អានតួអត្ថបទ
ក្រិក

ការ​ងើប​បះបោរ​ក្នុង​ប្រទេស​ក្រិក ក្រោយ​ពី​ការ​បោះផ្សាយ​បញ្ជីឈ្មោះ​មហាសេដ្ឋី

នៅ​ក្នុង​ប្រទេស​ក្រិក ជួន​ចំ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ព្យាយាម​ស្រោចស្រង់​វិបត្តិសេដ្ឋកិច្ច​ឡើង​វិញ​នោះ លោក Costas Vaxevanis និពន្ធ​នាយក​ទស្សនាវដ្តី​​ប្រចំា​សប្តាហ៍​ឈ្មោះ Hot Doc ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​ពី​បទ​បាន​បោះផ្សាយ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ក្រិក​ប្រមាណ​ជា ២ ០០០នាក់ ដែល​​ជាប់​សង្ស័យ​ពី​រឿង​លួច​ពន្ធ។ លោក Costas Vaxevanis ត្រូវ​បាន​គេ​ចោទ​ពី​បទ​បាន​លួច​ទិន្នន័យ​របស់​អ្នកដទៃ​យក​ទៅ​ផ្សព្វផ្សាយ​ដោយ​ខុសច្បាប់។ យ៉ាង​ណា​ក៏​ដោយ រឿងអាស្រូវ​នេះ​បាន​និង​កំពុង​បង្ក​ឲ្យ​មាន​ការ​រំជើបរំជួល​យ៉ាង​ខ្លំាង​នៅ​ក្នុង​ប្រទេស​ក្រិក។

លោក Costas Vaxevanis និពន្ធនាយក​ទស្សនាវដ្តី​ប្រចំាសប្តាហ៍​ឈ្មោះ Hot Doc
លោក Costas Vaxevanis និពន្ធនាយក​ទស្សនាវដ្តី​ប្រចំាសប្តាហ៍​ឈ្មោះ Hot Doc REUTERS/Icon/Costas Baltas
ផ្សាយពាណិជ្ជកម្ម

« បញ្ជី Lagarde » នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​ដែល​គេ​ហៅ​នៅ​ក្នុង​ប្រទេស​ក្រិក និង​ដែល​លោក Costas Vaxevanis និពន្ធ​នាយក​ទស្សនាវដ្តី​ប្រចំា​សប្តាហ៍​ឈ្មោះ Hot Doc បាន​ចុះ​ផ្សាយ​ជា​សាធារណៈ។ ដំណឹង​ចុះ​ផ្សាយ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ក្រិក​លួច​ពន្ធ​ពេល​នេះ​បាន​បង្ក​ឲ្យ​ប្រជាជន​ក្រិក​ងើប​បះបោរ និង​ខឹងសំបារ​យ៉ាង​ខ្លំាង ពិសេស​នៅ​ពេល​ដែល​និពន្ធ​នាយក​ទស្សនាវដ្តី​ប្រចំា​សប្តាហ៍​រូប​នោះ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន ក្រោម​ដីកា​របស់​មហាអយ្យកា។

ម្យ៉ាង​ទៀត ព្រឹត្តិការណ៍​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​អ្នកទទួលខុសត្រូវ​សេដ្ឋកិច្ចជាតិ​ម្នាក់​បាន​ប្រកាស​ធានា​ថា ច្បាប់ដើម​នៃ​បញ្ជី Lagarde ដែល​លោកស្រី​អតីត​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ​បារំាង Christine Lagarde បាន​ប្រគល់​ឲ្យ​ក្នុង​ឆ្នំា ២០១០ នោះ​បាន​បាត់​ទៅ​ហើយ។ បញ្ជី​មិន​ផ្លូវការ​នេះ​ត្រូវ​បាន​បុគ្គលិក​ធនាគារ HSBC ម្នាក់ ជា​អ្នក​បញ្ជូន​ទៅ​ឲ្យ​លោកស្រី Lagarde។

ចាប់​ពី​ថ្ងៃច័ន្ទ ទី២៩ តុលា​នេះ លោក Costas Vaxevanis ត្រូវ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ។ និពន្ធ​នាយក​ទស្សនាវដ្តី​ប្រចំា​សប្តាហ៍​រូប​នេះ​បាន​បោះផ្សាយ​ឈ្មោះ​មហាសេដ្ឋី និង​ក្រុមហ៊ុន​ក្រិក​សរុប ២ ០៥៩ឈ្មោះ និង​ដែល​មាន​គណនី​នៅ​ក្នុង​ធនាគារ​ស្វីស។ លោក Costas Vaxevanis នឹង​ត្រូវ​កាត់ទោស​ពី​បទ​បាន​លួច​ទិន្នន័យ​របស់​អ្នកដទៃ​យក​ទៅ​ផ្សព្វផ្សាយ​ដោយ​ខុសច្បាប់។ គឺ​ជា​ការ​ចោទប្រកាន់​មួយ​ដែល​លោក Costas Vaxevanis បាន​បដិសេធ។

យ៉ាង​ណា​ក៏​ដោយ រឿង​អាស្រូវ​នេះ​បាន​និង​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រិក​ក្រពុលមុខ​យ៉ាង​ខ្លំាង។ រដ្ឋាភិបាល​ដែល​ត្រូវ​បន្ត​ប្រឈម​មុខ​នឹង​ការ​ងើប​បះបោរ​សង្គម​កាន់​តែ​ខ្លំាង​ឡើងៗ និង​ដែល​ចាប់​ពី​ពេល​នេះ​ត​ទៅ បាន​ជាប់​ចោទ​ពី​បទ​បាន​ជួយ​ការពារ​ក្រុមអ្នកមាន និង​ក្រុមអ្នកលួចពន្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ