អានតួអត្ថបទ
រុស្ស៊ី-តាហ្ស៊ីគីស្ថាន

ស.រ.អា. និង ចិន កំពុង​ច្រាន​​ពួក​យោធា​រុស្ស៊ី ចេញ​ពី​តំបន់​អាស៊ី​កណ្តាល

ការដែល​ទីក្រុង Douchanbé កិកកុក​ក្នុង​រឿង​ពន្យារ​វត្តមាន “មូលដ្ឋាន​យោធា​នៃ​កងទ័ព​រុស្ស៊ី​ទី​២០១” នៅ​តាហ្ស៊ីគីស្ថាន គឺ​មកពី​ស.រ​.អា. និង ចិន ចេះ​តែ​សកម្ម​ក្នុង​ប្រទេស​នោះ ហេតុ​ដែល​គំរាម​ទីក្រុង​ម៉ូស្គូ ឲ្យ​បាត់បង់​ឥទ្ធិពល​ខ្លួន នៅ​តំបន់​អាស៊ី​កណ្តាល។ សេចក្តី​នេះ ទើប​ចុះផ្សាយ​ដោយ​កាសែត​រុស្ស៊ី “Kommersant”។

រូបស្តម្ភជាស្លាកសញ្ញា របស់" មូលដ្ឋានយោធា នៃកងទ័ពរុស្ស៊ីទី២០១”  នៅតាហ្ស៊ីគីស្ថាន
រូបស្តម្ភជាស្លាកសញ្ញា របស់" មូលដ្ឋានយោធា នៃកងទ័ពរុស្ស៊ីទី២០១” នៅតាហ្ស៊ីគីស្ថាន © RFI-ឆាយា
ផ្សាយពាណិជ្ជកម្ម

តាមកាសែតរុស្ស៊ីនេះ ៖ ស.រ​.អា.​កំពុង​ធ្វើ​កិច្ចចរចា​ជាមួយ​ទីក្រុង Douchanbé ដើម្បី​ផ្ទេរ​ទៅ​ឲ្យ​តាហ្ស៊ីគីស្ថាន នូវ​គ្រឿង​បច្ចេកទេស​យោធា​មួយ​ភាគ ពេល​ដែល​ទ័ព​អាមេរិក​នឹង​ដក​ចេញ​ពី​អាហ្វហ្កានីស្ថាន​ទៅ​វិញ។

ចំណែក ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន លោក Emomali Rakhmon ក្នុង​ដំណើរ​ទស្សនកិច្ច ពេលថ្មីៗ នៅ​ប្រទេស​ចិន បាន​ទទួល​ពីក្រុង​ប៉េកាំង នូវ​ឥណទាន​ក្នុង​ទឹក​ប្រាក់​ប្រមាណ​២.០០០​លាន​ដុល្លារ​អាមេរិក ទាល់​តែ​ញ៉ាំង​ឲ្យ​គាត់​ចាត់​ទុក​ទំនាក់ទំនង​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថា​ជា “អាទិភាព​នៃ​នយោបាយ​ក្រៅ​ប្រទេស​របស់​តាហ្ស៊ីគីស្ថាន”។

មិនតែប៉ុណ្ណោះ គេ​នៅ​ចង​ចាំ​ថា ក្នុង​ឆ្នាំ​ទៅ​មិញ ទីក្រុង Douchanbé បាន​ចុះ​ជាមួយ​ប៉េកាំង​ គឺ​កិច្ច​ព្រមព្រៀង ស្តី​អំពី​ការដោះស្រាយ​វិវាទ​ដែនដី​បាន​រួច​រាល់​ហើយ និង​ស្តី​អំពី​ការកំណត់​ខ្សែ​ព្រំ​ប្រទល់ រវាង​ប្រទេស​ទាំងពីរ ដោយ​តាហ្ស៊ីគីស្ថាន​បាន​ប្រគល់​ផ្ទៃ​ដី​១.១២២គ.ម.ទៅ​ឲ្យ​ចិន-ផ្ទៃដី​នេះ​ដែល​ស្ថិត​នៅ​ក្នុង​ភ្នំ គឺ​ស្មើ​នឹង ១% នៃ​ដែនដី​ប្រទេស​តាហ្ស៊ីគីស្ថាន​ផ្ទាល់។

កាសែត​រុស្ស៊ី “Kommersant” លើក​ឡើង​ត​មក​ទៀត ៖ នា​ពេល​ចុង​ក្រោយ គេ​សង្កេត​ឃើញ​ថា តាហ្ស៊ីគីស្ថាន​ស្រាប់​តែ​ធ្វើ​សហប្រតិបត្តិការ​រស់​រវើក​មែនទែន ជាមួយ​ឥណ្ឌា និង​ប្រទេស​នានា នៃ​តំបន់​ឈូង​សមុទ្រ Persique។ អស់​ទាំង​នេះ គឺ​ដក​ហូត​ពី​ម៉ូស្គូ នូវ​ទំនាក់ទំនង​ផ្តាច់​មុខ​ជាមួយ​តាហ្ស៊ីគីស្ថាន និង តួនាទី​របស់​ម៉ូស្គូ​ក្នុង​ឋានៈ​ជា​ “បងធំ”។

តបនឹងការ​ចុះ​ផ្សាយ​នៃ​កាសែត​“Kommersant” ដែលថា តាហ្ស៊ីគីស្ថាន​ចង់​ឲ្យ​រុស្ស៊ី បង់​ឲ្យ​ខ្លួន​ក្នុង​១​ឆ្នាំៗ ២៥០-៣០០​លាន​ដុល្លារ ចំពោះ​ការជួល​ប្រើប្រាស់ “មូលដ្ឋាន​យោធា​នៃ​កងទ័ព​រុស្ស៊ី​ទី ២០១” គឺ​មាន​ប្រតិកម្ម​ទៅ​ហើយ​ពីទីក្រុង Douchanbé ដែល​ដោះ​សារ​ថា ”លុយ​មិន​សំខាន់​ទេ” សំខាន់ គឺ​ឲ្យ​រុស្ស៊ី​ចេះ​គន់​គិត​ដល់ “ផល​ប្រយោជន៍​ជាតិ” របស់​តាហ្ស៊ីគីស្ថាន។ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ក្រុង Douchanbé ជំនួយ​ការ​ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន លោក Saifullo Safarov ​ក៏​សុំ​ឲ្យ​រុស្ស៊ី បន្ទាប​យ៉ាង​បង្កួរ​ទៅ ពន្ធ​ដែល​ហូត​ពី​ប្រេងកាត​លក់​ទៅ​ឲ្យ​តាហ្ស៊ីគីស្ថាន។

គួរនិយាយថា “មូលដ្ឋាន​យោធា​នៃ​កងទ័ព​រុស្ស៊ី ទី ២០១” សព្វថ្ងៃ ជា​មូលដ្ឋាន​ទ័ព​ជើងគោក ធំ​បំផុត​របស់​រុស្ស៊ី នៅ​ក្រៅ​ប្រទេស ដោយ​មាន​យោធា​រុស្ស៊ី​ឈរ​ជើង​ចំនួន ៧.០០០​នាក់។
រុស្ស៊ី​វត្តមាន​នៅ​ទីនោះ តាំងពី​ឆ្នាំ​២០០៤​មក ដោយ​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ ២០១៤​ខាង​មុខ។

ទោះបី​កិច្ចចរចា ដើម្បី​ពន្យារ​វត្តមាន​រុស្ស៊ី​នៅ​ទីនោះ ប្រព្រឹត្ត​ទៅ​តាំងពី​ឆ្នាំ​២០០៨​មក​ក្តី ក៏​ពី​១​លើក​ទៅ​១​លើក ភាគី​តាហ្ស៊ីគីស្ថាន ចេះ​តែ​រុញ​ច្រាន​ចេញ​មក​នូវ​ល័ក្ខខ័ណ្ឌ មិន​ចេះ​ចប់ ​សរុ​បទៅ មាន​២០​ល័ក្ខខ័ណ្ឌ ដែល​រុស្ស៊ី​មិន​អាច​ទទួល​យក​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ