អានតួអត្ថបទ
រុស្ស៊ី-ONG

អាមេរិក​​និង​​អង់គ្លេស​​ទិតៀន​​ច្បាប់​​រុស្ស៊ី​​ស្តី​អំពី​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល

ស្រប​នឹង​ច្បាប់​នេះ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ទាំង​២​ជាន់​នៃ​រដ្ឋសភា​រុស្ស៊ី​ហើយ​បន្ទាប់​មក​ កាល​ពី​ថ្ងៃ​២១​កក្កដា​កន្លង​ទៅ​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​ពូទីន​ឲ្យ​វា​ចូល​ជា​ធរមាន​ចាប់​ពី​ខែ​វិច្ឆិកា​ខាង​មុខ​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​ទទួល​លុយ​ពី​បរទេស​ហើយ​ធ្វើ​សកម្មភាព​នយោបាយ​នៅ​រុស្ស៊ី​ត្រូវ​ចាត់​ទុក​ជា ”ភ្នាក់ងារបរទេស”។

សភា​ឌូម៉ា​រុស្ស៊ី​
សភា​ឌូម៉ា​រុស្ស៊ី​ RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

 ច្បាប់​រុស្ស៊ី​នេះ​ញ៉ាំង​ឲ្យ​មាន​ការ​ទិតៀន​ជា​បន្តបន្ទាប់​ទៅ​ហើយ​ពី​ខាង​បស្ចិម​លោក។​យ៉ាង​ណា​មិញ​ថ្លែង​ថ្ងៃ​២៥​កក្កដា​នៅ​ក្រុង​វ៉ាស៊ីនតោន​អ្នក​នាំ​ពាក្យ​ផ្លូវការ​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ លោកស្រី Victoria Nuland ចង្អុល​ឲ្យ​ឃើញ​ថា ៖​ ច្បាប់នេះ​រុញ​ច្រាន​មក​នូវ​ការ​ទាមទារ​ជា​បន្ទុក​យ៉ាងធ្ងន់​សង្កត់​លើ​ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ លើ​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​តាម​រចនាសម្ព័ន្ធ​អំណាច​និង​ដែល​ខំ​ការពារ​ប្រជាធិបតេយ្យ​នៅ​រុស្ស៊ី។​ វា​បក​ស្រាយ​ក្នុង​ន័យ​ក្លែង​តែម្តង​ថា​ជា​ “ភ្នាក់ងារ​បរទេស”​ អំពី ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដោយ​គ្រាន់​តែ ​គេ​ទទួល​ហិរញ្ញប្បទាន​ពី​បរទេស។

 
អ្នក​ការ​ទូត​អាមេរិក​បន្តថា​ច្បាប់​រុស្ស៊ីនេះ​គឺ​សំដៅ​បំភ័យ​ពួក​សកម្មជន​និង​អង្គការ​ស៊ីវិល​ណា​ដែល​តាម​ពិត​ទៅ​គឺ​ប្រទេស​រុស្ស៊ី​ត្រូវ​ការ​ខ្លាំង​ជាង​គេ​សោះ​សម្រាប់​អភិវឌ្ឍ​សង្គម​ប្រជា​ធិប​តេយ្យ​​ជា​ទី​ដែល​គ្មាន​អំពើ​ពុករលួយ​ហើយ​ដែល​សិទ្ធិមនុស្ស​ត្រូវ​គេ​គោរព​ឈរលើ​អំណាច​ច្បាប់។

លោកស្រី Victoria Nuland ថែម​ទាំង​លើក​យក​មក​បង្ហាញ​ជា​ឧទាហរណ៍ ​គឺស.រ.អា.​ ផ្ទាល់​ជា​ទី​ដែល​អង្គការ​ឯកជន​អាច​ទាក់​ទាញ​ដោយ​សេរី​និង​ស្រប​ច្បាប់​តែម្តង​នូវ​ហិរញ្ញប្បទាន​ពី​បរទេស​ហើយ​ទទួល​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​បរទេស​នានា។ 

ថ្ងៃ​២៥​កក្កដា​ដែរ​ក្រសួង​ការបរទេស​អង់គ្លេស​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទិតៀន​ថា ៖
ច្បាប់​រុស្ស៊ី​ស្តី​អំពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​សាបព្រោះ​បរិយាកា​សមិន​ទុកចិត្ត​នៅ​ក្នុង​សង្គម​រុស្ស៊ី​ដោយ​បង្កើត​ឡើង​ជា​ឧបសគ្គ​ឥតប្រយោជន៍​សោះ​រាំង​រា​ដល់​សកម្មភាព​សង្គម​ស៊ីវិល​ នៅ​រុស្ស៊ី។​

តាម​មតិ​ក្រុង​ឡុង​ដ៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​នៅ​រុស្ស៊ី​ទទួល​ការ​គាំទ្រ​ពីក្រៅ​គឺ​សម្រាប់​សកម្មភាព​ដ៏​សំខាន់​របស់​គេ​ខាង​ការពារ​សិទ្ធិមនុស្ស​ខាង​លើកច្បាប់​ឲ្យ​ខ្ពស់​ជាង​អ្វីៗ​ទាំង​អស់ និង​ខាង​ប្រយុទ្ធ​ទល់​នឹង​អំពើ​ពុករលួយ។​គេតែងរួម​វិភាគទាន​ថ្លៃថ្លា​ឥតឧបមា​ទៅ​ក្នុង​បុព្វហេតុ​ការពារ​រាល់​អ្វីៗ​ជា​តម្លៃ​ប្រជាធិបតេយ្យ​និង​ចាក់ឫសសង្គម​ស៊ីវិល​ឲ្យ​បាន​ជាប់​ម៉ឺង​នៅ​រុស្ស៊ី។​

ជា​ការ​កត់​សម្គាល់​ច្បាប់​រុស្ស៊ី​ស្តីអំពី​អង្គការ​ក្រៅរដ្ឋាភិបាល ONG ដែល​នឹង​ចូល​ជាធរមាន​ចាប់​ពី​ខែ​វិច្ឆិកា​ខាង​មុខ​ទៅ​ចាត់ទុក​ជា​ហិរញ្ញប្បទាន​ពី​បរទេស​កាល​ណា​វា​មាន​ទឹកប្រាក់​ចាប់ពី​២០០.០០០​ រូប្លឡើងទៅ​ ឫ ជាង ៦.០០០ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ