ​ពួក​អ្នកស្និទ្ធ​នឹង​លោក​ពូទីន មិនពេញចិត្ត ​និង​រិះគន់​ ដោយពួកគេ​ចង់​ឲ្យ​លោក​ពូទីន​ត្រលប់មក​កាន់​អំណាច​ប្រធានាធិបតី​វិញ​ឆាប់ៗ។
 
ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ក្រុម​មន្រ្តីរុស្ស៊ី ដែល​កន្លងមក​ទទួល​បាន​ការការពារ​ពីលោក​ពូទីន គឺដូចជា​វាយប្រហារ​ទៅ​លើ​​លោក​ពូទីន​ដែរ។ មួយវិញទៀត គេឃើញ​ថា លោក​មេដវេឌេវហាក់​​មិន​បាន​ស្ថិតនៅក្រោម​អំណាច​របស់​លោក​ពូទីនដូចដែល​គេ​បាន​គិតស្មាន​ពីមុន​មកទេ ព្រោះ នៅ​ប៉ុន្មាន​ខែមកនេះ លោក​មេដវេឌេវ​មិន​បាន​សំចៃ​មាត់​រិះគន់​នយោបាយ​របស់​លោក​ពូទីន ដូចជាក្នុង​រឿង​ប៉ះពាល់​បរិស្ថានរុស្ស៊ី​ជាដើម។ បន្ទាប់មក​គេ​ឃើញ​លោក​មេដវេឌេវ​ហ៊ាន​ដើរ​នយោបាយ​ក្រៅប្រទេស​ផ្ទុយនឹង​លោក​ពូទីន ក្នុង​សំណុំរឿង​ប្រទេស​លីប៊ី។ លោក​ពូទីនជា​នាយករដ្ឋមន្រ្តី​​បាន​ចេញមុខ​រិះគន់ និង​ប្រឆាំង​មិន​ឲ្យ​មាន​អន្តរាគមន៍​ទ័ព​បរទេស​នៅលីប៊ី ប៉ុន្តែ ប្រធានាធិបតី​​បែរជា​ស្ងាត់មាត់ មិន​ធ្វើ​វេតូ ជាហេតុ​ធ្វើ​ឲ្យ​​ក្រុមប្រឹក្សា​​សន្តិសុខអាច​​បោះឆ្នោតអនុម័ត​ឲ្យ​មាន​​អន្តរាគម​ន៍ទ័ព​នៅលីប៊ី។ 
 
ជំហរ​បញ្ច្រាសទិសគ្នានេះហើយ​ដែល​ធ្វើ​ឲ្យ​គេ​គិតស្មានថា លោក​មេដវេឌេវ​ចង់​បះបោរ​រើបម្រាស​ចេញពី​កណ្តាប់ដៃ​គ្រប់គ្រង​របស់​គ្រូពូទីន ដែលជាអ្នកធ្លាប់​លើកតែងតាំង​ខ្លួន​ឲ្យ​បាន​ក្លាយ​ជា​​ប្រធានាធិបតី។ ប៉ុន្តែ ជាក់ស្តែងទៅ លោកមេដវេឌេវ​មិន​អាច​ធ្វើ​ដូច្នេះបានទេ។ បើទោះជា​គាត់​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ប្រជាជន ប៉ុន្តែ គាត់មិន​អាច​មាន​សំឡេង​គាំទ្រ​ច្រើន​ពី​​គណបក្ស​ ដូចជា​លោក​ពូទីន​ដែល​ជា​ស្ថាបនិក​​នោះទេ។ ​ដូច្នេះ​ជីវិត​​​នយោបាយ​​របស់គាត់គឺ​​បាន​ត្រឹម​តែ​ដើរ​អបៗ​ តែ​មិនអាច​​វ៉ាប្រជែង​ ជាមួយ​លោក​ពូទីន​បុរសខ្លាំងរបស់​រុស្ស៊ីនោះទេ។



លោក​ពូទីន​​ អតីត​ភ្នាក់ងារ​សម្ងាត់​រុស្ស៊ី KGB តែងតែ​រិះគន់​នយោបាយ​របស់អាមេរិក ដូច្នេះ ចង់ មិនចង់ នៅពេល​រុស្ស៊ី​ផ្លាស់ប្តូរ​ប្រធានាធិបតី គឺ​មាន​លោក​ពូទីន​ជា​ប្រធានាធិបតី​នោះ ប្រាកដ​ណាស់​ដែល​ទំនាក់ទំនង​ល្អ​រវាង​រុស្ស៊ី និង​អាមេរិកក្នុង​អាណត្តិ​លោក​មេដវេឌេវ​​នឹង​ត្រូវ​សើរើ ផ្លាស់ប្តូរ​ឡើងវិញ។ ប៉ុន្តែ ចង់ មិនចង់ ពេលនេះ ប្រទេស​​លោកខាងលិច​ក៏​ត្រូវ​​សម្របខ្លួន​ដើម្បីអាច​ធ្វើ ​នយោបាយ​ត្រូវគ្នា​​ជាមួយ​រុស្ស៊ី ដែល​មាន​បុរស​ខ្លាំង​ពូទីន​ត្រឡប់​មក​កាន់​តំណែង​ប្រធានាធិបតី៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ