អានតួអត្ថបទ
កម្ពុជា

ប្រជាជន​សហគមន៍​ព្រៃឡង់​ដើរ​ចូល​ក្នុង​ព្រៃ​ដើម្បី​ត្រួតពិនិត្យ​ការ​កាប់​ព្រៃ​ឈើ​អនាធិបតេយ្យ

តំណាង​សហគមន៍​ព្រៃឡង់​ជាច្រើន​រយ​នាក់​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​៤​ផ្សេងៗគ្នា​ចូល​ក្នុង​តំបន់​ព្រៃឡង់​​ ដើម្បី​ត្រួត​ពិនិត្យ​ការ​កាប់​ព្រៃឈើ​ខុសច្បាប់។ ព្រៃឡង់​មាន​ទំហំ​៤០​ម៉ឺន​ហិកតា​គ្រប​ដណ្តប់​ខេត្ត​៤​ គឺ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង​និង​ព្រះវិហារ។

ការ​កាប់បំផ្លាញ​​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់
ការ​កាប់បំផ្លាញ​​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់ ©rfi សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ធ្វើ​ដំណើរ​ពី​ខេត្ត​៤​ផ្សេង​គ្នា​ដោយ​ថ្មើរ​ជើង តំណាង​សហគមន៍​ព្រៃឡង់​ជាច្រើន​រយ​នាក់​នឹង​ជួបជុំ​គ្នា​នៅ​ចំណុច​ដំណាក់មាន ក្នុង​តំបន់​ព្រៃឡង់​ខេត្ត​កំពង់ធំ​នៅ​ថ្ងៃ​ចន្ទ​ស្អែក។

 
លោក​ ជឹម សាវុធ តំណាង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​នៅថ្ងៃ​អាទិត្យ​នេះ​ថា តំណាង​សហគមន៍​ព្រៃឡង់​ចំនួន​១០០​នាក់​បាន​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ពីខេត្ត​ព្រះវិហារ​តាំង​ពីថ្ងៃទី​២​ខែ​វិច្ឆិកា​មក​កាន់​ខេត្ត​កំពង់ធំ។ តំណាង​សហគមន៍​ពី​ខេត្ត​ផ្សេង​ទៀត​ដូច​ជា​ ខេត្ត​ក្រចេះ​ ស្ទឹងត្រែង ​កំពង់ធំ សរុប​ទាំងអស់​ប្រមាណ​ជា​ជាង​៤០០​នាក់​ផ្សេង​ទៀត​បាន​មក​ដល់​ជិត​ចំណុច​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ស្អែក​ហើយ។

គោល​បំណង​នៃ​ការ​ដើរ​ចូល​ព្រៃឡង់​នៅពេល​នេះ​ ​គឺ​ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់។ ព្រៃឡង់​មាន​ទំហំ​៤០​ម៉ឺន​ហិកតា​ និង​ផ្តល់​ផល​ជាច្រើន​ដល់​សហគមន៍​ជនជាតិ​ភាគតិច​ដូចជា​វល្លិ ​និង​ជ័រទឹក​ជាដើម។

លោក សុភាព​ តំណាង​សហគមន៍​ព្រៃឡង់​ពី​ខេត្ត​កំពង់ធំ​ ដែល​ដើរ​ជិត​ដល់​ចំណុច​ជួបជុំ​គ្នា​នៅ​កណ្តាលព្រៃ​បាន​និយាយ​ប្រាប់​តាម​ទូរស័ព្ទ​មកថា ការ​ដើរចូល​ព្រៃនៅ​ពេល​នេះ​ គឺ​ដោយសារ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ពេក។ ព្រៃឈើ​ទាំង​នេះ​ជា​ប្រភព​ធនធាន​ធម្មជាតិ​របស់​សហគមន៍។

លោក​ ជឹម សាវុធ តំណាង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដែល​បាន​តាមដាន​ដំណើរ​ការកាប់​ព្រៃ​របស់​សហគមន៍​បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​មក​ថា មាន​ការ​កាប់​បំផ្លាញ​ព្រៃឡង់​យ៉ាង​អនាធិបតេយ្យ​នៅ​ពេល​នេះ។ អ៊ីចឹង​ហើយ ទើប​តំណាង​សហគមន៍​នាំគ្នា​ចូល​ព្រៃ​ដើម្បី​ទប់ស្កាត់​ទង្វើ​ខុស​ច្បាប់​នេះ។

ទាក់ទង​ទៅនឹង​ការ​ចោទ​ប្រកាន់​​ការ​កាប់​បំផ្លាញ​ព្រៃឡង់​នេះ លោក ជាម យៀប មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​តំណាងរាស្រ្ត​គណបក្ស​កាន់​អំណាច​បាន​និយាយ​ប្រាប់​នៅថ្ងៃ​អាទិត្យ​នេះ​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ទេ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ លោក​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ ​ជា​ពិសេស​ក្រសួង​កសិកម្ម​អោយ​តាម​ដាន​ និង​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ។ តំណាងរាស្រ្ត​រូបនេះ​បាន​បញ្ជាក់​ជំហរ​ថា លោក​មិនគាំទ្រ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទេ។

បើ​យោង​តាម​កម្មវិធី តំណាង​សហគមន៍​ប្រមាណ​ជា​៥០០​នាក់​នឹង​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ស្អែក​នៅ​ចំណុច​ដំណាក់មាន​ តំបន់​ព្រៃឡង់ ​ក្នុង​ខេត្ត​កំពង់ធំ។ ប្រជាជន​ទាំង​នេះ​សម្រេច​ចិត្ត​ស្នាក់​នៅ​ក្នុងព្រៃ​ដ៏​ស្កឹមស្កៃ​មួយ​នេះ​រយៈពេល​សប្តាហ៍ ​ដើម្បី​ត្រួត​ពិនិត្យ​ការ​កាប់ព្រៃ​ឈើ​ខុស​ច្បាប់។ នៅ​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​​ខាងមុខ​នេះ ពួកគេ​នឹង​ចាក​ចេញ​ពី​ព្រៃឡង់​ ដើម្បី​ឆ្ពោះ​ទៅកាន់​ស្រុក​សណ្តាន់​ខេត្ត​កំពង់ធំ​ ទី​ដែល​ពួកគេ​នឹង​រៀបចំ​វេទិកា​សាធារណៈ​មួយ​និយាយ​ពី​បញ្ហា​កាប់​បំផ្លាញ​ព្រៃឡង់​​នៅថ្ងៃទី១៤​ខែវិច្ឆិកា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ