អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

​​អាមេរិក៖​សកម្មភាព​​យោធា​​អាមេរិក​​ប្រឆាំង​​កូរ៉េខាងជើង​​ជា​ជម្រើស​​មួយ​ លើ​​តុ​​ចរចា​​

ក្នុង​​ទស្សនកិច្ច​នៅ​​​​កូរ៉េខាងត្បូង​​ ​ថ្ងៃសុក្រ​នេះ ប្រមុខការទូត​អាមេរិក លោក​រិច ធីលឡឺសាន់ បាន​លើកឡើងថា ​សកម្មភាព​យោធា​របស់​អាមេរិក​ប្រឆាំង​កូរ៉េខាងជើង​ជាជម្រើស​មួយ នៅ​លើ​តុចរចា។ យោងតាម​​លោក​ធីលឡឺសាន់​​ នយោបាយ​អត់ធ្មត់​របស់​អាមេរិក​​ត្រូវបិទ​បញ្ចប់​ហើយ។ 

ប្រមុខការទូត​អាមេរិកចាប់ដៃ​​​ប្រធានាធិបតី​ស្តីទី​កូរ៉េខាងត្បូង ​លោក​Hwang Kyo-Ahn នៅ​ក្រុងសេអ៊ូល ថ្ងៃ១៧មីនា
ប្រមុខការទូត​អាមេរិកចាប់ដៃ​​​ប្រធានាធិបតី​ស្តីទី​កូរ៉េខាងត្បូង ​លោក​Hwang Kyo-Ahn នៅ​ក្រុងសេអ៊ូល ថ្ងៃ១៧មីនា REUTERS/Jeon Heon-Kyun/Pool
ផ្សាយពាណិជ្ជកម្ម

នយោបាយ​អត់ធ្មត់​របស់​អាមេរិក ចំពោះ​សកម្មភាពនុយក្លេអ៊ែរ ចំពោះការគំរាម​ពី​​កូរ៉េខាងជើង ​ត្រូវ​បញ្ចប់​ហើយ នេះ​បើតាម​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក​រិច ធីលឡឺសាន់។ ​ថ្ងៃសុក្រ​នេះ​ រដ្ឋមន្ត្រីការបរទេស​អាមេរិក ​បាន​​ធ្វើដំណើរ​ទៅ​តំបន់​​​​​ដែល​លែង​មាន​សកម្មភាព​យោធា នៅ​តាម​ព្រំដែន​រវាង​កូរ៉េខាងត្បូង​និង​ខាងជើង។ ​

ប្រឈម​នឹង​ការគំរាម​នុយក្លេអ៊ែរ​ពី​ក្រុង​ព្រុងយ៉ាង ការ​ប្រកាស​​​បញ្ចប់​​នយោបាយ​អត់ធ្មត់​ដែលជា​នយោបាយ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​លោក​អូបាម៉ា ​អាណត្តិ​មុន មិនមែន​ជា​រឿង​​​ងឿងឆ្ងល់ទេ បើ​យើង​និយាយ​ពី​​រដ្ឋាភិបាល​លោកត្រាំ។ ​នៅ​ក្រុង​សេអ៊ូល ​លោក​ធីលឡឺសាន់​បាន​លើកឡើង​ថា ការ​ផ្តល់​លទ្ធភាព​អោយ​ក្រុងព្យុងយ៉ាង​រក្សា​បាន​នូវ​កម្រិត​បច្ចេកវិទ្យា​​​យោធាដូចសព្វថ្ងៃ​​ មិនមែន​ជា​ទិសដៅ​សមស្រប​ទេ។

នៅក្រុង​តូក្យូ ​ម្សិលមិញ រដ្ឋម​ន្ត្រី​ការបរទេស​អាមេរិក​បាន​កត់សម្គាល់​ពីបរាជ័យ​នៃ​​ការប្រឺងប្រែង​នយោបាយ​ការទូត២០ឆ្នាំ ​ក្នុង​ដំណោះស្រាយ​បញ្ហា​​នុយក្លេអ៊ែរ​​​កូរ៉េខាងជើង។​ លោក​ធីលឡឺសាន់​បាន​សន្យា​​ថា នឹង​មាន​វិធីសាស្ត្រ​ថ្មីទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ តែ​​មិនបាន​បញ្ជាក់​ថា​ជា​វិធីសាស្ត្រ​អ្វីទេ។ ​ថ្ងៃសៅរ៍​ស្អែក​នេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នឹង​បិទបញ្ចប់​​ទស្សនកិច្ច​នៅ​ចិន។ លោក​ធីលឡឺសាន់​ចង់​សុំចិន​អោយដាក់​សម្ពាធ​​​បន្ថែម​​ទៅលើ​កូរ៉េខាងជើង។

ក្រុងព្យុងយ៉ាង​បាន​សាកល្បង​នុយក្លេអ៊ែរ​ច្រើនលើក​មកហើយ ​តាំង​ពី​ឆ្នាំ២០០៦មក​ ដោយ​មិន​ខ្វល់​ពី​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិទេ។ កាលពី​​ថ្ងៃ​៦មីនាដើមខែ​ ក្រុងព្យុងយ៉ាង​បាន​បាញ់​មីស៊ីល​បាលិស្ទិក​​ច្រើនដើម ​ក្នុង​នោះ​មាន​មីស៊ីល​៣ដើម​បានធ្លាក់​ទៅ​សមុទ្រ​ នៅ​មិនឆ្ងាយ​ពី​ដែនដី​ជប៉ុន​ទេ។ ថ្ងៃសុក្រ​នេះ ​អាជ្ញាធរ​ជប៉ុន​នៅ​ក្រុង​ឆ្នេរ​អូហ្កា បាន​រៀបចំ​សកម្មភាព​ហាត់សម​ប្រឈម​នឹង​ការវាយ​ប្រហារ​​របស់​កូរ៉េខាងជើង។ ​មនុស្ស​ជាង​១០០នាក់​បានចូល​រួម​ហាត់សម​ ក្នុង​នោះ​មាន​សិស្ស​បឋម​សិក្សា​​ជាច្រើន​នាក់​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ