ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/04 12h00 GMT
អាស៊ី

លោក ស៊ី ជីនពីង បុរស​ខ្លាំង​ថ្មី​​នៃ​បក្ស​កុម្មុយនិស្ត​ចិន​

media  
លោក​ Xi Jinping​ អគ្គលេខាធិការបក្ស​កុម្មុយនិស្ត​ចិន និង​សមាជិក​គណៈអចិន្ត្រៃយ៍​ទាំង​៧​រូប។ ថ្ងៃ​ទី​១៥ វិច្ចិកា២០១២ REUTERS/China Daily

​ថ្នាក់​ដឹកនាំ​ថ្មីកំពូលៗ​​នៃ​បក្ស​កុម្មុយនិស្តចិន​ បាន​លេច​ចេញ​រូបរាង និង​បាន​​​បង្ហាញ​ខ្លួន​ ជា​ផ្លូវការ​​ហើយ ក្រោយ​ការ​បិទ​បញ្ចប់​សមាជបក្ស​ម្សិលមិញ។ ដូច​ការ​រំពឹង​គិតទុក​ លោក ស៊ី ជីនពីង(Xi Jinping) ដែល​ទើប​បាន​ឡើង​ថ្លែង​សុន្ទរកថា​ជា​លើក​ដំបូង​ បាន​ក្លាយ​​ជា​បុរស​ខ្លាំង​ទី​មួយ​ថ្មី​របស់​ចិន និង​ជា​អគ្គលេខាធិការបក្ស។ គ្មាន​ការ​ភ្ញាក់​ផ្អើល​ទេ​ចំពោះ​សមាសភាព​នៅ​ក្នុង​ជួរ​គណៈអចិន្ត្រៃយ៍ ដែល​ជា​ស្ថាប័ន​មាន​អំណាច​កំពូល​​ក្នុង​បក្ស ប៉ុន្តែសមាជិក​​បាន​ថយ​ពី​៩​នាក់​មក​ត្រឹម​៧នាក់​វិញ​។

ជា​ផ្លូវការ​ និង​ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់ចិន​​៧​នាក់​ បាន​មក​ជំនួស​តំណែង​សមាជិក​ ទាំង​៩​រូប​ នៃ​គណៈ​អចិន្ត្រៃយ៍​ ដែល​ជា​ស្ថាប័ន​កាន់​អំណាច​កំពូល​របស់​បក្ស​កុម្មុយនិស្តចិន​។ ទាំង​៧​រូប ក្នុង​សម្លៀក​បំពាក់​ស្រគត់​ស្រគំ ពាក់​ក្រវ៉ាត់​ក​ពណ៌​ក្រហម​៦​នាក់ និង​ម្នាក់​ទៀត​ពណ៌​ខៀវ​ បាន​ឡើង​បង្ហាញ​ខ្លួន​នៅ​លើ​វេទិកា​ ដោយ​យឺត​យ៉ាវ​អស់​ជិត​មួយ​ម៉ោង​។

 

តាម​លំដាប់លំដោយ លោក ស៊ីជីនពីង (Xi Jinping) អាយុ​៥៩​ឆ្នាំ កើត​ក្រោយ​សម័យ​បដិវត្តិ​មៅ​និយម​ ជា​អគ្គលេខាធិការ​បក្ស​ថ្មី និង​ជា​អនាគត​​​ប្រធានាធិបតី​ចិន នៅ​ខែ​មីនា​ឆ្នាំ​២០១៣ បាន​បង្ហាញ​វត្តមាន​ដឹក​មុខ​គេ​ឡើង​លើ​វេទិកា បន្ទាប់​មក​គឺ​​លោក លី ខឺឈាំង (Li Keqiang) អនាគត​នាយក​រដ្ឋមន្ត្រី ដែល​ជា​បុរស​ខ្លាំង​ទីពីរ។ ​

 

លោក ស៊ី ជីនពីង បាន​ថ្លែង​ទៅ​កាន់​មិត្ត​អ្នក​សារព័ត៌មាន​​ដ៏​កកកុញ​ អំពី​ភាព​ចាំ​បាច់​របស់​ចិន​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ថា “ប្រជាជន​ចិន​ជា​ជនជាតិ​ដ៏​ធំ​មួយ​ដែល​ចង់​ចូល​រួម​ចំណែក​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។ ដើម្បី​មាន​សុភមង្គល​ ទាមទារ​ការ​ប្រឹង​ប្រែង​ធ្វើ​ការ​។ ការទទួល​ខុស​ត្រូវ​ដ៏​ធំ​មហិមា ​ការ​ប្រយុទ្ធ​តស៊ូ​ ជាពិសេស​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ បំបាត់​ភាព​ក្រីក្រ​ គឺ​ធំធេង​គ្មាន​​ប្រៀប !”។

 

ឥស្សរជន​កំពូល​ទាំង​៥នាក់​ផ្សេង​ទៀត ដែល​ទទួល​តំណែង​កំពូល​នៅ​ថ្ងៃ​នេះ​ដែរ មាន​ជាអាទិ៍​ លោក លៀវ យុនចាន់ (Liu Yunshan) ទទួល​បន្ទុក​ខាង​ឃោសនា​ អ្នកសង្គ្រោះ​សេដ្ឋកិច្ច​ចិន លោក វង់ ឈីចាន់ (Wang Qishan) ដែល​មានពាក់​ក្រវ៉ាត់​ក​ពណ៌ខៀវ លោក ស្ហង់ ដេជន់ (Zhang Dejiang) ប្រធានបក្ស​កុម្មុយនិស្ត​​​ចុងឈីង លោក យូ ស្ហេងហ្សេង (Yu Zhengsheng)ប្រធានបក្ស​កុម្មុយនិស្ត​សៀងហៃ និងលោក ​ស្ហង់ ហ្កៅលី (Zhang Gaoli)អ្នក​ទទួល​បន្ទុក​ទំនាក់ទំនង​ជាមួយ​នឹង​កូរ៉េខាង​ជើង។

 

 

ឥស្សរជន​​នៃ​អំណាច​​កំពូលរបស់​ចិន​​ទាំង​៧​រូប​ថ្មី​នេះ សុទ្ធ​តែ​ជា​អ្នក​នយោបាយ​​របស់​អតីត​ប្រធានាធិបតី​ចិន ជៀង ហ្សេមិន និង​ប្រធានាធិបតី​បច្ចុប្បន្ន​ លោក​ ហ៊ូ ជិនតាវ​ទាំង​អស់ និង​ ជា​ក្រុម​ដែល​មាន​លំនឹង​ រវាង​និន្នាការ​អភិរក្ស​និយម​ និង​កំណែទម្រង់​និយម។ កំណែទម្រង់​ដែល​មានអត្ថន័យ​ គ្រប់យ៉ាង និង​ជ្រាលជ្រៅ​បំផុត​សម្រាប់​ប្រទេស​ចិន។

 

គ្រាន់​តែ​បាន​តែង​តាំង​សមាជិក​គណៈ​អចិន្ត្រៃយ៍​ភ្លាម​ អគ្គមគ្គុទ្ទេសក៍​កូរ៉េខាង​ជើង គីម ជុងអ៊ុន បាន​សម្តែង​ការ​អបអរ​និង​កោត​សរសើរ​ដល់​លោក ស៊ីជីនពីង ដែល​បានក្លាយ​ជា​ប្រមុខ​ដឹកនាំ​កំពូល​ប្រទេស​ចិន។ ចិន​សម្ព័ន្ធ​មិត្ត​តែ​មួយ​គត់​របស់កូរ៉េខាង​ជើង។ ចំណែក​ប្រទេស​ជប៉ុន​វិញ លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បាន​បង្ហាញ​ក្តី​សង្ឃឹម​រក​ឃើញ​ទំនាក់ទំនង​ល្អ​នឹង​ទៅ​វិញ​មកជាមួយ​​ចិន ដែល​ទើប​មាន​ថ្នាក់ដឹកនាំ​ថ្មី៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ