អានតួអត្ថបទ
កម្ពុជា

យូណេស្កូ​បញ្ជូន​អ្នក​ជំនាញ​ទៅ​​មីយ៉ាន់ម៉ា ដើម្បី​សង្គ្រោះ​ទីក្រុងបាហ្គាន់

ការ​រញ្ជួយ​ដី​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ប្រាសាទ​និង​ចេតិយ​​ជិត​២០០ នៅ​ទីក្រុង​បាហ្គាន់ បានធ្វើ​ឲ្យ​អង្គការ​យូណេស្កូ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។ អង្គការនេះ​បាន​អះអាង​ពី​ការ​បញ្ជូន​អ្នក​ជំនាញ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សង្គ្រោះ​ទីក្រុង​ដែល​មាន​អាយុប្រមាណ​១​ពាន់​ឆ្នាំ​នេះ​ឡើង​វិញ​។

ព្រះ​អាទិត្យ​អស្ដង្គត​ក្រាល​គ្រប​លើ​ចេតិយ​និង​ប្រាសាទ​រាប់​ពាន់ លាត​សន្ធឹង​នៅ​​ទីក្រុង Bagan នៃ​ប្រទេស​មីយ៉ាន់ម៉ា
ព្រះ​អាទិត្យ​អស្ដង្គត​ក្រាល​គ្រប​លើ​ចេតិយ​និង​ប្រាសាទ​រាប់​ពាន់ លាត​សន្ធឹង​នៅ​​ទីក្រុង Bagan នៃ​ប្រទេស​មីយ៉ាន់ម៉ា រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

គ្រោះ​រញ្ជួយ​ដី​កម្រិត ​៦,៨ រ៉ិចទ័រ កាល​ពី​ថ្ងៃ​ពុធ ទី​២៤​សីហា មិន​ត្រឹម​តែ​បាន​សម្លាប់​មនុស្ស៣​នាក់​ប៉ុណ្ណោះ​ទេ វា​ក៏​បាន​គំរាម​កំហែង​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​របស់​មីយ៉ាន់ម៉ា​ផង​ដែរ​។ ក្រោយ​ការ​រញ្ជួយ​ដី ​ប្រាសាទ​និង​ចេតិយ​ចំនួន​១៨៤​កន្លែង​ នៅ​ក្នុង​អតីត​រដ្ឋធានី​សម័យ​បុរាណ បាហ្គាន់ ត្រូវ​រង​ការ​ខូច​ខាតយ៉ាង​ដំណំ​​។ ជញ្ជាំង​​​នៃ​ប្រាសាទ​និង​ចេតិយ ដែល​ភាគ​ច្រើន​ធ្វើ​ឡើង​ពី​ឥដ្ឋ បានរលំ​ធ្លាក់​ជា​បន្ត​បន្ទាប់​។ កំពូល​ប្រាសាទ​ខ្លះ​ត្រូវ​បាក់​។ ហើយ​ពិដាន​ដែល​លម្អ​ដោយ​ផ្ទាំង​គំនូរ​ដ៏​វិចិត្រ ក៏​ត្រូវ​រង​ការ​ខូច​ខាត​ជា​ច្រើន​កន្លែង​ផង​ដែរ​។

អង្គការ​យូណេស្កូ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខូច​ខាត​ទាំង​នេះ។ ដូច្នេះ​ហើយ​បាន​ជា​អង្គការ​នេះ​បញ្ជូន​មន្ដ្រី​ជំនាញ​ទៅ​ទីក្រុង​បុរាណ បាហ្គាន់ ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​នេះ​ឡើង​វិញ។ នៅ​ក្នុង​កិច្ចការ​ស្ដារ​នីតិសម្បទា​នៃ​ប្រាសាទ​និង​ចេតិយ​​ដែល​បាន​ខូច​ខាត​ដោយ​គ្រោះ​រញ្ជួយ​ដី​នេះ រដ្ឋាភិបាល​ប្រទេស​មីយ៉ាន់ម៉ា​បាន​រៀបចំ​ក្រុម​ការងារ​ចំនួន​១១ ដើម្បី​ទទួល​ខុស​ត្រូវ​សង្គ្រោះ ជួសជុល​ប្រាសាទ​នៅ​តំបន់​ចំនួន​១១​ផ្សេង​ពី​គ្នា​នៅ​ទីក្រុង​ចាស់ បាហ្គាន់​។

ស្ថិត​នៅទីក្រុង​​ម៉ាន់ដាឡេ បាហ្គាន់ គឺ​ជា​​អតីត​រដ្ឋធានីដំបូង​បង្អស់​​របស់​ប្រទេស​មីយ៉ាន់ម៉ា ដែល​ត្រូវ​បាន​សាងសង់​ឡើង​តាំង​ពី​សតវត្ស​ទី​៩ ដល់​សតវត្ស​ទី​១៣ នៃ​គ្រិស្ត​សករាជ​។ តាំង​ពី​មីយ៉ាន់ម៉ា​ចាប់​ផ្ដើម​ធ្វើ​កំណែ​ទម្រង់​នៅ​ឆ្នាំ​២០១២ វិស័យ​ទេសចរណ៍​មីយ៉ាន់ម៉ា ជា​ពិសេស​ទៅ​កាន់​តំបន់​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ បាហ្គាន់ បាន​កើន​ឡើង​យ៉ាង​គំហុក​។ បាហ្គាន់ ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ថា ជា​សមុទ្រ​ចេតិយ ព្រោះ​មាន​ចេតិយ​និង​ប្រាសាទឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​​ជាង​២​ពាន់ លាត​សន្ធឹង​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ១០០​គីឡូម៉ែត្រ​ការ៉េ​។

ប្រវត្តិវិទូ​អង់គ្លេស​ល្បី​ឈ្មោះ​ម្នាក់​ឈ្មោះ Arnold Toynbee ធ្លាប់​​ថ្លែង​ទុក​ថា ត្រូវ​ទៅ​ឃើញ បាហ្គាន់ ពេល​នៅ​រស់ និង​ត្រូវ​ទៅ​ឃើញ​អង្គរវត្ត​​មុន​ពេល​ស្លាប់​។ ប៉ុន្តែបើ​ទោះ​បី​ជា​ទទួល​បាន​ការ​លើក​តម្កើង​ស្មើ​គ្នា​ក្ដី វាសនារបស់ បាហ្គាន់ មិន​ល្អប្រសើរ​​ដូច​អង្គរ​វត្ត​ឡើយ​។ ជិត​មួយ​ពាន់​ឆ្នាំ​កន្លង​មក​នេះ បាហ្គាន់ ត្រូវ​ខូច​ខាត​​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី។ ចេតិយ​និង​ប្រាសាទ​ដែល​ដំបូង​ឡើយ​មាន​ដល់​ទៅ​ជាង​៤​ពាន់ នៅសេស​សល់​តែ​ប្រមាណ​ពីរ​ពាន់​ប៉ុណ្ណោះ​។ រដ្ឋាភិបាល​មីយ៉ាន់ម៉ា ចង់​ដាក់​បញ្ជូល​តំបន់ បាហ្គាន់ ទៅ​ក្នុង​បញ្ជី​​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោករបស់​យូណេស្កូ ប៉ុន្តែ​ដំណើរការ​នេះ​នៅ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ