អានតួអត្ថបទ
ទីបេ-ចិន-អ.ស.ប

សកម្មជនគាំទ្រ​​ទីបេ​តវ៉ា​នៅ​អង្គការ​សហប្រជាជាតិ​ ប្រឆាំង​ការ​រំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​ចិន​

នៅថ្ងៃ​អង្គារ​ម្សិលមិញ​នេះ នៅ​ទីស្នាក់ការ​​អង្គការ​សហប្រជាជាតិ នៅ​ទី​ក្រុង​ហ្សឺណែវ សកម្មជន​គាំទ្រ​​ទីបេ​​ ជាសមាជិក​របស់​​​ក្រុមនិស្សិត​ និង​សមាគម​យុវជន​ទីបេ​នៅ​អឺរ៉ុប ​បាន​នាំគ្នា​​​តោង​ឡើងទៅ​​លើអគារ​​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ដើម្បីដាក់​បដា​​មួយ​នៅ​ទីនោះ ​​តវ៉ាប្រឆាំង​នឹង​ការ​រំលោភសិទ្ធិមនុស្ស​ ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ចិន។ ការតវ៉ា​នេះ ធ្វើឡើង​ចំពេល​ដែល​ចិន​​ត្រូវ​​បង្ហាញ​ នៅចំពោះមុខ​អង្គការ​​សហប្រជាជាតិ ពី​ការបូកសរុប​​លទ្ធផល​ការងារ​ទាក់ទង​សិទ្ធិមនុស្ស​ ក្នុង​ប្រទេសខ្លួន។

បដា​របស់​សកម្មជន​គាំទ្រ​ទីបេ ដែល​បាន​ដាក់​លើ​អគារ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុងហ្សឺណែវ កាលពីព្រឹក​ថ្ងៃ​អង្គារ ២២តុលា
បដា​របស់​សកម្មជន​គាំទ្រ​ទីបេ ដែល​បាន​ដាក់​លើ​អគារ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុងហ្សឺណែវ កាលពីព្រឹក​ថ្ងៃ​អង្គារ ២២តុលា Reuters
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​អង្គារ នៅ​ទីស្នាក់ការ​​អង្គការ​សហប្រជាជាតិ នៅ​ទី​ក្រុង​ហ្សឺណែវ សកម្មជន​គាំទ្រ​ទីបេ​​​បួននាក់ បាន​នាំគ្នា​​​ឡើងតោង​តាម​ធ្នើរ​ទៅ​លើអគារ​​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ​ដើម្បី​ដាក់​បដា​​​តវ៉ា​​នឹង​ការ​រំលោភសិទ្ធិមនុស្ស​ ដែល​ធ្វើឡើង​ពីសំណាក់​​រដ្ឋាភិបាល​ចិន។ ពួកគេ​​ទាំងនោះ​ ជាសមាជិកនៃ​​​​​ក្រុមនិស្សិតដែលមាន​​ឈ្មោះថា “និស្សិត​ដើម្បី​សេរីភាព​ទីបេ”​ និង​ជាសមាជិក​​សមាគមឈ្មោះថា ​”សមាគម​យុវជន​ទីបេ​នៅ​អឺរ៉ុប”។ ​

​​“អង្គការ​សហប្រជាជាតិ​ត្រូវតែ​​ធ្វើសកម្មភាព​ដើម្បី​ទីបេ”, “ដោះលែង​ទីបេ​ទៅ!” នេះ​សុទ្ធសឹង​ជា​ឃ្លា​ប្រយោគ​ដែល​ចែង​​ក្នុង​​បដា​របស់​សកម្មជន​​ទាំងនោះ។ ​ ភ្នាក់ងារ​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​បាន​អន្តរាគមន៍​ដកបដា​នោះចេញ និង​បាន​ឃាត់ខ្លួន​ពួកគេ។ ភ្នាក់ងារ​សន្តិសុខ​ក៏បាន​​ដកហូត​យក​បណ្ណ​របស់​អ្នកសារព័ត៌មាន ​ដែល​ជាបណ្ណ​អនុញ្ញាត​អោយ​អ្នកសារព័ត៌មាន​​ថតរូប​ហេតុការណ៍​ផងដែរ។

សកម្មជនគាំទ្រ​ទីបេ​ទាំងនោះ ​ចង់ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អង្គការ​សហប្រជាជាតិ​ទៅលើ​​បញ្ហា​នៅ​ទីបេ ខណៈ​ពេលនេះ ​​ចិន​​ត្រូវ​បង្ហាញ​ពី​របាយការណ៍​​បូកសរុប​​ការងារ​ស្តីពី​​សិទ្ធិមនុស្ស​ នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។ ប្រទេស​សមាជិក​​អង្គការ​សហប្រជាជាតិ ទាំង​១៩៣​ មាន​កាតព្វកិច្ច​​បង្ហាញ​នូវការបូកសរុប​ការងារ​ស្តីពីសិទ្ធិមនុស្ស​នេះ រៀងរាល់​៤ឆ្នាំ​ម្តង។

គួរ​រំលឹក​ថា ចាប់តាំង​ពីដើម​​ឆ្នាំ​២០០៩មក ជនជាតិទីបេ​យ៉ាងហោច​១២២នាក់ បាន​ដុតសម្លាប់​ខ្លួន​ ដើម្បី​ប្រឆាំង​​ការ​ត្រួតត្រា​​ ​ការ​បំបាត់​សេរីភាពសាសនា ​ដែល​ចិន​ធ្វើ​មក​លើ​ទីបេ។ ប៉ុន្តែ រដ្ឋាភិបាល​ចិន​តែងតែ​បដិសេធ​ពី​ការចោទប្រកាន់​ទាំងនេះ។

នៅថ្ងៃ​អង្គារ​ម្សិលមិញ​នេះ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា ខ្លួន​គ្មាន​បំណង​ផ្លាស់ប្តូរ​នយោបាយ​ចិន​នៅ​ទីបេ​ឡើយ។ រដ្ឋាភិបាល​ចិន​លើកឡើងថា បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​និង​នយោបាយ​នៅ​ទីបេ​ មានការ​រីកចំរើន​​​ ជនជាតិទីបេ​រីករាយ និង​មាន​សុខភាពល្អ រីឯ​​​វប្បធម៌​ទីបេ​ទៀតសោត​ក៏​ស្រស់បំព្រងផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ