អានតួអត្ថបទ
ថៃ

ប្រទេសថៃហាមលក់សៀវភៅដែលរិះគន់រាជានិយមថៃ

ប្រទេស​ថៃ​​ មាន​ច្បាប់​ដ៏​តឹងតែង​បំផុត​មួយ​នៅ​លើ​លោក។ ច្បាប់​នេះ​ ចែង​ពី​ការ​​ដាក់ទោស​ឲ្យ​​ជាប់​ពន្ធនាគារ​រហូត​១៥​ឆ្នាំ​ លើ​ជន​ណា​​ដែល​​និយាយ​ឬ​សរសេរ​រិះគន់​​រាជា​និយម​ថៃ។ ជាក់​ស្តែង​អាជ្ញាធរ​​ថៃ ទើប​នឹង​ប្រកាស​ហាម​​លក់​​សៀវភៅ​មួយ​នៅ​ក្នុង​ប្រទេស ដែល​និពន្ធ​ដោយ​អ្នក​កាសែត​សញ្ជាតិ​អង់គ្លេស​ម្នាក់។ សៀវភៅ​ដែល​សរសេរ​អំពី « ​នយោបាយរ​បស់​ប្រទេស​ថៃ « ត្រូវ​បាន​អាជ្ញាធរ​វិនិច្ឆ័យ​-ថា​ជា​ការ​ប្រមាថ​មាក់ងាយ​ចំពោះ​រាជានិយម​ថៃ »។  

រូបភាពព្រះចៅភូមិបុល កាលពីឆ្នាំ២០១២
រូបភាពព្រះចៅភូមិបុល កាលពីឆ្នាំ២០១២
ផ្សាយពាណិជ្ជកម្ម

សៀវភៅ​ក្រោម​ចំណង​ជើង​ថា « A Kingdom​ in Crisis» ឬ ​ប្រែថា​”រាជាណាចក្រ​កំពុង​ជួប​វិបត្តិ “ដែល​និពន្ធ​ដោយ​អ្នក​កាសែត​អង់គ្លេស​ ឈ្មោះ Andrew McGregorMarshall ទើប​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មុន​នៅ​ទីក្រុង Londres ប្រទេស​អង់គ្លេស។ ក្នុង​សៀវភៅ​នេះ អ្នក​និពន្ធ បាន​លើក​ឡើង​អំពី « វិបត្តិ​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន បញ្ហា​ដែល​គេ​ពុំហ៊ាន​និយាយ​ប៉ះពាល់​ស្តីពី​​ការ​បន្ត​ស្នង​រាជវង្ស​ថៃ​និង​ពី​ការ​ប្រយុទ្ធ​តស៊ូ​ដើម្បី​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​​ប្រទេស​ថៃ។

 
សៀវភៅ​  « A Kingdom in Crisis» នេះ​ត្រូវ​បាន​លោក Somyot-​​Poompanmoung​ប្រមុខ​​​ប៉ូលិស​ថៃ ហាម​លក់​នៅ​ក្នុង​ប្រទេស​ដោយ​លោក​បាន​វិនិច្ឆ័យ​ថា”​ជា​ការ​ប្រមាថ​​​មាក់ងាយ​រាជានិយម​ថៃ និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ សន្តិភាព​ក៏​ព្រម​ទាំង​សណ្តាប់ធ្នាប់​សាធារណៈ​ផង។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ ប្រមុខ​ប៉ូលិស​ថៃ  បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា “ច្បាប់​​ស្តីពី​ការ​បោះពុម្ភ​ផ្សាយ​នានា​នៅ​ឆ្នាំ​២០០៧- ហាម​ដាច់​ខាត​មិន​​ឲ្យ​នាំ​ចូល​សៀវភៅ​មក​ពី​បរទេស​យក​មក​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ថៃ​ឡើយ”។ ដូច្នេះ“ ការ​រំលោភ​លើ​ការ​ហាមប្រាម​នេះ​នឹង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគាររ​ ​៣​ឆ្នាំ​​ និង​បង់​ពិន័យ​ប្រាក់​ចំនួន ៦​ម៉ឺន​បាត ស្មើ​នឹង​១៥០០ លុយ​អ៊ឺរ៉ូ។

ចំណែក​ឯ​អ្នកកាសែត​អង់គ្លេស​​ដែល​លែង​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ហើយ​នោះ​  បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​រហ័ស​នៅ​លើ​ប្រព័ន្ធ Twitter របស់​ខ្លួន​របៀប​ចំអក​ឲ្យ​​អាជ្ញាធរ​ថៃ​វិញ​ថា «គាត់​សូម​អរគុណ​ជា​អតិបរមា ចំពោះ​ប៉ូលិស​ថៃ​ ដែល​​បាន​​ហាម​​លក់​​សៀវភៅ​គាត់​» ពីព្រោះ ការ​ហាមឃាត់​នេះ​គឺ​ប្រៀបបី​ដូច​ជា​ការ​ផ្សាយ​ពាណិជ្ចកម្ម​មួយ​ដ៏​សម្បើម​អស្ចារ្យ​ឲ្យ​ដល់​សៀវភៅ​គាត់។

គួរ​រំលឹក​ថា ការ​ហាម​លក់​សៀវភៅ« A Kingdom​ in Crisis» ​នេះ​ពុំមែន​ជា​ករណី​លើក​ទី​មួយ​នោះ​ទេ ពីព្រោះ​កន្លង​មក​មាន​សៀវភៅ​មួយ​ចំនួន​តូច​ដែល​សរសេរ​លើក​ឡើង​អំពី​ក្រុម​ព្រះរាជវង្ស​ថៃ ដូចជា​ប្រវត្តិរូប​របស់​មហាក្សត្រ​ថៃ​ក្រោម​ចំណង​ជើង​ថា « The King never smile» ​របស់​អ្នក​កាសែត Paul Handley ក៏​ត្រូវ​បាន​គេ​ហាមឃាត់​រួច​ស្រេច​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​ថៃ។ ព្រះមហាក្សត្រ​ថៃ​ដែល​​មាន​ព្រះជន្មាយុ ៨៦​ព្រះវស្សា​ហើយ​នោះ ត្រូវ​បាន​ពលរដ្ឋ​​ថៃ​គោរព​ប្រៀបបី​ដូច​​ជា​អាទិទេព និង​ត្រូវ​បាន​ការពារ​យ៉ាង​ពិសេស​​ដោយ​​ច្បាប់​ថៃ  ចែង​ពី​​ការ​ដាក់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​១៥​ឆ្នាំ​ចំពោះ​ជន​ណា​​ដែល​ហ៊ាន​​​ប្រមាថ​ដល់​ព្រះចេស្តា​ស្តេច​ថៃ។

ក្រុម​អង្គការ​ការពារ​សិទ្ធ​មនុស្ស​នៅ​លើ​លោក ​បាន​ធ្វើ​ការ​បរិហារ​យ៉ាង​ខ្លាំងក្លា​ អំពី​ការ​ប្តឹង​លើ​ករណី​មួយ​ចំនួន​ដែល​ត្រូវ​បាន​តុលាការ​ថៃ​ ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​​ព្រះចេស្តា​​​​មហាក្សត្រ។ ជាអាទិ៍​នៅ​ខែ​សីហា​កន្លង​មក -តន្ត្រីករ​ថៃ​មួយ​រូប​ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​ពី​បទ​បាន​សរសេរ​អត្ថបទ​​មួយ​ចំនួន​ដែល​អាជ្ញាធរ​ថៃ​ វិនិច្ឆ័យ​ថា​”ជា​ការ​ប្រមាថ​មាក់ងាយ​​រាជវង្ស​ថៃ”នៅ​លើ​ប្រព័ន្ធ​សង្គម Facebook  នៅ​ឆ្នាំ​២០១០​និង​២០១១៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ