អានតួអត្ថបទ
ប្រេស៊ីល-អាកាសធាតុ

ជំនួប​កំពូល​នៅ​រីយ៉ូ​ឧទ្ទិស​៣​ថ្ងៃ​សំរាប់​ផែនដី​

ក្នុង​​រយៈ​​ពេល​​៣​​ថ្ងៃ​ចាប់ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​​ ទីក្រុង​ ​Rio​ de ​Janeiro​​​នៃ​​ប្រទេស​​ប្រេស៊ីល ​ទទួល​​ស្វាគម​​​ជំនួប​​កំពូល​​ស្តីពី​​ការ​​អភិវឌ្ឍន៍​យូរ​អង្វែង​”​ ២០​​ឆ្នាំ​​បន្ទាប់​ពី​​ជំនួប​​កំពូល​​ស្តីពី​​ផែនដី​​នៅ​ទី​ក្រុង​​ដដែល​​នេះ​​នៅ​​ឆ្នាំ​​១៩៩២។​ ក៏​ប៉ុន្តែ​​ជំនួប​កំពូល​​ស្តីពី​​បញ្ហា​​បរិស្ថាន​​នេះ ​ត្រូវ​​បាន​​គេ​​មើល​​ឃើញ​​ជា​ស្រេច​​ថា​​ត្រូវ​​បរាជ័យ។​ ដោយហេតុ ​គម្រោង​​នៃ​​សេចក្តី​​ថ្លែងការណ៍​​រួម​​ដែល​​ព្រមព្រៀង​​គ្នា​​ដោយ​​ក្រុម​​ប្រទេស​​១៩០​​​នៅ​​ក្នុង​​​ជំនួប​​នេះ ​ត្រូវ​​​បាន​​ក្រុម​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល​​វិនិច្ឆ័យ​​ថា​នៅ​​ទន់​ខ្សោយ​ពេក។​ ម្យ៉ាងទៀត​ ​គេ​កត់​សម្គាល់​ឃើញ​ថា​នៅ​លើក​នេះ​បណ្តា​​ថ្នាក់​​ដឹក​នាំ​​ធំៗ​​ខ្លះ​ ​ដូច​​ជា​​លោក​​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​​ឬ​​ក៏​​លោក​ប្រមុខរដ្ឋ​រុស្ស៊ី​​ពូទីន​ពុំ​មាន​វត្តមាន​នៅ​ក្នុង​​ជំនួប​កំពូល​លើក​នេះ​ទេ។​

លោក​ប្រធានាធិបតីបារាំង François Hollandeនិងលោកស្រី​ប្រធានាធិបតីប្រេស៊ីល​ Dilma Roussef នៅ​ទីក្រុង​Rio​ថ្ងៃពុធ​២០​មិថុនា២០១២
លោក​ប្រធានាធិបតីបារាំង François Hollandeនិងលោកស្រី​ប្រធានាធិបតីប្រេស៊ីល​ Dilma Roussef នៅ​ទីក្រុង​Rio​ថ្ងៃពុធ​២០​មិថុនា២០១២ RFI
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញម៉្លេះ ​ក្រោម​ផ្ទៃ​មេឃដ៏​អាប់អួ​ដោយហេតុ​ភ្លៀង​ធ្លាក់​​ ទីក្រុង​រីយ៉ូ​ប្រទេស​ប្រស៊ីលដែល​ស្ថិត​នៅ​ក្រោម​កិច្ច​ការពារ​សន្តិសុខ​យ៉ាងមធ្យ័តបំផុតនោះ បាន​ទទួល​ស្វាគម ​ប្រមុខរដ្ឋ​និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​ធំ​ក្នុង​ភព​ផែនដីដើម្បី​ចូល​រួម​​រយៈពេល​៣ថ្ងៃ​ក្នុងជំនួប​កំពូល​របស់​អសប​ស្តីពី ការ​អភិវឌ្ឍន៍​យូរអង្វែង។

 

នៅ​ចម្ងាយ​ជាង​៤០​គ.ម​ពីទី​ក្រុងរីយ៉ូ ជំនួប​កំពូល​បានប្រព្រឹត្តទៅ​ក្រោមអធិបតីភាពរបស់​អគ្គ​លេខា​ធិការអង្គការសហប្រជាជាតិ លោក​បានគីមូន (Ban Ki-Moon) លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល ឌីលម៉ា រូសេវ (Dilma Rousseff) និង​អគ្គ​លេខាធិការ​ទទួល​បន្ទុក​ផ្នែក​​សន្និសីទ លោក​​​ ​Sha Zukang​ និង ស្វាគម​បណ្តា​អ្នក​ចូលរួម​សន្និសីទ ដោយបាន​​​ប្រកាស​បើក​ធ្វើ​ការងារ​សំខាន់ៗចុងក្រោយនៃជំនួបកំពូល។ ​​នៅក្នុងជំនួបលើកនេះ-​ក្រុម​ប្រមុខរដ្ឋនិង​រដ្ឋាភិបាល​​នឹង​ត្រូវ​អនុម័តគម្រោង​​អត្ថបទ​​ចុង​ក្រោយ​មួយ​​ដែលត្រូវ​​​បាន​​រៀបចំ​ដោយ​ក្រុម​​អ្នក​ការទូត​និង​សរសេរ​​​បង្ហើយ​​​​នៅ​​យប់​ថ្ងៃ​ពុធ​ម្សិលមិញ មុន​នឹង​ចាប់​ធ្វើ​ការ​ពិភាក្សា​គ្នា​នៅ​លើ​ផ្នែក​​យោបាយ។ តែ អត្ថបទនេះ ត្រូវបានទទួលការ​ទិតៀន​​​រិះគន់​ជាស្រេចហើយ ពី​សំណាក់​​បណ្តា​អ្នក​ដែល​រំពឹង​ចង់បាន នូវ​​ឯកសារមួយដែលខ្លាំង​និង​តឹងរ៉ឹង។

ពីព្រោះអត្ថបទនេះ ពុំបានលើកឡើង​ឲ្យ​បាន​ច្បាស់​លាស់អ្វី​ទេ អំពី​ចំណុច​សំខាន់ៗ​​​ដែល​នឹង​ត្រូវ​​​លើកមកពិភាក្សា​នៅ​ក្នុងសន្និសីទអសប។ មិនតែប៉ុណ្ណោះ​ ក្នុងអត្ថបទ​ក៏ពុំមានការ​កំណត់​​​កាលបរិច្ឆេទណាមួយដែរ។

២ទសវត្សរ៍ បន្ទាប់ពី​ជំនួប​ស្តីពីផែនដីមក ឥឡូវនេះ​ សហគមន៍អន្តរជាតិ​ ចាប់មាន​ការ​ខ្វល់​ខ្វាយ​យ៉ាងខ្លាំងអំពីការប្រែប្រួល​អាកាសធាតុឬក៏ការថែរក្សា​ប្រភេទ​សត្វ​នានា​នៅ​ក្នុង​ធម្មជាតិ​វិញ។ ​ជំនួបនៅទីក្រុងរីយ៉ូនេះ​ដែលមានគោលដៅកំណត់​​​​នូវកម្មវត្ថុជាក់ច្បាស់​មួយចំនួនសំរាប់ ការអភិវឌ្ឍន៍យូរអង្វែងនិងសំរាប់​ជួយ​ណែនាំ​ផងដែរ​ដល់​​ប្រទេស​​ទាំងឡាយ​នៅលើ​ពិភព​លោក​ ជាអាទិ៍​នៅក្នុងវិស័យសេដ្ឋកិច្ច​ សង្គមកិច្ច​និង​បរិស្ថាន៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ