ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
អាស៊ី

កំពង់ផែ​ទីមួយ​សាងសង់​ដោយ​ប្រាក់​វិនិយោគ​ចិន​ចាប់មាន​សកម្មភាព​

media  
លោក​ប្រធានាធិបតី​ស្រីលង្កា Mahinda Rajapakse ​ AFP

កំពង់ផែ​សមុទ្រ​ទីមួយ​សាងសង់​ដោយ​ប្រទេសចិន​នៅស្រីលង្កា​​​​ ​ ដែលជា​និមិត្តរូប​នៃ​ការ​បោះ​ទុន​ធ្វើ​វិនិយោគ​នៃ​ទីក្រុង​ប៉េកាំង​នៅ​តំបន់​អាស៊ី​ប៉ែក​ខាងត្បូង​ ​ បានចាប់​ផ្តើម​មាន​សកម្មភាព​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​ថ្ងៃពុធ​ទី៦​មិថុនា​ឆ្នាំ២០១២នេះ​ ​ ដោយ​ទទួល​បាន​នូវ​រថយន្ត​ប្រមាណ​មួយពាន់​គ្រឿង​មកពី​ប្រទេស​ឥណ្ឌា​ ​ សម្រាប់​ដឹក​បញ្ជូន​ទៅ​កាន់​ប្រទេស​អាលហ្សេរី។

ឋិតនៅ​ក្នុង​តំបន់​ Hambantota ​ប៉ែក​ខាងត្បូង​នៃ​កោះស្រីលង្កា ​ ដែលជា​ដែន​អំណាច​របស់​លោក​ប្រធានាធិបតី​ Mahinda Rajapakse ​ ​ កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​សាងសង់​ដោយ​ទីក្រុង​ប៉េកាំង​បាន​តម្រូវ​ឲ្យ​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​១ ៥០០លាន​ដុល្លារ។​ កំពង់ផែនេះ​ឋិតនៅ​លើ​ផ្លូវ​នាវាចរណ៍​អន្តរជាតិ​ដ៏សកម្ម​ដែលមាន​នាវា​ប្រមាណ​ពី​២០០​ទៅ៣០០​គ្រឿង​ក្នុង​១ថ្ងៃៗ​ធ្វើ​ដំណើរ​ឆ្លងកាត់។

 
កំពង់ផែ​ Hambantota​ នេះ​បាន​ស្គាល់​ដំណើរ​ការ​យឺតយ៉ាវ​អស់​រយៈពេល​មួយឆ្នាំ​ ​ ហើយ​គោល​បំណង​នៃ​កំពង់ផែ​នេះ​គឺ​ជួយ​ជំរុញ​ការ​ដោះដូរ​ពាណិជ្ជកម្ម​នៅ​អាស៊ី​និង​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​ស្រីលង្កា។​ កោះស្រីលង្កា​ដែលបាន​ស្គាល់​សង្គ្រាម​ស៊ីវិល​ដ៏​សែនសាហាវ​នារយៈកាល​៣ទសវត្សរ៍​ចុងក្រោយនេះ។

គួរកត់​សម្គាល់ថា​ ​ មហាអំណាច​តំបន់​ដែលជិត​ប្រទេសស្រីលង្កាជាងគេ​គឺ​ប្រទេស​ឥណ្ឌា​ ​ បាន​បដិសេធ​ពុំ​ព្រម​សាងសង់​កំពង់ផែ​ Hambantota​ នេះ​ ​ ដោយ​សំអាងថា​ ​ គ្មាន​ផលប្រយោជន៍​សំខាន់​ក្នុង​វិស័យ​ពាណិជ្ជកម្ម។​ ក៏ប៉ុន្តែ​ ការសាងសង់​កំពង់ផែ​ឋិតនៅ​ក្នុង​តំបន់​ Hambantota ​ប៉ែក​ខាងត្បូង​នៃ​កោះស្រីលង្កាដោយ​ប្រទេសចិន​ពុំបាន​ធ្វើឲ្យ​ប្រទេស​ឥណ្ឌា​សប្បាយចិត្ត​ឡើយ​ ​ ដោយហេតុ​ទីក្រុង​ញូវដែលី​ខ្លាច​អានុភាព​របស់​ទីក្រុង​ប៉េកាំង​រីក​កាន់តែ​ខ្លាំងឡើងៗ​ក្នុងតំបន់។

សូមបញ្ជាក់ថា​ ​ ទីក្រុង​ប៉េកាំង​ចង់​ចងក្រង​ឲ្យមាន​ការ​ប្រទាក់​បណ្តាក់​គ្នា​រវាង​កំពង់ផែ​សមុទ្រ​ចាប់តាំង​ពី​កំពង់ផែ​នៃ​ប្រទេស​ប៉ាគីស្ថាន​ ​ កោះម៉ាល់ឌីវ​ ​ ស្រីលង្កា​ ​ បង់ក្លាដែស​ ​ ប្រទេស​ភូមា​ ​។ល។​ ​ ដើម្បី​បម្រើ​យុទ្ធសាស្ត្រ​ឡោមព័ទ្ធ​ប្រទេស​ឥណ្ឌា។

ប្រទេសចិន​ចាប់តាំង​ពីពេល​នោះមក​បាន​ទទួល​យល់ព្រម​សាងសង់​កំពង់ផែ​ទីពីរ​នៅ​រដ្ឋធានី​កូឡុំបូ​ ​ ហើយ​សហគ្រាស​ចិន​បាន​សន្យាថា​នឹង​ធ្វើការ​បោះទុន​ប្រមាណ​៥០ពាន់លាន​ដុល្លារ​ទៀត​ចាប់ពី​ពេលនេះ​ទៅ១០ឬ​១៥ឆ្នាំ​ខាងមុខ។​ នេះ​បើយោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ស្រីលង្កា។

នៅ​ប្រទេស​ដទៃទៀត​នៃ​តំបន់​អាស៊ី​ខាងត្បូង​ ​ ប្រទេស​ចិន​បាន​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​នៅ​ប្រទេស​ប៉ាគីស្ថាន​ ​ សាងសង់​ផ្លូវរថភ្លើង​នៅ​ប្រទេស​នេប៉ាល់។​ ប្រទេស​នេប៉ាល់​ដែលជា​សម្ព័ន្ធមិត្ត​ចាស់​របស់​ប្រទេស​ឥណ្ឌា​ ​ កំពុង​ឃើញ​ឥទ្ធិពល​របស់​ទីក្រុង​ប៉េកាំង​រីក​សាយភាយ​កាន់តែ​ខ្លាំងឡើងៗ។​ ទាំងនេះ​នឹងធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​កើតមាន​ក្តីបារម្ភ​ពុំតិច​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ