អានតួអត្ថបទ
ចិន-ប៉ាគីស្ថាន

ទំនាក់ទំនង​រវាង​ចិន​និង​ប៉ាគីស្ថាន​ផ្អែម​ជាង​ទឹកឃ្មុំ​

“ទំនាក់ទំនង​រវាង​ចិន​និង​ប៉ាគីស្ថាន​​មាន​រសជាតិ​​ផ្អែម​ជាង​ទឹក​ឃ្មុំទៅទៀត” នេះ​ជា​ការ​វាយតំលៃ​របស់​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន ​លោក Nawaz Sharif នៅ​ថ្ងៃ​សុក្រនេះ លើទំនាក់ទំនង​រវាង​​ប្រទេស​ទាំងពីរ។ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​​​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ជួប​សំណេះសំណាល​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺឈាំង។ ក្នុង​ដំណើរ​​ទស្សនកិច្ចនេះ​ ភាគី​ចិន​និង​ប៉ាគីស្ថាន​បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​ជាច្រើន។ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ឆ្នាំ​២០១២​កន្លងមក​ មាន​ជាទឹកប្រាក់​ប្រមាណ​​១២ពាន់​លាន​ដុល្លារ ហើយ​នឹង​អាច​កើន​​ដល់​១៥​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈ​ពេល​ពីរឆ្នាំ​ខាង​មុខ​នេះ។

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ Nawaz Sharif (កណ្តាល) និង​នាយករដ្ឋមន្ត្រី​ចិន​ Li Keqiang (ទី៣ស្តាំ)
នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ Nawaz Sharif (កណ្តាល) និង​នាយករដ្ឋមន្ត្រី​ចិន​ Li Keqiang (ទី៣ស្តាំ) REUTERS/Ng Han Guan/Pool
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​លោក Nawaz Sharif បាន​បំពេញ​ទស្សនកិច្ច​នៅ​​ក្រុងប៉េកាំង ​តាំងតែ​ពីលោក​​បាន​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ក្នុង​ខែ​ឧសភា​កន្លង​មក។

នៅ​ថ្ងៃ​សុក្រ​នេះ ការ​ដែល​​លោក Nawaz Sharif ​​បាន​វាយតំលៃ​ថា ទំនាក់ទំនង​រវាង​ចិន​និង​ប៉ាគីស្ថាន​​មាន​​ឱជារស​ផ្អែម​លើស​ពី​ទឹក​ឃ្មុំ​នោះ​ គ្មាន​អ្វី​គួរអោយ​ងឿងឆ្ងល់​នោះ​ទេ។ ប៉ាគីស្ថាន​​ជា​ដៃគូ​​​ការទូត​និង​យោធា​ដ៏​ជិតដិត​​របស់​ចិន។ ប៉ាគីស្ថាន​​ចង់​អោយ​​ចិនគាំទ្រ​​​ហេដ្ឋារចនាសម្ព័ន្ធ របស់​ខ្លួន​ ដើម្បីស្វែងរក​​ដំណោះស្រាយ​​បញ្ហា​សេដ្ឋកិច្ច​ជាតិ។ ចិន​បាន​ចូលរួម​​ជួសជុល​​​ផ្លូវ​ដ៏សំខាន់​មួយ​​ឈ្មោះ Karakoram ដែល​ការ​ជួសជុល​នេះ​ស្ថិត​ក្នុង​គំរោង​តំបន់​​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។ ឆ្នាំ​២០១៣​នេះ ចិន​​បាន​កាន់កាប់​កំពង់ផែ​​Gwada របស់​ប៉ាគីស្ថាន​។ ការកាន់កាប់​នេះ​ធ្វើ​អោយ​ចិន​អាច​ចូលខ្លួន​​ទៅដល់​សមុទ្រ​អារ៉ាប៊ី និងដៃ​សមុទ្រ​Ormuz​ដែល​ទីនោះ ជា​កន្លែង​សេវាដឹកជញ្ជូន​ប្រេង​ពិភពលោក។

ក្នុង​ឱកាស​ទស្សនកិច្ច​​របស់​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​នេះ ភាគី​​ប៉ាគីស្ថាន​និង​ភាគី​​​ចិន​​​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​ជាច្រើន​ដែល​ក្នុង​នោះ​គេឃើញ​មាន​កិច្ច​ព្រមព្រៀង​ទាក់ទង​​តំបន់​សេដ្ឋកិច្ច​ ការ​ការពារ​ជំងឺ​ស្វិតដៃជើង និង​បច្ចេកទេស​ផ្សេងៗទៀត។ ភាគី​ទាំងពីរ​ក៏​បាន​​​​សន្យា​សហការ​គ្នា​​ក្នុង​គំរោង​ទឹកប្រាក់​៤៤​លានដុល្លារ ​ដាក់​ដំឡើង​ប្រព័ន្ធ​ទំនាក់ទំនង​​​តាម​ខ្សែកាប​អុបទិក​​​​ នៅរ៉ាវ៉ាល់ពិនឌី ដែលជា​​ព្រំប្រទល់​​រវាងប្រទេស​​ទាំងពីរ​។

ដោយឡែក​ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​និង​នាយករដ្ឋមន្ត្រី​​​ចិនក៏​​​ត្រូវលើកយក​​​បញ្ហាទាក់ទង​ការគំរាម​កំហែង​ភេរវកម្មមក​ពិភាក្សាគ្នា​​​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ