អានតួអត្ថបទ
រុស្ស៊ី-ឥណ្ឌូណេស៊ី

ជុំវិញ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ស៊ីវិល​រុស្ស៊ី នៅ ឥណ្ឌូណេស៊ី

យន្តហោះ​រុស្ស៊ី​ធុន Superjet-100 ដែល​បាន​បាត់ខ្លួន​ពី​កញ្ចក់ Radar​ក្រោយ​ពី​វា​ហោះ​បង្ហាញ​ម្សិលមិញ ចេញ​ពី​អាកាសយានដ្ឋាន​ក្រុង Jakarta ទើប​បាន​២០​នាទី ត្រូវ​បាន​គេ​រក​ឃើញ​ទៅ​ហើយ​ព្រឹក​ថ្ងៃ​នេះ។ គឺ​វា​ធ្លាក់ ដោយ​បុក​ភ្នំ​នៅ​ត្រង់​កំពស់​១,៦គ.ម.​ចម្ងាយ​៥០គ.ម. ពី​អាកាសយានដ្ឋាន​នោះ។ តើ​អ្វី​ទៅ​ជា​យន្តហោះ Superjet-100 នោះ ?

Sukhoi Superjet-100
Sukhoi Superjet-100 ©RFI-ឆាយា
ផ្សាយពាណិជ្ជកម្ម

ឈ្មោះ​ពេញ​របស់​វា គឺ​យន្តហោះ Sukhoi Superjet-100។ វា​ផលិត​ដោយ​រោងចក្រ​នៃ​ក្រុមហ៊ុន Sukhoi នៅក្រុង Komsomolsk មាត់​ទន្លេ Amour ឯ​ចុង​បូព៌ា​ប្រទេស​រុស្ស៊ី ​ដែល​ ជាទូទៅ ល្បី​ខាង​ផលិត​យន្តហោះ​ចម្បាំង​ធុន Sukhoi។ ប៉ុន្តែ នៅ​ឆ្នាំ​២០០០ មាន​បង្កើត​ឡើង ជា​សាខា​មួយ​ពិសេស​របស់​វា ខាង​ផលិត​យន្តហោះ​ស៊ីវិល​សម្រាប់​ដឹក​អ្នក​ដំណើរ។

យន្តហោះ Superjet-100 ជា​យន្តហោះ​រុស្ស៊ី​ធុន​ថ្មី​ទី​១ ផលិត​ក្រោយពី​សហភាព​សូវៀត​រលាយ​ទៅ​ក្នុង​ឆ្នាំ​១៩៩១។ វា​ត្រូវ​ចូល​ខ្លួន​ទៅ​ជំនួស​យន្តហោះ​ផលិត​តាំងពី​ជំនាន់​សូវៀត បែប​យ៉ាង​ធុន Tu-134 និង Yak-42។

តាម​តួលេខ​ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរុស្ស៊ី គម្រោង​បង្កើត​យន្ត​ហោះ​នេះ បាន​តម្រូវ​ឲ្យ​ចំណាយ​អស់ ១.១៤០​លាន​ដុល្លារ ពីក្នុង​នោះ​ចេញ​ពី​ថវិកា​រដ្ឋ គឺ​មាន​រំលែក​ទៅ​៥៤០​លាន​ដុល្លារ។

យន្តហោះ Superjet-100 អាច​ផ្ទុក​អ្នកដំណើរ​បាន​៩៨​នាក់ ផលិត​ជា​២​បែប ៖ គឺ​មួយ​សម្រាប់​ហោះ​ទៅ​ចម្ងាយ​ដល់​៣.០០០គ.ម. និង​ទៅ​ចម្ងាយ​ដល់ ៤.៤០០គ.ម.។ ក្រុមហ៊ុន Sukhoi គ្រោង​លក់​យន្តហោះ​ថ្មី​នោះ ទៅ​ទល់​ឆ្នាំ​២០២៩ ឲ្យ​បាន​៨០០​គ្រឿង ឬ​ស្មើ​នឹង​១៥% នៃ​ទីផ្សារ​យន្តហោះ​ពិភពលោក ខាង​ហោះ​ទៅ​ចម្ងាយ​ខ្លី​និង​មធ្យម។ តម្លៃ​វា ១​គ្រឿង​ៗ គឺ ៣១,៧​លាន​ដុល្លារ។

យន្តហោះ​ដែល​ធ្លាក់​ទៅ​នោះ បាន​ផ្តើម​ហោះហើរ គឺ​នៅ​កណ្តាល​ឆ្នាំ​មុន ហើយ​តាំងពី​ពេល​នោះ​មក វា​ហោះ​បាន ៥០០​លើក​ទៅ​ហើយ និង​បាន​ស្ថិត​ក្នុង​អាកាស​ដល់​ទៅ ជាង​៨០០​ម៉ោង។ ការហោះ​លើក​នេះ នៅ​ឥណ្ឌូនេស៊ី គឺ​ក្នុង​ន័យ​បង្ហាញ​គុណសម្បត្តិ​វា សម្រាប់​ទាក់​ចិត្ត​អ្នក​ទិញ។ ម៉្លោះ​ហើយ បានជា​ក្នុង​ចំណោម​អ្នក​ជិះ មាន​ជាតិ​ឥណ្ឌូនេស៊ី ដល់​ទៅ​៣៦​នាក់ ជា​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​ប្លែកៗ នៃ​ប្រទេស​នេះ។

មុន​ទៅ​ដល់​ឥណ្ឌូនេស៊ី វា​បាន​ធ្វើ​ការហោះ​បង្ហាញ​បែប​នេះ នៅ​ប្រទេស​ប៉ាគីស្ថាន និង​ភូមា រួច​បន្ទាប់​មក វា​ត្រូវ​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ឡាវ និង វៀតណាម។

តាម​ដែល​អនុប្រធាន​ក្រុមហ៊ុន Sukhoi ខាង​ធ្វើ​ការងារ​ជាមួយ​អតិថិជន លោក Igor Syrtsov បាន​ថ្លែង​គិត​ពី​ឆ្នាំ​២០១០មក ក្រុមហ៊ុន​បាន​ចុះ​កិច្ចសន្យា​ដូច​តទៅ គឺ ៖ សម្រាប់​លក់​ទៅ​ឥណ្ឌូនេស៊ី យន្តហោះ Superjet-100 ចំនួន​៤២​គ្រឿង លក់​ទៅ​ម៉ិចស៊ិក​១៥​គ្រឿង​ លក់​ទៅ​អ៊ីតាលី​១២​គ្រឿង លក់​ទៅ​ឡាវ គឺ ៣​គ្រឿង។ បច្ចុប្បន្ន កំពុង​ដំណើរការ​ក្នុង​ក្រុមហ៊ុន​រុស្ស៊ី Aerofolt ​គឺ​មាន​យន្តហោះ​នេះ ​៧​គ្រឿង និង​១​គ្រឿង ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ Armenie។

តាម​មតិ​ពួក​អ្នក​ឯកទេស​ក្រុមហ៊ុន​ណា​នៅ​អាស៊ី​ដែល​កំពុង​តែ​សម្លឹង​មើល​យន្តហោះ​រុស្ស៊ី​នេះ​នៅ​ឡើយ គេ​នឹង​អារ​កាត់ គឺ​ក្រោយពី​គេ​ដឹង​ឲ្យ​បាន​ច្បាស់​សិន អំពី​កាលៈទេសៈ និង​មូលហេតុ​នៃ​គ្រោះថ្នាក់​ដែល​បាន​កើត​ឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ