អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

រុស្ស៊ី​ចង់​ក្លាយ​ជា​មហាអំណាច​ដូច​សម័យ​សហភាព​សូវៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់​បន្ត​លើក​ឡើង​អំពី​ស្ថានភាព​នៃ​ពិភពលោក​បច្ចុប្បន្ន ដោយ​បន្ត​ចាប់​អារម្មណ៍​ម្តង​មួយៗ ទៅ​លើ​បណ្តា​ប្រទេស​មហា​អំណាច។ អស់​ពី​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ​ពិនិត្យ​មើល​ទៅ​លើ​ករណី​នៃ​ប្រទេស​រុស្ស៊ី​ម្តង។

លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ Vladimir Poutine (ឆ្វេង) et ប្រធានាធិបតី​ Dmitri Medvedev (ស្តាំ)
លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ Vladimir Poutine (ឆ្វេង) et ប្រធានាធិបតី​ Dmitri Medvedev (ស្តាំ) (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ឆ្នាំ​១៩៩៩ នៅ​ពេល​ដែល បូរីស យ៉េលស៊ីន (Boris Eltsine) បាន​ចាក​ចេញ​ពី​តំណែង​ប្រធានាធិបតី និង​បាន​ប្រគល់​អំណាច​ទៅ​ឲ្យ វ្ល៉ាឌីមៀរ ពូទីន(Vladimir Poutine) រុស្ស៊ី​ជា​ប្រទេស​ទន់​ខ្សោយ។ ប្រព័ន្ធ​សេរី​ប្រជាធិបតេយ្យ​បែប​បស្ចិមលោក ដែល​ប្រជាជន​បាន​​ស្រឡាញ់​ផ្កាប់​មុខ ក្រោយ​ពី​សហភាព​សូវៀត​បាន​រំលំរលាយ​បាត់​ទៅ អស់​មាន​តម្លៃ​ទៀត​ហើយ ពីព្រោះ​វា​មិន​បាន​ជួយ​រុស្ស៊ី​ឲ្យ​រួច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​១៩៩៨។  រីឯ​នៅ​លើ​ឆាក​អន្តរជាតិ​វិញ រុស្ស៊ី​គ្មាន​ទម្ងន់​ ទឹក​មាត់​មិន​ប្រៃ ត្រូវ​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​មាក់​ងាយ។

នៅ​ក្នុង​បរិបទ​នេះ វ្ល៉ាឌីមៀរ ពូទីន ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​KGB និង​ដែល​ជា​អ្នក​ស្រណោះ​ស្រណោក​សម័យ​សហភាព​សូវៀត មាន​មហិច្ឆតា​ធ្វើ​ឲ្យ​រុស្ស៊ី​រស់​និង​មាន​កម្លាំង​ខ្លាំង​ឡើង​វិញ។

ម្ល៉ោះ​ហើយ​បាន​ជា​លោក​ប្រធានាធិបតី​ថ្មី ចេញ​បញ្ជា​ឲ្យ​ប្រើ​បា្រស់​ជា​ផ្លូវការ​ឡើង​វិញ ភ្លេង​ទង់​ជាតិ​សម័យ​សហភាព​សូវៀត ឲ្យ​យន្ត​ហោះ​ចម្បាំង​របស់​រុស្ស៊ី​ផ្តើម​ហោះហើរ​ឡើង​វិញ នៅ​ក្នុង​ដែន​អាកាស​អន្តរជាតិ និង​ឲ្យ​នាវា​មុជ​ទឹក​បង្កើន​សកម្មភាព​ក្នុង​សមុទ្រ​នានា នៅ​គ្រប់​ជ្រុងជ្រោយ ក្នុង​ពិភពលោក។ មិន​តែ​ប៉ុណ្ណោះ លោក ពូទីន លើក​តម្កើង​កេរ្តិ៍​ឈ្មោះ​របស់​ស្តាលីន (Staline)​ប្រមូល​លុយ​ដែល​បាន​​ពី​ការ​លក់​ថាមពល យក​មក​បង្កើត​នូវ​អ្វី​ដែល​វិមាន​ក្រេមឡាំង(Kremlin) ប្រសិទ្ធ​នាម​ឲ្យ​ថា «លទ្ធិ​ប្រជាធិបតេយ្យ​ក្រោម​ការ​ឃ្លាំ​មើល»។

នៅ​ក្នុង​ន័យ​នេះ អាជ្ញាធរ​បំបិទ​មាត់​អ្នក​ប្រឆាំង កាន់កាប់​ទូរទស្សន៍​ ​កាត់​បន្ថយ​អំណាច របស់​រដ្ឋសភា ឃ្លាំ​មើល​រាល់​សកម្មភាព​នយោបាយ​របស់​បក្ស​ប្រឆាំង ត្រួតត្រា​វិស័យ​សេដ្ឋកិច្ច​ណា​ដែល​មាន​លក្ខណៈ​យុទ្ធសាស្រ្ត ចាប់Mikhaïl Khodorkovski ​ថៅកែ​ក្រុមហ៊ុន​សាំង​Ioukos ដាក់​គុក ពីព្រោះ​មហាសេដ្ឋី​រូប​នេះ​ចង់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ។

ក្នុង​គោល​ដៅ​ធ្វើ​ឲ្យ​រុស្ស៊ី​រស់​ និង​មាន​កម្លាំង​ខ្លាំង​ឡើង​វិញ លោក វ៉្លាឌីមៀរ ពូទីន អនុវត្ត​ធម៌​ក្តៅ នៅ​ឆេឆេនី​(Tchétchénie) តាម​រយៈ​នយោបាយ​បោសសម្អាត​ពូជសាសន៍ ចាប់​ផ្តើម​ពង្រឹង​ឥទ្ធិពល​របស់​រុស្ស៊ី​ឡើង​វិញ នៅ​ក្នុង​បណ្តា​ប្រទេស​ជិត​ខាង​ ដែល​ជា​អតីត​សាធារណរដ្ឋ​សហភាព​សូវៀត។ មហិច្ឆតា​អន្តរជាតិ​របស់​លោក​ពូទីន​ស្តែង​ឡើង​ជា​ពិសេស នៅ​ថ្ងៃ​ទី​២​សីហា​ឆ្នាំ​២០០៧។ កាលណោះ តាម​រយៈ​ការ​ដោត​ទង់​ជាតិ​រុស្ស៊ី នៅលើ​ដី​បាត​មហា​សមុទ្រ​Arctique​ត្រង់​ចំណុច​អក្ខោសានឧត្តរ ​ក្នុង​ជម្រៅ​ប្រមាណ​៤២៦១ម វិមាន​ក្រេមឡាំង​បញ្ជាក់​ប្រាប់​ពិភពលោក​ថា ប៉ូល​ចុង​ខាង​ជើង​បំផុត​នៃ​ភព​ផែន​ដី ជា​កម្មសិទ្ធិ​របស់​រុស្ស៊ី។

ដើម្បី​ដាក់​គំនាប​ទៅ​លើ​បណ្តា​អតីត​សាធារណរដ្ឋ​សហភាព​សូវៀត​ដែល​ចង់​ងាក​ចេញ​ពី​រុស្ស៊ី​ទៅ​រក​បស្ចិម​លោក វិមាន​ក្រេមឡាំង​យក​ឧស្ម័ន​មក​ធ្វើ​ជា​អាវុធ ដោយ​ដំឡើង​តម្លៃ​នៃ​ថាមពល​នេះ ឬ​ក៏​​ឈប់​បង្ហូរ​វា​ទៅ​ចែកចាយ​ឲ្យ​បណ្តា​ប្រទេស​ក្បាល​រឹង ដូច​ជា​ហ្ស័កហ្ស៊ី ​(Georgie) អ៊ុយក្រែន(Ukraine) អារមេនី(Arménie) និង បៀឡូរុស្ស៊ី​(Biélorussie)។ មិន​តែ​ប៉ុណ្ណោះ បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត​ខ្លះ​ដែល​ជា​សមាជិក​ថ្មីថ្មោង​របស់​សហភាព​អឺរ៉ុប ដូច​ជា​ហុងគ្រី(Hongrie) ប៉ូឡូញ​(Pologne) និង ប៊ុលហ្ការី​(Bulgarie)​ក៏​ឋិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​ថ្នាក់​ដឹកនាំ​រុស្ស៊ី​ដែរ។

 
នៅ​លើ​វិស័យ​ការ​ទូត តាំង​ពី​ឆ្នាំ​១៩៩៩​មក​ រុស្ស៊ី​ប្រឹងប្រែង​បង្កើត​រណសិរ្ស​មួយ​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក នៅ​លើ​ឆាក​អន្តរជាតិ។ នៅ​ក្នុង​ន័យ​នេះ ទីក្រុង​Moscou ចង​សម្ព័ន្ធភាព​ផ្នែក​ថាមពល ​និង​យោធា​ជាមួយ​ប្រទេស​វេណេហ្ស៊ុយអេឡា​(Venezuela) អៀរ៉ង់​(Iran)​និង ស៊ីរី​(Syrie)។ នៅ​ក្នុង​ន័យ​នេះ​ដែរ នា​ឱកាស​សន្និសីទ​នៅ​ទីក្រុង​Munich ស្តី​ពី​សន្តិសុខ ក្នុង​ឆ្នាំ​២០០៧ លោក​វ៉្លាឌីមៀរ ពូទីន និយាយ​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​អ្វី​ដែល​ហៅ​ថា «ឯកតោ​ភាគី​និយម» ខ្លាំង​ជ្រុល​របស់​សហរដ្ឋ​អាមេរិក។ មិន​តែ​ប៉ុណ្ណោះ រុស្ស៊ី​ជំទាស់​មិន​ឲ្យ​អាមេរិក​ស្រូប​យក​អ៊ុយក្រែន និង​ហ្ស័កហ្ស៊ី ទៅ​ចូល​ជា​សមាជិក​អង្គការ​OTAN។

គឺ​នៅ​ក្នុង​បរិបទ​តាន​តឹង​បែប​នេះ​ហើយ ដែល​សង្គ្រាម​រវាង​រុស្ស៊ី​និង​ហ្ស័កហ្ស៊ីដែល​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ​២០០៨​ត្រូវ​គេ​បក​ស្រាយ​ថា ជា​ការ​ប្រឈម​មុខដាក់​គ្នា​ដោយ​ប្រយោល រវាង​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក។

ក្រោយ​មក​ទៀត ឌ្មីទ្រី មេដវេដេវ (Dmitri Medvedev) ដែល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ខែ​មីនា​ឆ្នាំ​២០០៨​ដោយសារ​តែ​អន្តរាគមន៍​និង​ការ​គាំទ្រ​របស់ ​ពូទីន ដែល​គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​ប្រមុខរដ្ឋ​មួយ​អាណត្តិ​បន្ថែម​ទៀត បន្ត​នយោបាយ​របស់​ពូទីន ​ត​ទៅ​ទៀត។ នោះ​គឺ ធ្វើ​ឲ្យ​រុស្ស៊ី​រស់​និង​មាន​កម្លាំង​ខ្លាំង​ឡើង​វិញ។

បី​ខែ​ប៉ុណ្ណោះ​ក្រោយ​ជ័យជំនះ​យោធា​របស់​រុស្ស៊ី​ទៅ​លើ​ហ្ស័កហ្ស៊ី លោក​ប្រធានាធិបតី​ថ្មី មេដវេដេវ ​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អាមេរិក​ខាង​ត្បូង នៅ​ពេរូ​(Pérou) វេណេហ្ស៊ុយអេឡា​(Venezuela) ប្រេស៊ីល​(Brésil) និង​គុយបា​(Cuba)។ ជា​លើក​ទី​មួយ​បង្អស់ ក្រោយ​ពី​សង្រ្គាម​ត្រជាក់​បាន​ចប់​ទៅ នាវា​ចម្បាំង​រុស្ស៊ី​ធ្វើ​ចរាចរណ៍​ទៅ​ដល់​សមុទ្រ​ការ៉ាអ៊ីប្ស​(Caraïbes)។ សមយុទ្ធ​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​វត្តមាន​របស់​នាវា​ចម្បាំង​អាមេរិក​នៅ​ម្តុំ​សមុទ្រ​ខ្មៅ ក្នុង​ពេល​ដែល​សង្គ្រាម​រវាង​រុស្ស៊ី​និង​ហ្ស័កហ្ស៊ី​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ខែ​សីហា​ឆ្នាំ​២០០៨។

បន្តិច​ម្តងៗ រុស្ស៊ី​ដែល​ស្រណោះស្រណោក​សម័យ​សហភាព​សូវៀត ក៏​មាន​គំនិត​ដូច​ថ្នាក់​ដឹក​នាំ​សម័យ​សហភាព​សូវៀត​ដែរ។ នោះ​គឺ បស្ចិម​លោក​ចង់​ធ្វើ​ឲ្យ​រុស្ស៊ី​ខ្សោយ ចង់​បាន​សម្បត្តិ​ធម្មជាតិ​របស់​រុស្សី ម្ល៉ោះ​ហើយ​រុស្ស៊ី​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​និង​ចេះ​ការពារ​ខ្លួន។

អ៊ីចឹង​ហើយ បាន​ជា​វិមាន​ក្រេមឡាំង បន្ត​ចាត់​ទុក​អង្គការ​OTAN ថា​ជា​សត្រូវ​ធំ។ ជាក់ស្តែង នៅ​ក្នុង​ឯកសារ​ទ្រឹស្តី​យោធា​ថ្មី​របស់​រុស្ស៊ី ចុះ​ហត្ថលេខា​ដោយ​មេដវេដេវ ផ្ទាល់ ទីក្រុង​ម៉ូស្គូ យល់​ឃើញ​ថា អង្គការ​OTAN ជា​សត្រូវ​ទី​មួយ​របស់​ខ្លួន មុន​ការ​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ ឬ​ក៏​ភេរវកម្ម​ទៅ​ទៀត។

យ៉ាង​ណា​ក៏​ដោយ ជាមួយ​វិបត្តិ​សកល​តាំង​ពី​ឆ្នាំ​២០០៨​មក សេដ្ឋកិច្ច​របស់​រុស្ស៊ី​ថមថយ​កម្លាំង ជាហេតុ​ធ្វើ​ឲ្យ​ទីក្រុង​Moscou ពិបាកខ្លាំង​ឡើងៗ ក្នុង​ការ​សម្រេច​មហិច្ឆតា​អន្តរជាតិ​របស់​ខ្លួន។
មិន​តែ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​មហា​អំណាច​ថ្មីថ្មោង ដូច​ជា​ប្រេស៊ីល ចិន និង ឥណ្ឌា​ជា​ដើម រុស្ស៊ី​ជា​ប្រទេស​មួយ​ដែល​មិន​សូវ​មាន​សក្តានុពល។ ប្រជាជន​រុស្ស៊ី​មាន​វ័យ​ចាស់​ទៅៗ និង​មាន​ចំនួន​តិចទៅៗ។ រីឯ​សេដ្ឋកិច្ច​នៃ​ប្រទេស​វិញ ពឹងពាក់​ខ្លាំង​ជ្រុល​ពេក​ទៅ​លើ​តែ​ការ​លក់​ថាមពល ពិសេស​ឧស្ម័ន​និង​ប្រេងកាត។ មិន​តែ​ប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធ​ដែល​សល់​ពី​សម័យ​សហភាព​សូវៀត កាន់​តែ​ចាស់​ខូច​ខាត​ខ្ទេចខ្ទី និង​ស្ទើរ​តែ​មិន​ដែល​ទទួល​ការ​ជួសជុល​សោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ