អានតួអត្ថបទ
ប៉ាគីស្ថាន-អាមេរិក

អាមេរិក​ដក​បុគ្គលិក​ខ្លួន​ចេញពី​កុងស៊ុល​ក្រុង​ Lahore​ នៅ​ប៉ាគីស្ថាន​

នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួងការបរទេស​អាមេរិក​បាន​ប្រកាស​​ថា បាន​​ដកបុគ្គលិក​ការងារ​​​ខ្លួន​នានា ចេញ​​ពី​កុងស៊ុល​ក្រុង​ Lahore នៅ​ភាគ​ខាងកើត​​ប៉ាគីស្ថាន។ ក្រុងវ៉ាស៊ីនតោន​បាន​ប្រាប់​ថា បាន​ទទួល​ព័ត៌មាន​ទាក់ទង​ការគំរាមកំហែង​​កុងស៊ុល​ខ្លួន​នៅ​ក្រុង ឡាហr។ ដោយឡែក​ អាមេរិក​ដក​តែ​បុគ្គលិក​បំរើការងារ​ដែល​មិន​សូវ​សំខាន់​ប៉ុណ្ណោះ។ ការដកបុគ្គលិក​ការងារ​នេះ ធ្វើឡើង​នៅ​ពេល​ដែល​ប៉ាគីស្ថាន​ កំពុង​​ប្រារព្ធ​ពិធី​បិទបញ្ចប់​បុណ្យ​សាសនា​រ៉ាម៉ាដង់។

ផ្លូវចូល​ទៅកាន់​កុងស៊ុល​អាមេរិក នៅ​ក្រុង​ឡាហរ ប្រទេស​ប៉ាគីស្ថាន
ផ្លូវចូល​ទៅកាន់​កុងស៊ុល​អាមេរិក នៅ​ក្រុង​ឡាហរ ប្រទេស​ប៉ាគីស្ថាន REUTERS/Mohsin Raza
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជា​​អោយ​បុគ្គលិក​ការងារ​ដែល​មិនសូវសំខាន់​នានា​​របស់​ខ្លួន​ អោយ​ចាកចេញ​ពី​កុងស៊ុល នៅ​ក្រុងឡាហរ ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​ប៉ាគីស្ថាន។ ការ​ដកបុគ្គលិក​នេះ​ ធ្វើឡើង​បន្ទាប់​ពី​អាមេរិក​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ផ្សេងៗ​​​​ទាក់ទង​ការគំរាមកំហែង​​​កុងស៊ុល​​ក្រុងឡាហរ ។

អាមេរិក​ក៏បានក្រើន​​រំលឹក​ប្រជាជន​ខ្លួន​​មិន​អោយ​ធ្វើដំណើរ​ទៅ​ប៉ាគីស្ថាន​ផងដែរ ប្រសិន​គ្មាន​ករណី​​​ចាំបាច់។ ប៉ាគីស្ថាន​ជា​ប្រទេស​សំបូរ​​ដោយ​អំពើ​ភេរវកម្ម​​ ហើយ​ក៏​ជា​ជរំ​​នៃ​ក្រុម​ឧទ្ទាម​ក្នុង​ស្រុក​និង​ក្រៅស្រុក ព្រមទាំង​​​​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាម​​ដែលការពារ​នយោបាយ​ក្រុមអាល់កៃដា​​​​ផងដែរ។ ប៉ុន្មាន​ថ្ងៃ​មកនេះ ស្ថានទូត​និង​កុងស៊ុល​អាមេរិក​ជាង​២០​កន្លែង​ផ្សេង​​ទៀត នៅ​មជ្ឈិម​បូព៌ា​ និង​អាហ្វ្រិក បាន​បិទទ្វារ​ ដើម្បី​ការពារ​សុវត្ថិភាព​សន្តិសុខ​ពី​គំរោង​អំពើ​ភេរវកម្ម​​ក្រុម​អាល់កៃដា។ 

ការដកបុគ្គលិក​​អាមេរិក​ នៅ​កុងស៊ុលក្រុងឡាហរ ធ្វើឡើង​នៅ​ពេល​ដែល​ប៉ាគីស្ថាន​ កំពុង​រៀបចំ​ពិធី​បិទបញ្ចប់​បុណ្យ​សាសនា​រ៉ាម៉ាដង់។ ​នៅរដ្ឋធានី​​អ៊ីស្លាមម៉ាបាដ និង​​បណ្តា​ក្រុង​ដទៃ​ទៀត​ ប៉ូលិស​បាន​ពង្រឹង​សន្តិសុខខ្ពស់ ដើម្បី​ចៀសវាង​​​អំពើភេរវកម្ម​ដែល​អាច​កើតឡើង​ នៅ​ចុងសប្តាហ៍​នេះ។ កាលពី​ម្សិលមិញ ក្រុមតាលីបង់​បាន​បង្ក​អំពើ​ភេរវកម្ម​​​បំផ្ទុះ​គ្រាប់បែក​ក្នុង​ពិធី​​បុណ្យសពប៉ូលិស​មួយរូប បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​​៣០នាក់។ ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ ជន​ប្រដាប់អាវុធ​​នានា បានបាញ់រះ​​លើ​រថយន្ត​អ្នកនយោបាយ​មួយរូប បណ្តាល​អោយ​ស្លាប់​មនុស្ស​៩នាក់។

នៅ​ថ្ងៃ​​បញ្ចប់​បុណ្យ​រ៉ាម៉ាដង់​នេះ អាមេរិក​បាន​បិទទ្វារ​​ ស្ថានទូត​​​និង​កុងស៊ុល​ខ្លួន​នានា​នៅ​ប៉ាគីស្ថាន ហើយ​នឹង​បើកទ្វារ​វិញ នៅ​ថ្ងៃ​ចន្ទ។ ដោយឡែក កុងស៊ុលក្រុងឡាហរ​ ប្រហែល​ជា​អាច​បន្ត​បិទទ្វារ​នៅសប្តាហ៍​ក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ