អានតួអត្ថបទ
តួកគី-​អ៊ីស្រាអែល

តួកគី ផ្ទុះ​កំហឹង​ដាក់​អ៊ីស្រាអែល ព្រោះ​របាយការណ៍ អ.ស.ប.

ក្រោយ​ពី​ការ​ចេញ​ផ្សាយ​​របាយការណ៍​​​ស៊ើប​អង្កេត​ របស់​អង្គការ​សហប្រជាជាតិ​ លើ​សំណុំ​រឿង​ ​អ៊ីស្រាអែល​បាញ់​នាវា​ដឹក​ជំនួយ​ ស្លាប់​ជនជាតិ​តួកគី​៩​នាក់ កាលពី​ឆ្នាំ​២០១០ ម្សិលមិញ​នេះ អាជ្ញាធរ​តួកគី បាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល ប្រចាំ​ក្រុង​អង់ការ៉ា​ចេញ និង​សម្រេច​ព្យួរ​​កិច្ច​ព្រម​ព្រៀង​យោធា​ជាមួយ​នឹង​ប្រទេស​អ៊ីស្រាអែល​ទៀត ព្រម​ទាំង​ប្រាថ្នា​ឡើង​ទៅ​ប្តឹង​​ផ្តល់​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជុំ​វិញ​ការ​បិទ​ខ្ទប់​តំបន់​ហ្កាហ្សា​​របស់​អ៊ីស្រាអែល​។

​​នាវា​តួកគីមើល​ពី​នាវា​អ៊ីស្រាអែល មុន​ពេល​​បើក​​យុទ្ធនាការ​​កង​កុម៉្មង់ដូ ថ្ងៃទី ៣១ ឧសភា ២០១០
​​នាវា​តួកគីមើល​ពី​នាវា​អ៊ីស្រាអែល មុន​ពេល​​បើក​​យុទ្ធនាការ​​កង​កុម៉្មង់ដូ ថ្ងៃទី ៣១ ឧសភា ២០១០ REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការស៊ើប​​អង្កេត អង្គការ​សហប្រជាជាតិ ​ បាន​ចោទ​ប្រកាន់​ ថា​ អ៊ីស្រាអែល បាន​ប្រើ​កម្លាំង​យោធា ជ្រុល​ហួស​ហេតុ និង​មិន​សម​ហេតុ​ផល នៅ​ក្នុង​ប្រតិបត្តិការ ថ្ងៃ​ទី ៣១​ ឧសភា ឆ្នាំ​២០១០ ប្រឆាំង​នឹង​នាវា​ដឹក​ជំនួយ​តួកគី ប៉ុន្តែ​​របាយ​ការណ៍​បាន​គាំទ្រ​សកម្មភាព​ អ៊ីស្រាអែល ក្នុង​ការ​​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​ការពារ​​សន្តិសុខ​ជាតិ ទប់​ទល់​នឹង​សកម្មជន​ជ្រុល​និយម​ខ្លះ ដែល​មាន​រៀបចំ​គម្រោង​​​​បះបោរ​ និង​អំពើ​ហិង្សា។​ ដូច្នេះ​អ៊ីស្រាអែល​ត្រូវ​សម្តែង​ការ​សោកស្តាយ​ចំពោះ​ទង្វើ​របស់​ខ្លួន។

 
តែអ្វី​ដែល​តួកគី ទាមទារ​ចង់​បាន តាំង​ពី​ដំបូង និង​នៅ​តែ​ទទូច​ចង់​បាន​រហូត​មក​ដល់​ឥលូវ​នេះ គឺ​ពាក្យ​ “សុំ​ទោស” ផ្លូវការ​ ពី​អ៊ីស្រាអែល មិន​មែន​ត្រឹម​តែ​ពាក្យ​ “សោក​ស្តាយ​”ទេ។ ដូច្នេះ អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ដែល​ដាក់​ទៅ​កាន់​អ៊ីស្រាអែល​ មិន​គ្រប់​គ្រាន់​​​សម្រាប់​តួកគី​ឡើយ។

របាយការណ៍​​​បានថែម​ទាំង​​ផ្តល់​ហេតុ​ផល​ត្រឹម​ត្រូវ​ដល់​អ៊ីស្រាអែល ដែល​ធ្វើ​ការ​បិទ​ខ្ទប់​ការ​ចេញ​ចូល​តំបន់​ហ្កាហ្សា​ ជា​ហេតុធ្វើ​ឲ្យ​​​តួកគី​ ច្រឡោត​កាន់​តែ​ខ្លាំង​ និង​​ព្រមាន​នាំ​សំណុំ​រឿង​នេះ ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រុង​ឡាអេ។

របាយការណ៍​កម្រាស់ ១០៥​ទំព័រ ដែល​បានសរសេរ​ចប់​​ តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​អង្គការ​សហប្រជាជាតិ មិន​ព្រម​បោះផ្សាយ​ ដោយ​ចង់​​ទុក​ពេល​ឲ្យ​អ៊ីស្រាអែល និង​តួកគី ផ្សារ​​ភ្ជាប់​ទំនាក់​ទំនង​ការទូត​ធម្មតា​ឡើង​វិញ​សិននោះ​ មិនត្រូវ​បាន​ភាគី​ពាក់ព័ន្ធ​ទាំងពីរ​​យល់​ព្រម​ទាំងលើ​​ខ្លឹមសារ ទាំង​សេចក្តី​សម្រេច​ចុងក្រោយ​ទេ។ ប្រធានាធិបតី​តួកគី ចាត់​ទុក​របាយការណ៍​នេះ ជា​ "មោឃៈ”។ ប្រមុខ​ការទូត​តួកគី​វិញ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ គំរាម​ដោយ​មិន​ចំៗ​ ថា នឹង​អាច​មាន​ចាត់​វិធានការ​សន្តិសុខ​នៅ​តាម​ដែន​សមុទ្ទ​ផង។

ថ្វីដ្បិត​តែ​ប្រទេស​ទាំង​ពីរ បាន​ចង​សម្ព័ន្ធភាព​គ្នា​យ៉ាង​ស្អិត​ល្មួត កាលពី​ឆ្នាំ ១៩៩០​មក​លើ​វិស័យ​សហប្រតិបត្តិការ​យោធា ​និង​ពាណិជ្ជកម្ម​ក៏​ដោយ ក៏​ទំនាក់ទំនង​នេះ​បាន​ធ្លាក់​ចុះ​ដុនដាប​​ ជា​បន្ត​បន្ទាប់ តាំង​ពី​ឆ្នាំ​២០០៨-២០០៩ ពោល​គឺ​ចាប់​តាំង​ពី​អ៊ីស្រាអែល​បើក​យុទ្ធនាការ​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា​ ដែន​ដី​ប៉ាឡេស្ទីន​មក។ សូម​បញ្ជាក់​ថា តាម​ប្រវត្តិសាស្ត្រ​ និង​វប្បធម៌ តួកគី​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម ​ប្រជាជន​តួកគី​ស្អប់​ខ្ពើម​អ៊ីស្រាអែល ដែល​ជា​ជន​ជាតិ​Juifណាស់ ព្រោះ​ពួក​គេ​មានចំណង​ មនោសញ្ចេតនា​​សាមគ្គី​ភាព​ កប់​ជ្រៅ ជាមួយ​បណ្តា​ជន​ប៉ាឡេស្ទីន អ្នក​កាន់​សាសនា​អ៊ីស្លាម​ដូចគ្នា។ ដូច្នេះ​រដ្ឋាភិបាល​តួកគី ចាំ​បាច់​ត្រូវ​ធានា​មតិសាធារណៈ​តួកគី​ឲ្យ​បាន។

បើ​យើង​ជឿ​លើ​ប្រសាសន៍​របស់​ប្រធានាធិបតី​តួកគី រាល់​វិធានការ​​កាត់​ផ្តាច់​ទំនាក់​ទំនង​ការទូត ព្យួរ​កិច្ច​ព្រមព្រៀ​ង​យោធា ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​ប្រឆាំង​នឹង​រដ្ឋ​អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ។

ចំណែក​ខាង​អ៊ីស្រាអែលវិញ ក៏​រក្សា​ជំហរ​របស់​ខ្លួន​ដែរ គឺ​មិន​ប្រើ​ពាក្យ​សុំ​ទោស ជា​​ដាច់​ខាត ហើយ​ព្រម​ទាំង​អះអាង​ថា​ខ្លួន​ក៏​មាន​មធ្យោបាយ​ដាក់​គំនាប​លើ​តួកគី​វិញ​ដែរ។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ គីមូន ផ្ទាល់​ក៏​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ ចំពោះ​ភាព​តាន​តឹង​រវាង​អ៊ីស្រាអែល និង​តួក​គី​នេះដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ