អានតួអត្ថបទ
ឧបទ្វីបកូរ៉េ​

កូរ៉េ​ខាងត្បូង​និង​អាមេរិក​ធ្វើ​សមយុទ្ធ ចំ​ថ្ងៃ​គ្រួសារ​កូរ៉េ​ទាំងពីរ​ជួប​គ្នា​

កូរ៉េខាងត្បូង និង​អាមេរិក បាន​និយាយ​នៅ​ថ្ងៃចន្ទនេះថា ពួកគេនឹង​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួមគ្នា ​នៅ​ថ្ងៃទី ​២៤​កុម្ភៈខាងមុខ។ ជាពេល​វេលា ដែល​ស្រប​គ្នា ទៅនឹងគម្រោង ដែល​កូរ៉េ​ខាង​ជើង និង​កូរ៉េខាងត្បូង គ្រោង​រៀបចំ ​អោយមាន​ជំនួប​សមាជិកគ្រួសារ​កូរ៉េទាំងពីរ ​ដែល​បាន​​បែកបាក់គ្នា​ ​ដោយ​សង្គ្រាម​កូរ៉េ កំឡុង​​ដើមទស្សវត្សរ៥០នោះ។ ប៉ុន្តែ​ ទីក្រុង​ព្យុងយ៉ាង បាន​​​គម្រាម​ជាស្រេច​ថា ​នឹង​លុប​ចោល​គម្រោង​នេះ ប្រសិន​បើ​មាន​ការ​ធ្វើ​សមយុទ្ធ​ រវាង​​កូរ៉េខាងត្បូង និង​អាមេរិក មែន​នោះ។

ជំនួបរវាងមេដឹកនាំ កូរ៉េខាងជើង និង​កូរ៉េខាងត្បូង កាលពី​ពេល​កន្លងទៅ។
ជំនួបរវាងមេដឹកនាំ កូរ៉េខាងជើង និង​កូរ៉េខាងត្បូង កាលពី​ពេល​កន្លងទៅ។ Reuters
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងត្បូង និង​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស ក៏​ដូចជា​បាន​ព្រម​ព្រៀងគ្នាហើយ​ថា ពួកគេ​នឹងចាប់ផ្តើម​​សមយុទ្ធ​យោធារួម​គ្នាមួយ នៅ​ថ្ងៃទី២៤កុម្ភៈខាងមុខ។ ជាពេល​វេលា ដែល​ជាន់ទៅនឹង​ថ្ងៃនៃការធ្វើ​ពិធីជួបជុំ​​ក្រុម​គ្រួសារ​កូរ៉េទាំងពីរ ដែល​បាន​បែក​បាក់ ដោយ​សារ​សង្គ្រាម​ កំឡុង​ដើម​ទស្សវត្ស៥០។ ពិធីជួបជុំគ្រួសារ​កូរ៉េ​នោះ គឺ​នឹង​ត្រូវ​ធ្វើ ពី​ថ្ងៃទី២០ ដល់ថ្ងៃ​ទី២៥កុម្ភៈ នៅ​ទឹក​ដី​កូរ៉េខាងជើង។

ចំពោះ​ ​ការ​ធ្វើ​​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ដែល​មាន​ឈ្មោះ​ថា​ Key Resolve" និង "Foal Eagle» រវាង​កូរ៉េខាងត្បូង​ និង​អាមេរិក នឹងត្រូវ​ចាប់ផ្តើម​ ពីថ្ងៃទី២៤កុម្ភៈ​ ហើយ​បញ្ចប់នៅថ្ងៃទី ១៨មេសា។ វា​ជា​សមយុទ្ធទ្វេភាគី ដែល​មាន​ទាហានអាមេរិក​ចូលរួម​សរុប ​១២.៧០០​នាក់។​

សមយុទ្ធ​យោធានេះផងដែរ ក៏​​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​ហាក់ដូចជា​ មិន​បាន​ខ្វល់ទៅនឹង​ការ​ព្រមាន របស់​កូរ៉េខាងជើងនោះឡើយ។ កូរ៉េ​ខាងជើង ដែល​កាលពី​ពេល​ថ្មីៗនេះ ​បាន​អំពាវនាវ​ ដល់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ​និង​​​វ៉ាស៊ីនតោន​ អោយ​លុបចោល​សមយុទ្ធ​ប្រចាំ​ឆ្នាំ​នេះ។ លើសតែពីការ​អំពាវនាវ កូរ៉េខាងជើង ក្រោម​ការ​ដឹកនាំ ដោយ​មេដឹកនាំវ័យ​ក្មេង គីម ជុនអ៊ុន ក៏ថែមទាំងបាន​ព្រមាន​ថា ប្រសិន​បើ​អាមេរិក និង​កូរ៉េខាងត្បូង មិន​រអារ ហើយនៅ​តែផ្គើន ធ្វើ​សមយុទ្ធនេះ នោះ​ពួកគេ ​ ​នឹងអាច​ជូប​នៅ​ "​មហន្តរាយ ​ដែល​នឹក​ស្មាន​មិន​ដល់​" ​មួយ​។ ទីក្រុង​ព្យុងយ៉ាង ជា​រឿយៗ​ តែងតែ​បាន​​ថ្កោលទោស​ថាការ​ធ្វើ​សមយុទ្ធនេះ គឺ​​ជា​ទង្វើ​ត្រៀម​រៀបចំ​ជើងព្រួល​ ក្នុង​ការ​វាយលុក​ចូល​ក្នុង​ទឹកដី​កូរ៉េខាងជើង។

យ៉ាងណាក៏ដោយ​ ប្រធានាធិបតីកូរ៉េខាងត្បូង លោក​ស្រី ប៉ាក គុនហេ (Park Geun-Hye) បាន​ជំរុញ ឲ្យ​ទីក្រុង​ព្យុងយ៉ាង គោរព​ចំពោះ​កិច្ច​ព្រមព្រៀង​របស់​ខ្លួន សម្រាប់​ជំនួប​គ្រួសារ​កូរ៉េ​ទាំងពីរ ដែល​ព្រាត់ប្រាសគ្នាពីសម័យ​សង្គ្រាម ដែលគ្រួសារ​ អ្នក​ដែល​បាន​បែក​បាក់​គ្នា​ភាគ​ច្រើន​ មាន​វ័យ​កាន់តែជរា និង​ថែមទាំងមាន​សុខភាពទន់ខ្សោយទៀតផង។

គួររម្លឹកថា កាលពី​ថ្ងៃទី០៦កុម្ភៈកន្លងទៅ ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​ បាន​បញ្ជាក់​ជា​ថ្មី​ថា សមយុទ្ធ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ដូច​ការ​គ្រោង​ទុក និង​ព្រមាន​ថា គេ​មិន​គួរ​យក​គម្រោង​រៀបចំ​ជំនួប​រវាង​ក្រុមគ្រួសារ​កូរ៉េ​​ ​ មក​ធ្វើ​ជា​ចំណាប់ខ្មំាង​ ដើម្បី​កេងចំណេញ​ខាង​ នយោបាយ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ