អានតួអត្ថបទ
អេហ្ស៊ីប-អាមេរិក

អាមេរិក​ទទួល​ស្គាល់​ថា​ ឥទ្ធិពល​ខ្លួន​នៅ​អេហ្ស៊ីប​នៅមាន​ព្រំដែន​កំណត់​

តាំងពី​លោក​មរស៊ី ត្រូវ​កងទ័ព​អេហ្ស៊ីប​ទំលាក់​ចេញពីតំណែង​ កាលពី​ដើមខែ​កក្កដា កន្លង​មក ការ​ទទូច​សុំរបស់​អាមេរិក សុំ​អោយ​​​បញ្ឈប់​ហិង្សា​នៅ​អេហ្ស៊ីប បានធ្វើ​ជាច្រើនលើក​ច្រើន​សារ​ តែ​ហាក់​គ្មាន​ទទួល​បាន​ប្រសិទ្ធភាពអ្វីជាក់ស្តែងឡើយ។ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រុង​វ៉ាស៊ីនតោន​​បាន​ទទួលស្គាល់ថា ឥទ្ធិពល​ខ្លួន​ទៅលើ​ប្រទេស​នេះ នៅ​មាន​ព្រំដែន​កំណត់​នៅឡើយ។ ទោះយ៉ាងនេះ​ក្តី អាមេរិក​​​នៅតែ​​បន្ត​ពិនិត្យ​​​​លើ​​ជំនួយ​ដែល​ខ្លួន​​ផ្តល់​ទៅអោយ​អេហ្ស៊ីប។

ព្រះវិហារ​ Rabaa នៅ​ទីក្រុងគែរ​
ព្រះវិហារ​ Rabaa នៅ​ទីក្រុងគែរ​ Manu Pochez/RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត​ សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់​ថា ​ឥទ្ធិពល​ខ្លួន​នៅ​អេហ្ស៊ីប នៅ​មាន​ព្រំដែន​កំណត់​នៅឡើយ។ ពិតណាស់ តាំងពីអតីតប្រធានាធិបតី​មរស៊ី ត្រូវ​កងទ័ពអេហ្ស៊ីប​​ទំលាក់​ពីតំណែង​​មក អាមេរិក​បាន​បញ្ជូន​ប្រមុខ​ការពារ​ជាតិ​ខ្លួន គឺ​លោក Chuck Hagel ទៅកាន់​អេហ្ស៊ីប​​ជាង​​១៥​ដង​មកហើយ ជួប​ជាមួយ​បុរស​ខ្លាំង​ អាប់ឌែល ហ្វាតា អាល់ស៊ិសស៊ី ដើម្បី​សុំអោយ​អេហ្ស៊ីប​បញ្ឈប់​អំពើ​ហិង្សា។ ប៉ុន្តែ ការទទូច​សុំ គ្មាន​ចេញ​ជា​ផ្លែផ្កា អ្វីឡើយ។ តែ​ក្នុង​រយៈ​ពេល​៦ថ្ងៃ​ប៉ុណ្ណោះ កាលពីសប្តាហ៍​មុន កងទ័ព​អេហ្ស៊ីប​បានបង្ក្រាប​បាតុករគាំទ្រ​លោកមរស៊ី ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​ជិត​៩០០នាក់ ភាគច្រើន​គឺ​ជា​បាតុករ​សុទ្ធសាធ។ យោងតាម​ប្រមុខការពារ​ជាតិ​អាមេរិក​ ដោយ​​​ ឥទ្ធិពល​​អាមេរិក​នៅមានកម្រិត​​​ ឥលូវ​គឺ​ដល់ពេល​​ដែលជនជាតិ​អេហ្ស៊ីប​ជាអ្នក​សំរេច​ខ្លួនឯង​វិញ​ម្តង។

ទន្ទឹម​នេះ​ដែរ រដ្ឋាភិបាល​អាមេរិក​ បានប្រកាសថា នឹង​​​​​បន្ត​​ពិនិត្យ​​ពី​ជំនួយ​ដែល​ខ្លួន​ផ្តល់​ជារៀងរាល់ឆ្នាំ​ ទៅ​អោយ​អេហ្ស៊ីប។ ជំនួយ​អាមេរិក​មាន​តំលៃ​ប្រមាណ​ជាង​មួយពាន់លាន​ប្រាំសែន​ដុល្លារ ក្នុង​នោះ​មួយពាន់​លាន​បីសែន​ដុល្លារ​ ត្រូវ​បាន​ផ្តល់​ដល់​យោធា​អេហ្ស៊ីប ហើយ​២៥០​លាន​ដុល្លារ​ទៀតជាជំនួយ​សេដ្ឋកិច្ច។ តាំងពី​មាន​អំពើ​ហិង្សា​សម្លាប់​មនុស្ស​រាប់រយ​នាក់នៅ​អេហ្ស៊ីប​មក រដ្ឋាភិបាល​លោកអូបាម៉ា​ទទួលសម្ពាធ​សុំអោយ​កាត់ផ្តាច់​ជំនួយ​នេះ​ចេញ។ អាមេរិក​នៅ​តែ​ចង់​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយរដ្ឋាភិបាល​បណ្តោះ​អាសន្ន​​អេហ្ស៊ីបដដែល​​ ព្រោះថា​អេហ្ស៊ីប​មាន​ឥទ្ធិពល ហើយ​អាច​ដើរ​​តួនាទី​សំខាន់​ក្នុង​​​កិច្ច​ពិភាក្សា​​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន។  

ដោយឡែក ក្រុង​វ៉ាស៊ីនតោន​បាន​បង្ហាញ​​ថា​ខ្លួន​មាន​ភាព​ល្អក់កករ​ក្នុង​ចិត្ត​ ចំពោះ​​ការ​ស្លាប់​ដោយ​ថប់ដង្ហើម​របស់​អ្នកទោស​ក្រុមភាតរ​អ៊ីស្លាម​​៣៧​នាក់ កន្លងទៅ។ អ្នកនាំពាក្យ​សេតវិមាន​ លោក Josh Earnest បាន​ក្រើន​រំលឹក​ឡើងវិញ​ពី​​គោលជំហរ​អាមេរិកសុំអោយ​បញ្ចប់​ការ​ឃុំខ្លួន​អ្នកទោស​នយោបាយ ហើយ​ពិតណាស់ ក្នុង​នោះ​ក៏​ត្រូវ​បញ្ចប់​ការ​ឃុំខ្លួន​​លោកមរស៊ី​ផងដែរ។ ​​​

ឯកអគ្គ​មគ្គុទេសក៍​ក្រុម​ភាតរ​អ៊ីស្លាម​​ Mohamed Badie ទើបតែ​ត្រូវ​បាន​ចាប់​ខ្លួន​ កាលពី​​យប់ថ្ងៃ​ចន្ទ​ឈាន​ចូលព្រឹក​ថ្ងៃ​អង្គារ​នេះឯង។ លោក​ បាឌី និង​​មេដឹកនាំ​បក្ស​ភាតរអ៊ីស្លាម​ច្រើនរូប​ទៀត ​រង់ចាំ​ការកាត់ក្តី​​​​ទាក់ទង​ការ​លួច​រត់ចេញពី​គុក ក្នុង​ពេល​ដែល​អេហ្ស៊ីប​ធ្វើបដិវត្តន៍​​ទំលាក់​លោក មូបារ៉ាក់ កាលពី​ឆ្នាំ២០១១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ