ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
មជ្ឈិមបូព៌ា

ប៉ាឡេស្ទីន​ត្រូវបាន​ទទួល​ឲ្យ​ចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​យូណេស្កូ

media  
តំណាង​ប្រទេស​សមាជិក​យូណេស្កូ​ទះដៃ​អបអរសាទរប៉ាឡេស្ទីន​ជា​សមាជិក​ថ្មី ក្រោយ​ការ​បោះឆ្នោត ថ្ងៃចន្ទ ៣១ តុលា ២០១១ REUTERS/Benoit Tessier

នៅថ្ងៃ​ចន្ទ ៣១ តុលា ២០១១​នេះ ប៉ាឡេស្ទីន​ត្រូវ​បាន​អង្គការ​យូណេស្កូ​ទទួល​ឲ្យ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ បើទោះបី​ជា​មានការជំទាស់​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក​ក៏ដោយ។ សមាជិកភាព​របស់​ប៉ាឡេស្ទីន ត្រូវ​បាន​អនុម័ត​ទទួល​យក ដោយ​សំឡេងភាគច្រើន​លើសលុប នៅ​ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

នៅថ្ងៃ​ចន្ទ​នេះ យូណេស្កូ​ គឺ​ជា​អង្គការ​​ទីមួយ របស់​អ.ស.ប.​ ដែល​ទទួល​ប៉ាឡេស្ទីន​ឲ្យ​ចូល​ជា​សមាជិក​ពេញសិទ្ធិ។ ក្នុងចំណោម​​ប្រទេស​ជា​សមាជិក​យូណេស្កូ​ទាំង ១៩៣​ប្រទេស ស្ទើរតែ​គ្រប់ប្រទេស​មកពី​ពិភព​អារ៉ាប់ មកពី​អាហ្វ្រិក អាស៊ី និង​អាមេរិក​ឡាទីន បាន​គាំទ្រ​សមាជិកភាព​របស់​ប៉ាឡេស្ទីន។ បារាំង រុស្ស៊ី ចិន និង​ឥណ្ឌា ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បោះឆ្នោត​គាំទ្រ​ប៉ាឡេស្ទីន​ដែរ។ អ្នក​ដែល​បោះឆ្នោត​ប្រឆាំង ​​​រួមមាន អ៊ីស្រាអែល សហរដ្ឋ​អាមេរិក កាណាដា អូស្រ្តាលី និង​អាល្លឺម៉ង់ ព្រមទាំង​ប្រទេស​មួយចំនួន​ទៀត សរុបទាំងអស់​មានតែ ១៤​ប្រទេស​ប៉ុណ្ណោះ។

បូក​រួម​ទាំង​ប៉ាឡេស្ទីន យូណេស្កូ​មាន​សមាជិក​សរុប​ទាំងអស់ ១៩៥​ប្រទេស។ ស៊ូដង់​ខាង​ត្បូង គឺ​ជា​សមាជិក​ទី​​១៩៤ ដែល​ត្រូវ​បាន​យូណេស្កូ​បោះឆ្នោត​ទទួល​យក កាលពីថ្ងៃ​ទី​២៨ តុលា។

គួររំឭកឡើងវិញ​ថា ប៉ាឡេស្ទីន​ទើប​នឹង​បាន​ដាក់ពាក្យ​សុំចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​អ.ស.ប. កាលពី​ខែ​កញ្ញា​កន្លងទៅនេះ។ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​គ្រោង​នឹង​បោះឆ្នោត​​លើ​សំណើសុំ​នេះ នៅ​ខែកញ្ញា។ ក៏ប៉ុន្តែ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់រួចជាស្រេចហើយ​ថា​នឹង​ប្រើ​សិទ្ធិវ៉េតូ​ ដើម្បី​រារាំង​សមាជិក​ភាព​ប៉ាឡេស្ទីន។

ផ្ទុយ​ពី​នៅ​អ.ស.ប. អាមេរិក​មិន​មាន​សិទ្ធិវ៉េតូ នៅ​ក្នុង​អង្គការ​យូណេស្កូ​ទេ។ ក៏ប៉ុន្តែ អាមេរិក​​គឺ​ជា​អ្នក​ផ្តល់​លុយ​ច្រើន​ជាងគេ​បំផុត​ទៅ​ឲ្យ​យូណេស្កូ។ ថវិកា​ប្រចាំឆ្នាំ​របស់​យូណេស្កូ​ប្រមាណ ២២% (គិតជាទឹកប្រាក់​ជាង ៧០លាន​ដុល្លារ) បាន​មក​ពី​សហរដ្ឋ​អាមេរិក។ នៅមុនពេល​មាន​ការ​បោះឆ្នោត​ព្រឹកមិញ​នេះ អាមេរិក​បាន​ព្រមាន​ថា​នឹង​កាត់ផ្តាច់​ប្រភព​ហិរញ្ញវត្ថុ​ទៅ​ឲ្យ​យូណេស្កូ ប្រសិន​បើ​ប៉ាឡេស្ទីន​ត្រូវ​បាន​ទទួល​ឲ្យ​ចូល​ជាសមាជិក។

យោងតាមច្បាប់ ដែល​សភា​អាមេរិក​បាន​អនុម័ត​ កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​៩០ រដ្ឋាភិបាល​អាមេរិក​ត្រូវ​កាត់ផ្តាច់​រាល់​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គ្រប់​អង្គការ​ជាសាខា​អ.ស.ប.​ទាំងអស់ ដែល​ទទួល​យក​ប៉ាឡេស្ទីន​ឲ្យ​ធ្វើ​ជា​សមាជិក។ ប្រសិនបើ​អាមេរិក​ពិតជាគោរព​ទៅតាម​ច្បាប់​នេះ​មែន បញ្ហា​នឹង​ចោទឡើង នៅពេល​ដែល​​ប៉ាឡេស្ទីន​អាច​ចូល​ជា​សមាជិក​អង្គការ​ផ្សេងៗ​ទៀត ដូចជា អង្គការ​សុខភាព​ពិភពលោក អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ជាដើម។

ទោះជាយ៉ាងណា រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​មានកាតព្វកិច្ច​គោរព​តាម​ច្បាប់ ដែល​សភា​បាន​អនុម័ត។ ការកែប្រែច្បាប់​នេះ​ក៏​ទំនង​ជា​មិន​អាច​ធ្វើ​ទៅបាន​ដែរ ដោយសារ​តែ​នៅពេលនេះ រដ្ឋសភា​អាមេរិក​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​គណបក្ស​សាធារណរដ្ឋ ដែល​តែងតែ​កាន់ជើង​អ៊ីស្រាអែល​មិន​ឲ្យ​អ្នកណាប៉ះពាល់បាន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ