ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT

លោក​អូបាម៉ា​ប្រកាស​ឲ្យ​មហាសេដ្ឋី​បង់ប្រាក់​ពន្ធ​ឲ្យ​បាន​ច្រើន គឺ​ស្មើនឹង​អ្នកមាន​ជីវភាព​មធ្យម

លោក​អូបាម៉ា​ប្រកាស​ឲ្យ​មហាសេដ្ឋី​បង់ប្រាក់​ពន្ធ​ឲ្យ​បាន​ច្រើន គឺ​ស្មើនឹង​អ្នកមាន​ជីវភាព​មធ្យម
 
©Reuters

លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​បង្ហាញ​គម្រោង​ផែនការ​កាត់បន្ថយ​ឧុនភាព​ថវិកា​អាមេរិក កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ។ ក្នុង​ផែនការ​នេះ ប្រធានាធិបតី​អាមេរិក​បាន​សន្យា​សន្សំសំចៃ​ប្រាក់​ឲ្យ​បាន​៣០ម៉ឺន​កោដិ ដុល្លារ ក្នុងរយៈពេល ១០​ឆ្នាំ​ទៅមុខ។ ១៥ម៉ឺន​កោដ​ដុល្លារ​នៃ​ប្រាក់សន្សំសំចៃនេះ​នឹង​បាន​មក​ពីការប្រមូល​ពន្ធអាករ ​ពីអ្នកមាន។

 

ក្នុង​គោលដៅ​កាត់បន្ថយ​ឧុនភាព​ថវិកា ពួកសាធារណរដ្ឋ​បាន​ដាក់គំនាប​លើ​លោក​បារ៉ាក់ អូបាម៉ា ឲ្យ​កាត់បន្ថយ​ឲ្យ​បាន​ច្រើន លើ​ការចំណាយ ជាពិសេស​ប្រាក់​ចំណាយ​លើ​វិស័យ​សុខាភិបាល។ ប៉ុន្តែ នៅថ្ងៃចន្ទ ម្សិលមិញ លោក​អូបាម៉ា​គំរាម​ថា លោក​នឹង​ប្រើសិទ្ធិវេតូ បើ​ក្រុមសាធារណរដ្ឋ​បោះឆ្នោត​ឲ្យ​គេ​កាត់បន្ថយ​ការចំណាយ​លើ​ផ្នែក​សុខភាព។ សម្រាប់​លោក​អូបាម៉ា រដ្ឋាភិបាល​​អាច​កាត់បន្ថយ​ចំណាយ​លើ​សុខាភិបាល ប៉ុន្តែ គេ​ក៏​ត្រូវ​ដំឡើង​ពន្ធអាករ​សម្រាប់​អ្នកមាន មហាសេដ្ឋីអាមេរិក។

ក្នុង​ផែនការ​កាត់បន្ថយ​ឧុនភាព​ថវិកា  នៅថ្ងៃ​ម្សិលមិញ ដែល​មាន​ទំហំ ៣០០០ ពាន់ លាន​ដុល្លារ លោក​អូបាម៉ា​បាន​ប្រកាស​កាត់បន្ថយ​ចំណាយ​លើ​ផ្នែកសុខភាព តែ​ត្រឹមចំនួន​សមរម្យ។ ផែនការ​សន្សំសំចៃប្រាក់​ផ្សេងៗ​ទៀត បាន​មក​ពី​ការកាត់បន្ថយ​ចំណាយ​កងទ័ព ដោយអាមេរិក​បញ្ឈប់​បេសកកម្ម​យោធា នៅអាហ្វហ្កានិស្ថាន និង​អៀរ៉ាក់។

ដំឡើង​ពន្ធ សម្រាប់អ្នកមាន​នេះ គឺ​គ្រាន់តែ​ឲ្យ​ជនជាតិអាមេរិក​ដែល​មាន​លុយច្រើន​រាប់​លាន​ដុល្លារ បង់ពន្ធអាករ​​នូវ​អត្រាមួយ ​ស្មើ​នឹង​ប្រជាជន​អាមេរិក​សាមញ្ញ​ធម្មតា​ប៉ុណ្ណោះ តែ មិន​មែន​ឲ្យ​បង់ច្រើនជាង​ទេ។ កន្លងមក នៅអាមេរិក អ្នកវិនិយោគ និង​មហាសេដ្ឋី​បង់​ពន្ធអាករ​តែ​​ជាង ៧ភាគរយ​លើ​ប្រាក់ចំណេញ​របស់ខ្លួន ចំណែក​គ្រួសារមធ្យម​ត្រូវ​បង់​ពន្ធ​ពី​១០ ទៅ ៣០ ភាគរយ​នៃ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ដែល​ខ្លួនរកបាន។

មហាសេដ្ឋី​​អាមេរិក​ដែល​ស្ថិតនៅ​ក្នុង​សំណាញ់​របស់​លោក​អូបាម៉ា ពេលនេះ គឺ​ពួក​ម្ចាស់ក្រុមហ៊ុន​ប្រេង មហាសេដ្ឋី​ដែល​មាន​យន្តហោះ​ឯកជន​ទំនើបៗ ឬ​អ្នកដែល​មាន​ទុនវិនិយោគ​ច្រើន​រាប់លាន​ដុល្លារ។ បើទោះជា​ផែនការ​នេះ​នឹង​ប៉ះពាល់​តែ​ទៅ​លើ​អ្នកបង់ពន្ធ​ប្រមាណ​តែ​០,៣​ភាគរយ នៃ​អ្នកបង់​ពន្ធ​សរុប នៅអាមេរិក គឺ​ប្រមាណ​តែ​ជាង ៤សែននាក់ប៉ុណ្ណោះ ប៉ុន្តែ បើតាម​ការគណនា ផែនការ​យកពន្ធ​ច្រើន​ជាង​មុន ពី​អ្នកមាន នឹង​ធ្វើ​ឲ្យ​អាមេរិក​ប្រមូលប្រាក់​បាន​ដល់​ទៅ ១៥ម៉ឺន​កោដិ គឺ​ជិត​ពាក់​កណ្តាល​នៃ​ថវិកា​ដែល​គេ​គ្រោង​សន្សំ ក្នុង​ផែនការ​កាត់បន្ថយ​ឧុនភាព ក្នុង​រយៈពេល​១០ឆ្នាំ​ទៅមុខ។
 

Warren Buffett​មហាសេដ្ឋី​លុយ​រាប់​ពាន់​កោដិ​ដុល្លារ​អាមេរិក​ ចង់​ឲ្យ​គេ​ប្រមូល​ពន្ធ​ពី​អ្នកមាន​ដូចរូបលោក​សម្រាប់​ស្រោចស្រង់​សេដ្ឋកិច្ច​អាមេរិក ®Reuters

ផែនការរបស់​លោក​អូបាម៉ា​ជម្រុញ​ឲ្យ​មាន​ការតស៊ូ​វណ្ណៈ

ផែនការ​អនុគ្រោះ​ពន្ធ​ដល់​មហាសេដ្ឋី និង​អ្នកវិនិយោគ ត្រូវ​បង្កើត​ឲ្យ​ចេញ​រូបរាង ក្នុង​សម័យ​គ្រប់គ្រង​របស់​លោក​Bush ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ។  ក្រុមសាធារណរដ្ឋ​ប្រឆាំង ផែនការ​លោក​អូបាម៉ា មិន​ឲ្យ​គេ​យកពន្ធ​ច្រើន​ពី​អ្នកវិនិយោគ ព្រោះពួកគេ​មាន​ហេតុផលថា ការអនុគ្រោះពន្ធ​នឹង​លើកទឹកចិត្ត​អ្នកមាន​ឲ្យ​លុយបោះទុន និង​បង្កើត​ការងារ។ សូម្បី កាលពីឆ្នាំ ២០១០ លោក​អូបាម៉ា ដែល​ចង់​ជម្រុញ​ការបង្កើត​ការងារ​សម្រាប់​យុវជន ធ្លាប់​បាន​ចាញ់​ឥទ្ធិពល​របស់​ក្រុមសាធាររដ្ឋ ដោយ​បាន​យល់​ព្រម​អនុវត្ត​ផែនការ​អនុគ្រោះពន្ធ ដល់​ម្ចាស់​ក្រុមហ៊ុន ដែល​តាមពិត​ត្រូវ​បញ្ចប់ នៅចុងឆ្នាំ នេះ។

Warren Buffet មហាសេដ្ឋី​អាមេរិកាំង ជា​អ្នកបញ្ចេញ​គំនិត​ដំបូង​គេ ឲ្យ​គេ​ដំឡើង​ពន្ធអាករ​​លើ​អ្នកមាន និង​ជា​ប្រភព​នៃ​ច្បាប់​ Buffet។ បើតាម​លោក​ Warren Buffet  ការអនុគ្រោះ​ពន្ធ​មិន​បាន​ជម្រុញ​លើកទឹកចិត្ត​លោក និង​មហាសេដ្ឋី​ដទៃទៀត ឲ្យ​បង្កើន​ការវិនិយោគ និង​បង្កើតការងារទេ។ គេ​បន្ថែម​ការវិនិយោគ នៅពេលណា​ដែល​គេ​ឃើញ​ ផលប្រយោជន៍ សេដ្ឋកិច្ច ឳកាស​រក​ប្រាក់ចំណេញ តែប៉ុណ្ណោះ។ នៅក្នុង​អត្ថបទ​អត្ថាធិប្បាយ​របស់លោក នៅក្នុង​កាសែត​The New york times លោក Warren Buffet បាន​សរសេរ​ថា លោក​និង​មហាសេដ្ឋី​ដទៃ​បាន​ទទួល​ផល​ចំណេញ​គ្រប់គ្រាន់​ហើយ ពី​ការអនុគ្រោះ​ពន្ធ​កន្លងមក។ ពេលនេះ លោក​នឹង​មិត្តភក្តិ​មហាសេដ្ឋី​មួយចំនួន​បាន​ត្រៀមខ្លួន​ដើម្បី​បង់ពន្ធ ឲ្យ​ដូច​គ្រួសារ​មធ្យម ដទៃទៀត គឺ​មិន​អាច​ឈរ​ឳបដៃ​មើល​ប្រជាជន​អាមេរិកាំង​ផ្សេងទៀត​រងទុក្ខ​វេទនា​ទេ។

ក្រុម​សាធារណរដ្ឋ​បាន​លើកឡើង​ថា ផែនការ​របស់​អូបាម៉ា​មិន​បាន​ចម្រើន​ដល់​សេដ្ឋកិច្ច តែ​គ្រាន់តែ​ដើម្បី​កេងចំណេញ​នយោបាយ និង​បង្កើត​​បរិយាកាស​ស្អប់គ្នា រវាង​អ្នកមាន និង​អ្នកក្រ។ ប៉ុន្តែ ការអះអាង​ដូច្នេះ ក៏ត្រូវ​លោកអូបាម៉ា​ឆ្លើយបក​ទៅវិញ ដែល​ដែរថា មិន​មែន​ជា​ការតស៊ូ​វណ្ណៈ ទេ ប៉ុន្តែ គឺ​ជា​គណិតវិទ្យា​ដ៏សាមញ្ញ​ប៉ុណ្ណោះ។ ​លោក​អូបាម៉ា​និយាយ​ថា អ្វី​ដែល​លោក​ធ្វើ គឺ​ដើម្បី​បង្កើត​ភាពត្រឹមត្រូវ យុត្តិធម៌​មួយ​ក្នុង​សង្គម និង​ត្រលប់​ទៅរក​ស្ថានភាព​ដើម នៅមុន​ឆ្នាំ ១៩៩៩ តែប៉ុណ្ណោះ។

នៅក្រោយ​សង្រ្គាម​លោក​លើក​ទីពីរ ប្រជាជន​អាមេរិក​បង់ពន្ធ​តិច ជាង​អ្នកមាន ប៉ុន្តែ ចាប់តាំង​ពី​ឆ្នាំ ១៩៩០ ពន្ធអាករ​ទៅ​លើ​មហាសេដ្ឋី កាន់តែ​តិចៗ​ទៅ គឺ​តិចទាប​ជាង​ពន្ធ​អាករ​របស់​អ្នកប្រាក់ចំណូល​មធ្យមទៅទៀត។ ដូច្នេះ នៅពេល​ដែល​ក្រុមសាធារណរដ្ឋ​និយាយ​ពី​ការ​តស៊ូវណ្ណៈ គឺមាន​តែ​អ្នកមាន​ទេ​ដែល​ជាអ្នកឈ្នះ​រហូតមក៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • សហរដ្ឋអាមេរិក

    លោក បារ៉ាក់ អូបាម៉ា​ស្នើ​ឲ្យ​មាន​ពន្ធអាករ​ពិសេស​ សម្រាប់​មហាសេដ្ឋី​អាមេរិកំាង

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ៤៤៧ ០០០លាន​ដុល្លារ​​សម្រាប់​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    សមាជិក​ព្រឹទ្ធសភា​ស្នើផែនការថ្មី​ដើម្បី​កាត់បន្ថយ​ឧនភាព​

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ស្ថានភាព​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ធ្វើឲ្យ​វិនិយោគិន​កើតមាន​ក្តីបារម្ភ​

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    បញ្ហាប្រាក់​បំណុល​អាមេរិកាំង​ដ៏ច្រើន​មហិមា​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ភ័យបារម្ភ​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ