លោកអូបាម៉ាប្រកាសឲ្យមហាសេដ្ឋីបង់ប្រាក់ពន្ធឲ្យបានច្រើន គឺស្មើនឹងអ្នកមានជីវភាពមធ្យម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៤
លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានបង្ហាញគម្រោងផែនការកាត់បន្ថយឧុនភាពថវិកាអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញ។ ក្នុងផែនការនេះ ប្រធានាធិបតីអាមេរិកបានសន្យាសន្សំសំចៃប្រាក់ឲ្យបាន៣០ម៉ឺនកោដិ ដុល្លារ ក្នុងរយៈពេល ១០ឆ្នាំទៅមុខ។ ១៥ម៉ឺនកោដដុល្លារនៃប្រាក់សន្សំសំចៃនេះនឹងបានមកពីការប្រមូលពន្ធអាករ ពីអ្នកមាន។
ក្នុងគោលដៅកាត់បន្ថយឧុនភាពថវិកា ពួកសាធារណរដ្ឋបានដាក់គំនាបលើលោកបារ៉ាក់ អូបាម៉ា ឲ្យកាត់បន្ថយឲ្យបានច្រើន លើការចំណាយ ជាពិសេសប្រាក់ចំណាយលើវិស័យសុខាភិបាល។ ប៉ុន្តែ នៅថ្ងៃចន្ទ ម្សិលមិញ លោកអូបាម៉ាគំរាមថា លោកនឹងប្រើសិទ្ធិវេតូ បើក្រុមសាធារណរដ្ឋបោះឆ្នោតឲ្យគេកាត់បន្ថយការចំណាយលើផ្នែកសុខភាព។ សម្រាប់លោកអូបាម៉ា រដ្ឋាភិបាលអាចកាត់បន្ថយចំណាយលើសុខាភិបាល ប៉ុន្តែ គេក៏ត្រូវដំឡើងពន្ធអាករសម្រាប់អ្នកមាន មហាសេដ្ឋីអាមេរិក។
ក្នុងផែនការកាត់បន្ថយឧុនភាពថវិកា នៅថ្ងៃម្សិលមិញ ដែលមានទំហំ ៣០០០ ពាន់ លានដុល្លារ លោកអូបាម៉ាបានប្រកាសកាត់បន្ថយចំណាយលើផ្នែកសុខភាព តែត្រឹមចំនួនសមរម្យ។ ផែនការសន្សំសំចៃប្រាក់ផ្សេងៗទៀត បានមកពីការកាត់បន្ថយចំណាយកងទ័ព ដោយអាមេរិកបញ្ឈប់បេសកកម្មយោធា នៅអាហ្វហ្កានិស្ថាន និងអៀរ៉ាក់។
ដំឡើងពន្ធ សម្រាប់អ្នកមាននេះ គឺគ្រាន់តែឲ្យជនជាតិអាមេរិកដែលមានលុយច្រើនរាប់លានដុល្លារ បង់ពន្ធអាករនូវអត្រាមួយ ស្មើនឹងប្រជាជនអាមេរិកសាមញ្ញធម្មតាប៉ុណ្ណោះ តែ មិនមែនឲ្យបង់ច្រើនជាងទេ។ កន្លងមក នៅអាមេរិក អ្នកវិនិយោគ និងមហាសេដ្ឋីបង់ពន្ធអាករតែជាង ៧ភាគរយលើប្រាក់ចំណេញរបស់ខ្លួន ចំណែកគ្រួសារមធ្យមត្រូវបង់ពន្ធពី១០ ទៅ ៣០ ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំដែលខ្លួនរកបាន។
មហាសេដ្ឋីអាមេរិកដែលស្ថិតនៅក្នុងសំណាញ់របស់លោកអូបាម៉ា ពេលនេះ គឺពួកម្ចាស់ក្រុមហ៊ុនប្រេង មហាសេដ្ឋីដែលមានយន្តហោះឯកជនទំនើបៗ ឬអ្នកដែលមានទុនវិនិយោគច្រើនរាប់លានដុល្លារ។ បើទោះជាផែនការនេះនឹងប៉ះពាល់តែទៅលើអ្នកបង់ពន្ធប្រមាណតែ០,៣ភាគរយ នៃអ្នកបង់ពន្ធសរុប នៅអាមេរិក គឺប្រមាណតែជាង ៤សែននាក់ប៉ុណ្ណោះ ប៉ុន្តែ បើតាមការគណនា ផែនការយកពន្ធច្រើនជាងមុន ពីអ្នកមាន នឹងធ្វើឲ្យអាមេរិកប្រមូលប្រាក់បានដល់ទៅ ១៥ម៉ឺនកោដិ គឺជិតពាក់កណ្តាលនៃថវិកាដែលគេគ្រោងសន្សំ ក្នុងផែនការកាត់បន្ថយឧុនភាព ក្នុងរយៈពេល១០ឆ្នាំទៅមុខ។
ផែនការរបស់លោកអូបាម៉ាជម្រុញឲ្យមានការតស៊ូវណ្ណៈ
ផែនការអនុគ្រោះពន្ធដល់មហាសេដ្ឋី និងអ្នកវិនិយោគ ត្រូវបង្កើតឲ្យចេញរូបរាង ក្នុងសម័យគ្រប់គ្រងរបស់លោកBush ដែលមកពីគណបក្សសាធារណរដ្ឋ។ ក្រុមសាធារណរដ្ឋប្រឆាំង ផែនការលោកអូបាម៉ា មិនឲ្យគេយកពន្ធច្រើនពីអ្នកវិនិយោគ ព្រោះពួកគេមានហេតុផលថា ការអនុគ្រោះពន្ធនឹងលើកទឹកចិត្តអ្នកមានឲ្យលុយបោះទុន និងបង្កើតការងារ។ សូម្បី កាលពីឆ្នាំ ២០១០ លោកអូបាម៉ា ដែលចង់ជម្រុញការបង្កើតការងារសម្រាប់យុវជន ធ្លាប់បានចាញ់ឥទ្ធិពលរបស់ក្រុមសាធាររដ្ឋ ដោយបានយល់ព្រមអនុវត្តផែនការអនុគ្រោះពន្ធ ដល់ម្ចាស់ក្រុមហ៊ុន ដែលតាមពិតត្រូវបញ្ចប់ នៅចុងឆ្នាំ នេះ។
Warren Buffet មហាសេដ្ឋីអាមេរិកាំង ជាអ្នកបញ្ចេញគំនិតដំបូងគេ ឲ្យគេដំឡើងពន្ធអាករលើអ្នកមាន និងជាប្រភពនៃច្បាប់ Buffet។ បើតាមលោក Warren Buffet ការអនុគ្រោះពន្ធមិនបានជម្រុញលើកទឹកចិត្តលោក និងមហាសេដ្ឋីដទៃទៀត ឲ្យបង្កើនការវិនិយោគ និងបង្កើតការងារទេ។ គេបន្ថែមការវិនិយោគ នៅពេលណាដែលគេឃើញ ផលប្រយោជន៍ សេដ្ឋកិច្ច ឳកាសរកប្រាក់ចំណេញ តែប៉ុណ្ណោះ។ នៅក្នុងអត្ថបទអត្ថាធិប្បាយរបស់លោក នៅក្នុងកាសែតThe New york times លោក Warren Buffet បានសរសេរថា លោកនិងមហាសេដ្ឋីដទៃបានទទួលផលចំណេញគ្រប់គ្រាន់ហើយ ពីការអនុគ្រោះពន្ធកន្លងមក។ ពេលនេះ លោកនឹងមិត្តភក្តិមហាសេដ្ឋីមួយចំនួនបានត្រៀមខ្លួនដើម្បីបង់ពន្ធ ឲ្យដូចគ្រួសារមធ្យម ដទៃទៀត គឺមិនអាចឈរឳបដៃមើលប្រជាជនអាមេរិកាំងផ្សេងទៀតរងទុក្ខវេទនាទេ។
ក្រុមសាធារណរដ្ឋបានលើកឡើងថា ផែនការរបស់អូបាម៉ាមិនបានចម្រើនដល់សេដ្ឋកិច្ច តែគ្រាន់តែដើម្បីកេងចំណេញនយោបាយ និងបង្កើតបរិយាកាសស្អប់គ្នា រវាងអ្នកមាន និងអ្នកក្រ។ ប៉ុន្តែ ការអះអាងដូច្នេះ ក៏ត្រូវលោកអូបាម៉ាឆ្លើយបកទៅវិញ ដែលដែរថា មិនមែនជាការតស៊ូវណ្ណៈ ទេ ប៉ុន្តែ គឺជាគណិតវិទ្យាដ៏សាមញ្ញប៉ុណ្ណោះ។ លោកអូបាម៉ានិយាយថា អ្វីដែលលោកធ្វើ គឺដើម្បីបង្កើតភាពត្រឹមត្រូវ យុត្តិធម៌មួយក្នុងសង្គម និងត្រលប់ទៅរកស្ថានភាពដើម នៅមុនឆ្នាំ ១៩៩៩ តែប៉ុណ្ណោះ។
នៅក្រោយសង្រ្គាមលោកលើកទីពីរ ប្រជាជនអាមេរិកបង់ពន្ធតិច ជាងអ្នកមាន ប៉ុន្តែ ចាប់តាំងពីឆ្នាំ ១៩៩០ ពន្ធអាករទៅលើមហាសេដ្ឋី កាន់តែតិចៗទៅ គឺតិចទាបជាងពន្ធអាកររបស់អ្នកប្រាក់ចំណូលមធ្យមទៅទៀត។ ដូច្នេះ នៅពេលដែលក្រុមសាធារណរដ្ឋនិយាយពីការតស៊ូវណ្ណៈ គឺមានតែអ្នកមានទេដែលជាអ្នកឈ្នះរហូតមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ