អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

អធិករណ៍​នៅ​ប្រទេស​ស៊ីរី​អាច​ឆេះរាលដាល​គ្មានទី​បញ្ចប់​

គឺអំពី​គ្រោះថ្នាក់នេះ​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី​ ពូទីន​បានថ្លែង​ក្នុង​សន្និសីទ​កាសែត​ល្ងាច​ម្សិលមិញ​បូក​សរុប​តុល្យការ​នៃ​កិច្ចចរចា​របស់​គាត់​ជាមួយ​លោក​ នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ Mario Monti ​នៅឯ​បុរី​រមណីយដ្ឋាន​ Sotchi​ នៅមាត់​សមុទ្រ​ខ្មៅ។  

លោក​ប្រធានាធិបតី​រុស្ស៊ី​ ពូទីន​​ និង​លោក​ នាយក​​រដ្ឋមន្ត្រី​​អ៊ីតាលី​​ Mario Monti​ ​នៅ​បុរី​​រមណីយដ្ឋាន​​ Sotchi​​ នៅមាត់​​សមុទ្រ​​ខ្មៅ​
លោក​ប្រធានាធិបតី​រុស្ស៊ី​ ពូទីន​​ និង​លោក​ នាយក​​រដ្ឋមន្ត្រី​​អ៊ីតាលី​​ Mario Monti​ ​នៅ​បុរី​​រមណីយដ្ឋាន​​ Sotchi​​ នៅមាត់​​សមុទ្រ​​ខ្មៅ​
ផ្សាយពាណិជ្ជកម្ម

តាម​ប្រសាសន៍​លោកពូទីន​ ការ​ផ្តួល​លោក​ប្រធានាធិបតី​ស៊ីរី​ Bachar-al-Assad ​ពី​អំណាច​ ដោយ​មិនមែន​តាម​ផ្លូវ​រដ្ឋធម្មនុញ្ញ ​គឺនឹង​នាំឲ្យ​សង្គ្រាម​ស៊ីវិល​នៅស៊ីរី​ ចេះតែ​បន្ត​ឆេះ​ រាលដាល​គ្មានទី​បញ្ចប់។​ ក្នុងករណី​ផ្តួលនោះ​ ភាគី​ប្រឆាំង​និង​ថ្នាក់ដឹកនាំ​នៅស៊ីរី​គ្រាន់តែ​ប្តូរកន្លែង​គ្នា​ប៉ុណ្ណោះ ​ចំណែកឯ​ សង្គ្រាម​រវាង​ភាគី​បដិបក្ស​នោះ​ នៅតែ​បន្ត​ទៅ ​មិនដឹង​អង្កាល់ណា​អាច​ចប់ទេ។

ប្រមុខរដ្ឋ​រុស្ស៊ី​សង្កត់​ធ្ងន់​ថា ​ទីក្រុង​ម៉ូស្គូ​មិនចង់​ឃើញ​ស្ថានការណ៍​នៅ​ស៊ីរី​ វិវឌ្ឍ​តាម​ទិស​ដ៏​សែន​បង្ហូរ​ឈាមឡើយ។​ លោកពូទីន​ ក៏ស្នើមក​នូវ​ផែនការ​ជាសណ្តាប់​ធ្នាប់​សម្រាប់​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី​ ក្នុងន័យ​ថា​
ទី១-​ គឺទាំង​សងខាង​ត្រូវ​បញ្ឈប់​អំពើ​ហិង្សា។
ទី២-​ គេត្រូវ​ធ្វើ​កិច្ចចរចា​នឹងគ្នា​រក​វិធី​ដោះស្រាយ។
ទី៣-​ កំណត់​គ្រឹះ​មូលដ្ឋាន​ធម្មនុញ្ញ​ សម្រាប់​អនាគត​សង្គមស៊ីរី។​ លុះបន្ទាប់​មក​ ទើប​ធ្វើការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ។​ បើ​ដំណើរ​ការផ្ទុយ​ពី​របៀ​របប​នេះ​ គឺនឹង​នាំមក​នូវ​ភាព​ច្របូក​ច្របល់។

តាម​លោក​ពូទីន​ ការ​ព្រមព្រៀង​គ្នា​ដែលមាន​សម្រេច​បាន​ ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​. ខាង​ពន្យារ​អាណត្តិ​បេសកកម្ម​ពួក​អ្នក​សង្កេត​ការ​របស់​អ.ស.ប.​ នៅ​ប្រទេស​ស៊ីរី​ គឺសឲ្យ​ឃើញថា​ មាន​មែន​ លទ្ធភាព​សម្រាប់​រៀប​រយ​កិច្ច​សហប្រតិបត្តិការ​ស្ថាបនា​ ជុំវិញ​បញ្ហា​ស៊ីរី​ ​ហើយគាត់​អំពាំវនាវ​ឲ្យ​ជះ​ឥទ្ធិពល​ លើ​គ្រប់​តែ​ភាគី ​ដែល​ជាប់​ក្នុង​ទំនាស់​នៅស៊ីរី។

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ Mario Monti ​ពីចំណែកខ្លួន​ ថ្លែងថា​ គាត់​យល់ពិត​ណាស់ ​អំពីក្តី​ព្រួយ​បារម្ភ​របស់​ម៉ូស្គូ ​ចំពោះ​បំណង​ពួក​ប្រទេស​ខាងលិច ​ក្នុងគម្រោង​នៃ​សេចក្តី​សម្រេច​របស់គេ​ ដាក់​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​ អ.ស.ប.ប្រកប​ដោយ​លទ្ធភាព​យោង​ទៅលើ​មាត្រា​ទី៧ ​នៃ​លក្ខន្តិកៈ​ អ.ស.ប​. ដែល​អាច​បើកផ្លូវ​ឲ្យមាន​អន្តរាគមន៍​តាមផ្លូវ​កម្លាំង​អាវុធ​ជាគំនាប​លើទីក្រុង​ដាម៉ាស។ ​
តាម​លោក​ Mario Monti​ នៅពីមុខ​ភាព​ប្រុង​ប្រយ័ត្ននេះ​របស់​រុស្ស៊ី ​ក៏មានដែរ​ ហានិភ័យ ​ដែលថា​ បើ​អ.ស.ប.​ មិន​អនុម័ត​សេចក្តី​សម្រេច​សមស្របទេ​ នោះ​គេអាច​ក្តាប់​លែង​បាន​ស្ថានការណ៍​នៅស៊ីរី​ ហើយគេ​មុខជា​ពិបាក​ជាប់ដៃ​រវល់​នឹង​អ្វីៗ​ដែល​ប្រព្រឹត្ត​ទៅ ​នៅទីនោះ ​ក្រោយពី​រដ្ឋាភិបាល​លោក​ អាស្សាដ​ធ្លាក់ពី​អំណាចទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ