អានតួអត្ថបទ
ចិន-ទីបេ

សង្ឃ​ទីបេ​បី​អង្គ​ទៀត​ប៉ុនប៉ង​ដុត​សម្លាប់​ខ្លួន​ដើម្បី​បរិហារ​ក្រុង​ប៉េកាំង

ប្រឈម​នឹង​ភាព​អស់​សង្ឃឹម​ និង​ការ​គាប​សង្កត់​បំផ្លាញ​វប្បធម៌​ទីបេ សង្ឃ​​កាន់​តែ​ច្រើន​ឡើង​ និង​ជា​បន្ត​បន្ទាប់​បាន​ជ្រើស​រើស​ការ​ដុត​សម្លាប់​ខ្លួន​ ដើម្បី​ប្រឆាំង​​ការ​ក្តោប​អំណាច​បន្ថប់​សេរីភាព​សាសនា ពី​សំណាក់​​អាជ្ញាធរ​​ក្រុង​ប៉េកាំង មក​លើ​តំបន់​ស្វយ័ត​មួយ​នេះ។ មាន​សង្ឃ​បី​អង្គ​ថ្មី​ទៀត បាន​ប៉ុន​ប៉ង​ដុត​សម្លាប់​ខ្លួន កាលពី​ថ្ងៃ​សុក្រ នៅ​ខេត្ត​ស៊ីឈ័ន។ នេះ​បើ​តាម​ការ​អះអាង នៅ​ល្ងាច​មិញ ​របស់​​អង្គការ​ទីបេ​សេរី ដែល​មាន​ទី​ស្នាក់ការ​​​នៅ​សហរដ្ឋ​អាមេរិក​។

ដូនជី​ទីបេ កំពុង​ដុត​សម្លាប់​ខ្លួន នៅ​ស៊ីឈ័ន
ដូនជី​ទីបេ កំពុង​ដុត​សម្លាប់​ខ្លួន នៅ​ស៊ីឈ័ន ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

សង្ឃ​មួយ​អង្គ​បាន​សុគតភ្លាម នៅ​នឹង​កន្លែង និង​ពីរ​អង្គ​ទៀត​​ (ម្នាក់​អាយុ ៣០វស្សា និង​ម្នាក់ទៀត​​៦០វស្សា) រង​របួស​ជា​ទម្ងន់​ ! ក្នុង​ការ​ប៉ុន​ប៉ង​ដុត​សម្លាប់​ខ្លួន ដើម្បី​បរិហារ​ នយោបាយ​​បិទ​ខ្ទប់​សេរីភាព​សាសនា និង​វប្បធម៌​ប្រពៃណី​របស់​ជន​ទីបេ ពី​សំណាក់​ក្រុង​ប៉េកាំង។

 
បើ​តាម​អង្គការ​ទីបេ​សេរី សង្ឃ​ទាំង​បី​អង្គ​ដែល​បាន​យក​ប្រេង​សាំង ចាក់​ស្រោច​ពេញ​ខ្លួន រួច​ទើប​ដុត​បញ្ឆេះ​ភ្លើង​ឡើងឱ្យ​ស្លាប់​ខ្លួន​ ដើម្បី​សម្តែង​ការ​ប្រឆាំង​មិន​ពេញ​ចិត្ត បាន​​ស្រែក​ទាមទារ​ឱ្យ​មាន​ការ​រំដោះ​ទីបេ ពី​ក្រញាំ​ដៃក្រុង​ប៉េកាំង និង​ទាមទារ​ឱ្យ​សម្តេច​​សង្ឃ​ដាឡៃឡាម៉ា បាន​វិល​ត្រឡប់​មក​​ទី​បេវិញ។

ហេតុការណ៍​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​​ជ្រុង​ដាច់​ស្រយាល​មួយ​នៃ​ខេត្ត​ស៊ីឈ័ន​ តំបន់​ដែល​កាលពី​ចុង​ខែ​មករា​ថ្មីៗ​នេះ ទើប​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​បះបោរ និង​បង្ក្រាប យ៉ាងចាស់​ដៃ​ពី​សំណាក់​កង​កម្លាំង​​មាន​សមត្ថកិច្ច​ចិន​ រហូត​ស្លាប់​សង្ឃ​ទីបេ​បី​អង្គ និង​របួស​ជា​ច្រើន​នាក់។

សូម​បញ្ជាក់​ថា តាំង​ពី​ខែ​មីនា ឆ្នាំ​២០១១​មក មាន​ជន​ទី​បេ ១៩​នាក់​ -​​ភាគ​ច្រើន​ជា​សង្ឃ ឬ​ ជា​ភិក្ខុនី ក្នុង​នោះ​១៣​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត បានជ្រើស​រើស​ការ​​ដុត​សម្លាប់ខ្លួន​ ជា​ថ្នូរ​នឹង​ការ​រស់​នៅ​គ្មាន​សិទ្ធិសេរីភាព ក្រោម​ការ​គាប​សង្កត់​ពី​សំណាក់​របប​ដឹកនាំ​កុម្មុយនិស្ត​ក្រុង​ប៉េកាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ