អានតួអត្ថបទ
យន្តហោះ

ក្រុមហ៊ុនផលិត​​យន្តហោះ​ប៊ូអ៊ីង ទទួល​ស្គាល់​កំហុស​ ជាលើកដំបូង

ក្រុមហ៊ុនផលិត​យន្តហោះប៊ូអ៊ីង​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ បាន​ប្រកាស​ទទួល​ស្គាល់​កំហុស​បច្ចេកទេសរបស់​ខ្លួន។ ជាការ​ប្រកាស​ទទួល​ស្គាល់​កំហុស​ជា​លើក​ដំបូង​បំផុត បន្ទាប់​ពី​យន្តហោះប្រភេទ​ប៊ូអ៊ីង ៧៣៧ Max ជួប​គ្រោះថ្នាក់​ធ្លាក់ចំនួន​ពីរលើក និង​សម្លាប់​មនុស្ស​ជិត​៣៥០នាក់។

បុគ្គលិកធ្វើការនៅរោងចក្រប៊ូអ៊ីង ក្នុងទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩។
បុគ្គលិកធ្វើការនៅរោងចក្រប៊ូអ៊ីង ក្នុងទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩។ REUTERS/Lindsey Wasson
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីពន្យល់​ តាមរយៈ​លិខិត​មួយ​ដែល​ផ្ញើ​ទៅ​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP, ក្រុមហ៊ុន​យន្តហោះ​ផលិត​យន្ត ធុន 737 MAX ​ បាន​បញ្ជាក់ថា ខ្លួន​បាន​កែតម្រូវ​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​សម្រាប់​ផ្តល់​ដំណឹង​ទៅ​អ្នក​បើកបរ​រួច​ហើយ។ កម្មវិធី​ដែលទើប​​កែប្រែ​រួច​រាល់​នេះ នឹង​ដាក់​ឲ្យ​អ្ន​កបើកបរ​ហ្វឹកហាត់​ និង​បង្ហាញពី​ដំណើរ​ការ​ជាក់​ស្តែង​នៅពេល​ហោះហើរ​។​ ទោះ​យ៉ាងណា​ក្តី ក្រុមហ៊ុន​នេះ ពុំ​បាន​បញ្ជាក់​ថា ខ្លួន​បាន​រកឃើញ​ពី​ភាព​មិន​ប្រក្រតី​ ក្នុងការ​បញ្ចូន​ព័ត៌មាន​ទាក់ទង​ និង​លក្ខខណ្ឌ​ហោះហើរ​នោះ តាំងតែពីពេល​ណាមកទេ។ ហើយ​ក៏​មិន​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ខ្លួន បាន​បញ្ចូន​ព័ត៌មាន​នេះ ទៅ​ក្រុមនិយ័តករ​តាំងពីពេល​ណា​នោះដែរ​។​

គួរ​ជ្រាប​ថា ជាយូរមកហើយ ដែល​គេ​ដាក់​ការ​សង្ស័យ​ចំពោះ​កំហុស​បច្ចេកទេស ពិសេសគឺ​ ប្រព័ន្ធ​ម៉ាស៊ីនបញ្ជាការហោះហើរសាកល្បង របស់​ក្រុមហ៊ុន​នេះតែម្តង។ ប្រព័ន្ធ​ម៉ាស៊ីនបញ្ជាការហោះហើរសាក នេះ គឺ​អាច​អនុញ្ញាត​ឲ្យ​អ្នក​បើក​យន្ត​ហោះ ទទួល​បាន​ព័ត៌មាន​ពី​លក្ខខណ្ឌ​នៃ​ការ​ហោះហើរ ឬ​សម្រាប់​បង្ហាញ​ទៅដល់​អ្នក​ហោះហើរ​ថាតើ​ត្រូវ​ដោះស្រាយ​បញ្ហា​បែបណា នៅពេល​ដែល​ជួប​ឧបសគ្គ​ក្នុង​ការ​ហោះហើរ​ជាដើម។ ក៏ប៉ុន្តែ នៅ​ក្នុង​ឧប្បត្តិហេតុ ធ្លាក់​យន្តហោះ ទាំងពីរ​លើក នៅ​ឥណ្ឌូណេស៊ី និង​នៅ​អេត្យូពី អ្នក​បើកបរ​ទំនង​ជា​ពុំ​បាន​ទទួល​សញ្ញាណ​អាសន្ន​គ្រប់​គ្រាន់​នោះទេ។ ម្យ៉ាង​វិញទៀត អ្នក​បើកបរ​អម នៅក្នុង​យន្តហោះ​ដែល​ធ្លាក់​នៅ​អេត្យូពី​កាលពីខែ​មីនា​កន្លងទៅ​នោះ ទំនង​ជា​នៅ​មាន​បទពិសោធ​ខ្ចីផង ពីព្រោះ​ទើបតែ​បាន​ហោះហើរ​ ចំនួន​ជាង​៣០០​ម៉ោង​តែប៉ុណ្ណោះ។ ក្រោយ​ជួប​ហេតុ​អាស្រូវ​ធ្លាក់យន្ត​ផ្ទួន​ៗគ្នាមក យន្តហោះ​ធុន 737 MAX ​ដែល​ត្រូវហាមឃាត់ មិន​ឲ្យ​ហោះហើរ​នៅ​ទូទាំង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ