អានតួអត្ថបទ
អង្គការ​សហប្រជាជាតិ

អសប៖ ចំនួន​ប្រទេស​ក្រីក្រ​ខ្លាំង​កើន​ឡើង​ទ្វេដង ក្នុង​ពេល​៤០​ឆ្នាំ​ចុង​ក្រោយ

គម្រោង​របស់​សហគមន៍​អន្តរជាតិ​ដែល​ថា នឹង​ជួយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អន់ថយ ឲ្យ​ចាកផុត​ពី​ភាពក្រីក្រ​បាន​ទទួល​បរាជ័យ​ហើយ។ ចំនួន​ប្រទេស​ក្រីក្រ​បាន​កើនឡើង​ទ្វេដង ក្នុង​រយៈពេល ៤០​ឆ្នាំ​ចុងក្រោយ​នេះ រីឯ ជីវភាព​របស់​ប្រជាជន​របស់​ប្រទេស​ទាំងនេះ ក៏​កាន់តែ​ឈាន​ទៅរក​ភាពខ្សត់ខ្សោយ​ខ្លាំងឡើងៗ។ នេះ​បើ​តាម​របាយការណ៍​​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក ​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ ហៅ​ថា Cnuced។

បុរស​ម្នាក់នេះ​បាន​បាត់បង់​ការងារ​ធ្វើ​ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​សកល
បុរស​ម្នាក់នេះ​បាន​បាត់បង់​ការងារ​ធ្វើ​ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​សកល M. Mas/RFI
ផ្សាយពាណិជ្ជកម្ម

02:10

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

គេមិន​ចាំបាច់​ត្រូវ​បន្ត​យន្តការ​អន្តរជាតិ​បច្ចុប្បន្ន​សម្រាប់​ជួយ​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​តិចតួច​ឡើយ ពីព្រោះថា យន្តការ​នោះ វា​គ្មាន​ប្រសិទ្ធិភាព​អ្វីទេ។ របាយការណ៍​របស់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ផ្នែក​ពាណិជ្ជកម្ម ដែល​បាន​សិក្សា​ទៅ​លើ​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​តិចតួច ចំនួន ៤៩ បាន​បង្ហាញ​ថា ជំនួយ​ពី​អន្តរជាតិ ពី​ប្រទេស​អ្នកមាន ជាពិសេស ការផ្តល់​ប្រាក់​កម្ចី ទៅ​ឲ្យ​ប្រទេស​ក្រីក្រ​មិន​បាន​ជួយ​ជម្រុញ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនេះ​បាន​រីកចំរើន​ប្រសើរ​ឡើងឡើយ។ ផ្ទុយទៅ​វិញ វា​រឹតតែ​ជួយ​បន្ថែម​បំណុល សម្រាប់​ប្រទេស​ក្រីក្រ។ ប្រទេស​ក្រីក្រ​ដែល​មិនទាន់​មាន​រចនា​សម្ព័ន្ធ​ និង​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​គ្រប់គ្រង ប្រើប្រាស់​ប្រាក់កម្ចី។

 
បើតាម​របាយការណ៍​របស់​Cnuced ទោះបី​ជា​ប្រទេសក្រីក្រ​អាច​ស៊ូ​នឹង​វិបត្តិសេដ្ឋកិច្ច​សកល ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច នៅ​ប្រទេស​អ្នកមាន​នេះ​ក៏​នៅ​តែ​អាច​ជះ​ឥទ្ធិពល ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​ប្រទេស​ក្រីក្រ។ ក្នុង​របាយការណ៍ គេ​បាន​លើក​យក​ឧទាហរណ៍​ប្រទេស​ពីរ​មក​និយាយ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា។ ដោយសារ​វិបត្តិសេដ្ឋកិច្ច​សកល​ឆ្នាំ ២០០៨ នេះ កម្ពុជា​បាត់បង់​ការងារ​ជាង ៦​ម៉ឺន ក្នុង​វិស័យ​កាត់ដេរ និង​ចំនួន ៣០​ភាគរយ​ក្នុង​ផ្នែក​សាងសង់។ ការបាត់បង់​ការងារ​រឹត​តែ​ជម្រុញ​ឲ្យ​ប្រជាជន​មាន​ជីវភាព​ដុនដាប។ ជាក់ស្តែង ក្នុង​មួយឆ្នាំៗ មាន​ប្រជាជន​៣​លាន​នាក់ ក្នុង​ពិភពលោក បាន​ធ្លាក់ខ្លួន​ក្រ។

សេដ្ឋកិច្ច​របស់​ប្រទេស​មាន​ការអភិវឌ្ឍន៍​តិចតិច មាន​លក្ខណៈ​ផុយស្រួយ​ខ្លាំងណាស់។ នោះ គឺ​ដោយសារ​វា​បាន​ពឹងផ្អែក​សឹង​តែ ទាំងស្រុង​លើ​ការ​នាំចូល ជាពិសេស ការនាំចូល​គ្រឿងបរិភោគ។ ម្យ៉ាងវិញទៀត ប្រទេស​ក្រីក្រ​ទាំងនោះ ក៏​កំពុង​ប្រឈមមុខ​នឹង​ការថយចុះ​នៃ​ប្រភព​ធនធាន​ធម្មជាតិ​របស់​ខ្លួន ដែល​បណ្តាល​មក​ពី​ការវិនិយោគ​មិនស្មើភាព​ជាមួយ​ដៃគូ ដែល​ជា​ប្រទេស​អ្នកមាន។

ជា​ការសនិ្នដ្ឋាន អ្នកសរសេរ​របាយការណ៍​របស់ អង្គការ​សហប្រជាជាតិ វាយតម្លៃ​ថា ដើម្បី​អាច​ជួយ​ស្រោចស្រង់​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​តិច​ចេញ​ពី​ភាពក្រីក្រ ប្រទេស​សហគមន៍ អន្តរជាតិ​ត្រូវ​ជួយ​ជម្រុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​ប្រទេស​ទាំងនោះ។ ទន្ទឹមគ្នា​នោះ រដ្ឋាភិបាល ម្ចាស់ស្រុក​ក៏​ត្រូវ​ជួយ​សម្រួល​ឲ្យ​មាន​ការវិនិយោគ ការផលិត និង​ការអភិវឌ្ឍន៍​ផ្នែក​បចេ្ចកវិទ្យា​ក្នុង​ប្រទេស​របស់​ខ្លួន​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ