អានតួអត្ថបទ
រុស្ស៊ី-អាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់

អាមេរិក​ពឹង​រុស្ស៊ី​ឲ្យដាស់​សតិ​អ៊ីរ៉ង់​

តាមកាសែត​ក្រុងម៉ូស្គូ​ Kommersant​ លេខថ្ងៃ​ទី១៤​មីនា​នេះ​ សំណូមពរ​ដែល​មាន​ត្រូវបាន​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ Hillary Clinton ​ធ្វើ​ទៅកាន់​សមភាគី​រុស្ស៊ី ​លោក ​Serguei Lavrov​ ក្នុង​ជំនួប​ទ្វេភាគី​នៅក្រុង​ញីវយ៉ក​បន្ទាប់​ពី​សម័យ​ប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ អ.ស.ប. ​ថ្ងៃទី​១២មីនា​ជុំវិញ​ស្ថានការណ៍​នៅ​ប្រទេសស៊ីរី។

លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​ Hillary Clinton​
លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​ Hillary Clinton​ EUTERS/Pool/Saul Loeb
ផ្សាយពាណិជ្ជកម្ម

ខ្លឹមសារ​សំណូមពរ​អាមេរិក​គឺសុំឲ្យ​រុស្ស៊ី​ប្រាប់ទៅ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់ថា​ សម្រាប់​ពួកគេ​ខែមេសា​ខាងមុខ​ជាឱកាស​ចុងក្រោយ ​ដើម្បី​គេចឲ្យ​ផុត​ពី​ការវាយ​ប្រហារ​ដោយ​អាមេរិក​និង​អ៊ីស្រាអែល​ទៅលើ​អ៊ីរ៉ង់។​ ពិតជា​ក្នុងខែ​មេសានោះ​ដែល​ត្រូវ​ប្រព្រឹត្តទៅ​កិច្ចចរចា​រវាង​អ៊ីរ៉ង់​និង​៦ អន្តរការី​អន្តរជាតិ​ ពោលគឺ​៥ប្រទេស​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ បានន័យថា​រុស្ស៊ី ​ចិន​ ស.រ.អា​ បារាំង ​អង់គ្លេស ​ព្រមទាំង​អាល្លឺម៉ង់​តាងនាម​ឲ្យ​សហភាព​អឺរ៉ុប។

 
តើ​លទ្ធផល​យ៉ាងណាៗ​នៃ​កិច្ចចរចា​នេះ ​គឺអាស្រ័យ​នឹង​ឥរិយាបថ​ប្រទេស​អ៊ីរ៉ង់​តែម្តង។​ ចំណែក​ប្រធានបទ​នៃ​កិច្ចចរចា​ គឺ​អំពី ៖
- ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​និង​លទ្ធភាព​អ៊ីរ៉ង់​ប្រើ​កម្មវិធី​នេះ​សម្រាប់​គោលដៅ​យោធា។
- ​បញ្ហា​អនុញ្ញាត​ឲ្យពួក​អធិការ​នៃ​”ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ” ​AIEA​ ទៅ​ពិនិត្យ​មើល​ដោយផ្ទាល់​ភ្នែក​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​យោធា​របស់អ៊ីរ៉ង់។

ទើបមួយ​សប្តាហ៍​មុនសោះ ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ លោក ​Leon Panetta ​ថ្លែងថា ​អាមេរិក​អាចធ្វើ​សកម្មភាព​យោធា​ទល់នឹង​អ៊ីរ៉ង់​ ប្រសិន​បើ​វិធានការ​ផ្លូវទូត​មិនអាច​រាំងរា​ឲ្យអ៊ីរ៉ង់​ឈប់​បង្កើត​ជាអាវុធ​បរមាណូ។

ចំណែក​លោក​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល ​Netanyahou ​នាកិច្ច​ចរចា​ នៅ​ក្រុងវ៉ាស៊ីនតោន​ថ្ងៃទី​៥មីនា​ថែមទាំង​បាន​ពញ្ញាក់​ស្មារតី​លោក​ប្រធានាធិបតី​អាមេរិក​ Obama​ ថា​ ការគាំទ្រ​ដល់​ផែនការ​អ៊ីស្រាអែល​វាយ​ប្រហារ​ថ្ងៃមុខ​ទៅលើ​អ៊ីរ៉ង់​គឺនឹង​ញ៉ាំង​បណ្តាជន​ Juif​ រាប់លាន​នាក់​ដែលរស់​នៅ​អាមេរិក​ឲ្យបោះឆ្នោត​ឲ្យលោក​ Obama ពុំខាន។

ស្របនឹង​ការស្ទង់​មតិ​ធ្វើដោយ​ Reuters/​ Ipsos​ ៖​ប្រជាជន​អាមេរិក​ភាគច្រើន​ដល់ទៅ​ ៥៦%​គាំទ្រ​ដល់ការ​វាយ​ប្រហារ​របស់​កងទ័ព​អាមេរិក​ទៅលើ​អ៊ីរ៉ង់។​ ជំទាស់​គឺតែ​៣៩%​ប៉ុណ្ណោះ។​ នៅមាន​ពលរដ្ឋ​អាមេរិក​៦២%​ទៀត​ពេញចិត្ត​នឹង​ការគាំទ្រ​ពីខាង​រដ្ឋាភិបាល​វ៉ាស៊ីនតោន​ក្នុង​ករណី​បើ​អ៊ីស្រាអែល​វាយ​ប្រហារ​មែន​ទៅលើ​អ៊ីរ៉ង់។

ចំណែក​រុស្ស៊ី​ដែលចង់​បាន​សន្តិភាព​ក៏​កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​សង្គ្រាម​នោះដែរ​ដ្បិត​តាម​យោបល់​ទីក្រុង​ម៉ូស្គូគឺពិបាក​ចៀស​ឲ្យផុត។​ តាមការ​ប្រមាណ​ឃើញ​របស់​រុស្ស៊ី​សង្គ្រាម​នៅ​អ៊ីរ៉ង់​នឹង​បង្កឡើង​ជា​ចរន្ត​ជនភៀស​ខ្លួន​យ៉ាង​ច្រើន​ពីអ៊ីរ៉ង់​ចូល​ក្នុង​ប្រទេស​Azerbaidjan ​នៅជិត​ខាង​រួច​ពីទីនោះ​គឺនឹង​ហូរ​ចូល​មក​ក្នុង​ប្រទេស​រុស្ស៊ី​តែម្តង។ ​ជាការ​កត់​សម្គាល់​ពីក្នុង​ចំណោម​បណ្តាជន​អ៊ីរ៉ង់​ជាង​៧០លាននាក់​ ២០លាននាក់​ មាន​កំណើត​ជាជាតិ​ Azerbaidjan៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ