ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
កម្ពុជា

អ.ស.ប ខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ បន្តឃុំខ្លួន សកម្មជនអតីតបក្សប្រឆាំង

media សកម្មជន​អតីត​បក្ស​សង្គ្រោះជាតិ លោក អ៊ុក ពេជ្រសំណាង និង​លោក មាជ សុវណ្ណារ៉ា នៅ​ក្នុង​រថយន្ត​ពេល​នាំ​មក​កាន់​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០១៨ Reuters/Samrang Pring

អង្គការ​សហ​ប្រជាជាតិ បាន​​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​ កាល​ពី​ថ្ងៃ​ទី១០ ខែឧសភា ​ដែល​តម្កល់​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ហើយ​បន្ត​ឲ្យ​ឃុំ​ខ្លួន​សកម្មជន​អតីត​បក្ស​ប្រឆាំង​ចំនួន​១១​រូប។ នៅ​ក្នុង​កំណត់​សង្ខេប​ស្ដី​ពី​កម្ពុជា ចុះ​ថ្ងៃ​ទី ១១ ខែ​ឧសភា​ អង្គការ​សហ​ប្រជាជាតិ ថែម​ទាំង​បាន​បង្ហាញ​ពី​ក្តី​កង្វល់​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​​​​​បំបិទ​សំឡេង​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​អ្នក​មាន​មតិ​ជំទាស់​នានា​ ។  

 

ពី​ទីក្រុង​ហ្ស៊ឺណែវ ​ប្រទេស​ស្វ៊ីស អ្នក​នាំ​ពាក្យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នក​ស្រី រ៉ាវីណា សេមសាដានី (Ravina Shamdasani) បាន​សម្តែង​ខក​ចិត្ត​នឹង​ប្រព័ន្ធ​តុលាការ​កម្ពុជា ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​បន្ត​ឃុំ​ខ្លួន ​សមាជិក និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ទាំង ១១​រូប។

អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​រូបនេះ បាន​ថ្លែង​ក្នុង​កំណត់​សង្ខេប​ស្ដីពី​កម្ពុជា នៅ​ថ្ងៃ​ទី១១ ខែឧសភា​ ថា តាម​ការ​ឃ្លាំមើល​សវនាការ​​ជំនុំ​ជម្រះ​ក្តី​កន្លង​មក ទាំង​នៅ​សាលាដំបូង និង សាលា​ឧទ្ធរណ៍ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិប្រចាំ​នៅ​កម្ពុជា សង្កេត​ឃើញ​នូវ​ភាព​ខ្វះ​ចន្លោះ ទាក់ទង​នឹង​ការ​ជំនុំជម្រះ ដែល​មិន​អាច​ផ្ដល់​​ភាព​យុត្តិធម៌ និង​បាន​ជះឥទ្ធិពល​មិនល្អ ដល់​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​អ្នក​ទាំង ១១នោះ។ នៅ​ក្នុង​អំឡុង​ពេល​សវនាការ​នៅ​សាលា​ដំបូង ជន​ជាប់​ចោទ​មិន​អាច​សួរ​សំណួរ​ត​ទល់​ទៅ​ដើម​បណ្តឹង ហើយ​ក៏​មិន​ត្រូវ​បាន​គេ​ផ្តល់​ពេលវេលា​គ្រប់​គ្រាន់ និង​ឱកាស​ដើម្បី​បង្ហាញ​មធ្យោបាយ​ការពារ​ខ្លួន​ដែរ​។

ក្រៅ​តែ​ពី​សម្តែង​ការ​ខក​ចិត្ត និង​រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី រ៉ាវីណា សេមសាដានី បាន​លើក​អំពី​កង្វល់​របស់​ខ្លួន​ថា​ រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំបិទ​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​អ្នក​មាន​មតិ​ជំទាស់​នានា។

សូម​រំឮក​ជូន​ថា សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ចំនួន​១១​រូប ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​​កាល​ពី​ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កើត​ឡើង​នៅ​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​២០១៤។ ក្នុង​នោះ លោក មាជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃអតីត​គណបក្សសង្រ្គោះជាតិ ​លោក ឃិន ជំរឿន ប្រធាន​យុវជននៃ​អតីត​គណបក្សនេះ​ និង​លោក អឿ ណារិទ្ធ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ២០​ឆ្នាំ​។ ចំណែក​សកម្មជនចំនួន​៨​នាក់ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារក្នុង​ម្នាក់​ៗ​៧​ឆ្នាំ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ