អានតួអត្ថបទ
អាមេរិក-អាហ្វ្រិក

លោកស្រីគ្លីនតុន​អញ្ជើញ​ទៅអាហ្វ្រិក​ដើម្បី​ជួយ​ជំរុញ​អភិវឌ្ឍ​ប្រជាធិបតេយ្យ​ ពាណិជ្ជកម្ម​ និង​សន្តិសុខ​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី​ហ៊ីល្លារី​ គ្លីនតុន​ បាន​ចាប់​បំពេញ​ទស្សនកិច្ច​នៅ​ល្ងាច​ថ្ងៃអង្គារ​នៅ​ប្រទេស​សេណេហ្កាល់។​ ទស្សនកិច្ច​ចំនួន​១១ថ្ងៃ​នៅ​ទ្វីប​អាហ្វ្រិក​របស់​លោកស្រី​គ្លីនតុន​ក្នុង​គោល​បំណង​ ជួយ​ជំរុញ​អភិវឌ្ឍ​ ប្រជាធិបតេយ្យ​ ពាណិជ្ជកម្ម​ និង​សន្តិសុខ​ នៅក្នុង​ទ្វីប​មួយ​ដែល​កំពុង​តែ​ទទួល​រង​ការវាយលុក​ក្នុង​វិស័យ​សេដ្ឋកិច្ច​ដោយ​ប្រទេសចិន។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី​ហ៊ីល្លារី​ គ្លីនតុន​
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី​ហ៊ីល្លារី​ គ្លីនតុន​ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​ទីក្រុង​ដាការ​នៃ​ប្រទេស​សេណេហ្កាល់​ ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី​ហ៊ីល្លារី​ គ្លីនតុន​ ត្រូវ​អញ្ជើញ​ទៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​ ​ ប្រទេស​អ៊ូហ្កង់ដា​ ​ ប្រទេស​កេនយ៉ា​ ​ ម៉ាឡាវី​ ​ ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ និង​ចុងក្រោយ​បំផុត​ប្រទេស​ហ្កាណា​នៅ​ថ្ងៃទី​១០សីហា​ ​ ដើម្បី​ចូលរួម​ពិធី​បុណ្យសព​របស់​ប្រធានាធិបតី​ហ្កាណា​ដែល​បាន​ចូល​មរណភាព​នៅពេល​ថ្មីៗនេះ។

 
នៅ​ទីក្រុង​ដាការ​នៃ​ប្រទេស​សេណេហ្កាល់​ លោកស្រី​ប្រមុខការទូត​អាមេរិក​អញ្ជើញ​មក​ទះដៃ​ជួយ​អបអរ​នឹង​ជោគជ័យ​របស់​លោក​ Macky Sall ​ ​ ដែលបាន​ឈ្នះឆ្នោត​កាលពី​ខែមីនា​កន្លងទៅ​នៅ​ចំពោះ​មុខ​ការ​ប្រកួត​ប្រជែង​ជាមួយ​លោក​ Abdoulaye Wade ​ដែលបាន​កាន់កាប់​តំណែង​ប្រធានាធិបតី​នៅ​ប្រទេស​សេណេហ្កាល់​តាំងពី​ឆ្នាំ២០០០។​ ទីក្រុង​វ៉ាស៊ីនតោន​ត្រេកអរ​ណាស់​ដែលមាន​ប្រទេស​សេណេហ្កាល់​ជា​ដៃគូ​ដ៏មាន​ប្រសិទ្ធិភាព​ ​ ហើយនិង​ជាប្រទេស​អាហ្វ្រិក​មួយ​ដែល​ប្រើ​ភាសា​បារាំង។

លោកស្រី​គ្លីនតុន​ត្រូវមាន​ជំនួប​ពិភាក្សា​ជាមួយ​ លោក​ Macky Sall ​នៅ​ថ្ងៃពុធនេះ​ ​ មុន​នឹង​ត្រូវ​ឡើងថ្លែង​សុន្ទរកថា​មួយ​នៅ​មហាវិទ្យាល័យ​ Cheikh Anta Diop de Dakar ។​ ប្រទេស​សេណេហ្កាល​តែង​បាន​ត្រូវគេ​កោត​សរសើរ​ពី​គំរូ​ប្រជាធិបតេយ្យ​ដ៏​កម្រ​នៅ​ទ្វីប​អាហ្វ្រិក​ ​ ជាពិសេស​នៅ​អាហ្វ្រិក​ប៉ែកខាងលិច​ដែល​តែងតែ​កើតមាន​វិបត្តិ​នយោបាយ​ឬ​រដ្ឋប្រហារ។

នៅ​ទ្វីប​អាហ្វ្រិក​ សហរដ្ឋ​អាមេរិក​ចង់​សង្កត់​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញ​ពី​សារៈ​សំខាន់​នៃ​ការពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ​ ​ ហើយនិង​ការ​អភិវឌ្ឍន៍​សកម្មភាព​ពាណិជ្ជកម្ម។​ លោកប្រធានាធិបតី​អាមេរិក​ បារ៉ាក់​អូបាម៉ា​ធ្លាប់បាន​ថ្លែង​ប្រាប់​រួចហើយ​កាលពី​ខែមិថុនា​កន្លង​ទៅ​ពី​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍន៍​នៅ​ទ្វីប​អាហ្វ្រិក។

ក៏ប៉ុន្តែ​យុទ្ធសាស្ត្រ​អាមេរិក​ត្រូវ​ប្រឈម​ទល់នឹង​មហិច្ឆតា​របស់​ប្រទេស​ចិន​នៅ​អាហ្វ្រិក។​ ទីក្រុង​ប៉េកាំង​ទើបនឹង​បាន​ប្រកាស​ឲ្យ​ដឹងថា​ ​ គេនឹង​គុណទ្វេ​ឥណទាន​ចិន​នៅ​អាហ្វ្រិក​ឲ្យ​កើនឡើង​ដល់​២០ពាន់លាន​ដុល្លារ។​ គួរកត់​សម្គាល់ថា​ ​ ចាប់តាំងពី​ឆ្នាំ២០០៩មក​ ប្រទេសចិន​បាន​ក្លាយ​ទៅជា​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ​របស់​ទ្វីប​អាហ្វ្រិក។​ ការដោះដូរ​ពាណិជ្ជកម្ម​កាលពី​ឆ្នាំទៅ​បាន​ស្ទុះកើន​ឡើង​ដល់​កម្រិត​ឯតទគ្គកម្ម​ពោលគឺ​ដល់​១៦៦,៣ពាន់លាន​ដុល្លារ​ ​ ឬ​បាន​កើនឡើង​ប្រមាណ​៨៣%​ បើ​ប្រៀបផ្ទឹម​ទៅនឹង​ឆ្នាំ២០០៩។​ នេះ​បើយោង​តាម​តួលេខ​របស់​ទីក្រុង​ប៉េកាំង។

នៅថ្ងៃ​ព្រហស្បតិ៍​ លោកស្រី​គ្លីនតុន​ត្រូវ​អញ្ជើញ​ទៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​ ​ ដោយ​ឆ្លង​កាត់តាម​ប្រទេស​អ៊ូហ្កង់ដា។​ ប្រទេស​ស៊ូដង់​ខាងត្បូង​ជារដ្ឋ​ក្មេងខ្ចី​ជាងគេ​ក្នុងលោក​ ដែលទើបនឹង​បាន​ប្រារព្ធ​បុណ្យខួប​ឯករាជ្យ​ឆ្នាំទី១​របស់​ខ្លួន​ នៅថ្ងៃទី​៩កក្កដា​កន្លងទៅ​ថ្មីៗនេះ។​ លោកស្រី​ប្រមុខ​ការទូត​អាមេរិក​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ Salva Kiir ​ ​ ដើម្បី​បញ្ជាក់​បង្ហាញ​ឲ្យឃើញ​នូវ​ការគាំទ្រ​របស់​ស.រ.អា​ ​ ហើយនិង​ការជំរុញ​ឲ្យមាន​កិច្ចចរចា​រវាង​ប្រទេស​ស៊ូដង់​ទាំងពីរ​ជាបងប្អូន​ ​ ដើម្បី​សម្រេច​ឲ្យបាន​នូវ​កិច្ចព្រមព្រៀង​ ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ ​ ហើយនិង​បញ្ហា​ប្រេងកាត។​ សូមបញ្ជាក់ថា​ ប្រទេស​ស៊ូដង់​ទាំងពីរ​ជាបងប្អូន​មាន​បញ្ហា​ជម្លោះ​ព្រំដែន​ ​ ហើយនិង​ការបែងចែក​សម្បត្តិ​ធម្មជាតិ​ ​ ដូចជា​ប្រេងកាត​ជាដើម។

បន្ទាប់​ពី​ប្រទេស​ស៊ូដង់​ខាងត្បូង​ ​ លោកស្រី​គ្លីនតុន​ត្រូវ​អញ្ជើញ​ប្រទេស​អ៊ូហ្កង់ដា​ ​ ទោះបីជា​នៅទីនោះ​កំពុង​កើតមាន​ជម្ងឺ​បង្កឡើង​មេរោគ​ អេបូឡា​ ក៏ដោយ។​ បន្ទាប់​មកទៀត​ ​ លោកស្រី​ត្រូវ​អញ្ជើញ​ទៅ​ប្រទេស​កេនយ៉ា​ ​ ដើម្បី​និយាយ​ពី​បញ្ហា​បោះឆ្នោត​នៅឆ្នាំ២០១៣។​ បន្ទាប់​មកទៀត​ ​ លោកស្រី​ប្រមុខ​ការទូត​អាមេរិក​ត្រូវ​អញ្ជើញ​ទៅ​ប្រទេស​ម៉ាឡាវី​ ​ ហើយនិង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ពី​ថ្ងៃទី​៥សីហា​ ដល់ថ្ងៃទី​៩សីហា​ ​ ដោយមាន​ជំនួប​ពិភាក្សា​ជាមួយ​លោកតា​ ណែលសុន​ ម៉ង់ដែឡា។​ ហើយ​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​នៅថ្ងៃទី​១០សីហា​នៅ​ប្រទេស​ហ្កាណា​ដើម្បី​ចូលរួម​ពិធី​បុណ្យសព​​របស់​លោក​ប្រធានាធិបតី John Evans Atta Mills៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ