អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ស៊្ហីនហ្សូ អាបេ​ប្រកាស​គម្រោង​រំលាយ​សភា នៅ​មួយ​ថ្ងៃ​ក្រោយ​តួលេខ​បង្ហាញ​សេដ្ឋកិច្ច​ជប៉ុន​ដើរថយ​ក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​អង្គារ​ទី ១៨ វិច្ឆិកា នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ប្រកាសគម្រោង​​​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​មុន​ពេល​កំណត់​មួយ។ កាលពីថ្ងៃ​ចន្ទ ​​តួលេខ​បង្ហាញ​ថា សេដ្ឋកិច្ច​ជប៉ុន​ដើរថយក្រោយ (គេមិន​នឹក​ស្មានដល់)​បន្ទាប់ពី​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ជប៉ុន​បាន​ធ្លាក់ចុះ បន្តបន្ទាប់គ្នា ក្នុង​រយៈពេល​ពី​ត្រីមាស។ នាយករដ្ឋមន្រ្តី ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ​បាន​​ប្រកាស​ផងដែរថា លោក​នឹង​ពន្យារពេល សម្រាប់​ការ​ដំឡើង​ពន្ធ​លើ​ការលក់​ទំនិញ និង​សេវាកម្ម ឬ​ហៅថា TVA។ តាម​ច្បាប់ ឆ្នាំ ២០១៣ ពន្ធ​លើ​ការលក់ទំនិញ និង​សេវាកម្ម​ ឬ​ TVA ដែល​បច្ចុប្បន្ន​ មាន​អត្រា ៨ភាគរយ គ្រោង​នឹង​ត្រូវដំឡើង​​ដល់​១០ភាគរយ នៅ​ខែ​តុលា​ឆ្នាំ ២០១៥។ 

នៅក្នុង​សន្និសីទ​កាសែត ថ្ងៃអង្គារ​ទី ១៨ វិច្ឆិកា លោក​នាយករដ្ឋមន្រ្តី ជប៉ុន ស៊្ហីនហ្សូ អាបេ​ប្រកាស​គម្រោង​រំលាយ​សភា និង​ទាមទារ​ឲ្យ​មានការបោះឆ្នោត​ជាតិ​មុន​ពេល​កំណត់
នៅក្នុង​សន្និសីទ​កាសែត ថ្ងៃអង្គារ​ទី ១៨ វិច្ឆិកា លោក​នាយករដ្ឋមន្រ្តី ជប៉ុន ស៊្ហីនហ្សូ អាបេ​ប្រកាស​គម្រោង​រំលាយ​សភា និង​ទាមទារ​ឲ្យ​មានការបោះឆ្នោត​ជាតិ​មុន​ពេល​កំណត់ ©REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

តាំងពី​ចូល​កាន់​តំណែងជានាយករដ្ឋមន្រ្តី​ជប៉ុន ​លោក​ស៊្ហីនហ្សូ អាបេ ដឹងថា មិនយូរ មិនឆាប់ លោក​នឹង​ត្រូវ​រំលាយ​សភា ដើម្បី​រៀបចំ​ការបោះឆ្នោត​មុន​កាលកំណត់។ នៅមួយ​ថ្ងៃ​ក្រោយ​តួលេខ​បង្ហាញ​ថា សេដ្ឋកិច្ច​ជប៉ុន​ដើរថយក្រោយ ដែល​ជា​ដំណឹង​មិនល្អ​សម្រាប់​ជប៉ុន​នោះ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​មិនបាន​​រង់ចាំ ដល់​ឆ្នាំ ២០១៧ ដើម្បី​រៀបចំ​ការបោះឆ្នោត​ជាតិ ដើម្បី​​ជ្រើសរើស​រដ្ឋាភិបាល​ថ្មីនោះទេ។ លោកមិនបាន​រង់​ចាំ​ឲ្យ​ប្រជាប្រិយភាព​របស់​លោក​ធា្លក់ចុះ រហូត​ដល់​ថ្ងៃ​បោះឆ្នោតសាជា​ថ្មី ក្នុងរយៈពេល​​២​ឆ្នាំ​ទៀត​នោះទេ។ បើសិន​​លោក នៅ​ក្រាញ​កាន់អំណាច ក្នុងពេល​ដែល​សេដ្ឋកិច្ច​កំពុង​ដាំក្បាល​ចុះ​យ៉ាងដូច្នេះ ​លោក​ និង​គណបក្ស​របស់លោក នឹង​ត្រូវ​ប្រជាជន​រិះគន់ ងើបមុខ​មិនរួច និង​មិនអាច​សង្ឃឹម​ឈ្នះឆ្នោតនាពេល​អនាគតទេ។

 
លោក​អាបេបាន​ឡើង​កាន់​តំណែងជា​នាយករដ្ឋមន្រ្តី​ជប៉ុន​ បាន​តែ​២​ឆ្នាំ ប៉ុណ្ណោះ ក៏ប៉ុន្តែ លោក​​បាន​ជ្រើសរើស​យកកាលៈទេសៈ​ដែល​សេដ្ឋកិច្ច​ជប៉ុន​កំពុង​ធ្លាក់ចុះ​នេះ​ ដើម្បីរំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​មុនកាលកំណត់។ តាមអ្នកជំនាញ លោក​អាបេ​ហ៊ាន​ធ្វើ​ដូច្នេះ ព្រោះ​លោក​មានជំនឿ​ទុកចិត្ត​ថា លោក​នឹង​មិន​ចាញ់​ទេ នៅក្នុង​ការបោះ​ឆ្នោត​​មុនកាលកំណត់។ ទីមួយ លោកមើលឃើញ​ថា គណបក្ស​ប្រឆាំង​ដែល​​នៅ​តែ​បន្ត​បែកបាក់ គ្មាន​ប្រជាប្រិយភាព​នៅក្នុង​ចំណោមប្រជាជន តាំងពី​ឆ្នាំ ២០១២ មិនអាច​ទទួល​សំឡេង​ឆ្នោត​ច្រើន​បានទេ។ បើសិនអាច​ទៅរួច លោកអាច​បាត់បង់​សំឡេង​តែប៉ុន្មាន​កៅអី​ប៉ុណ្ណោះ ប៉ុន្តែ វា​នឹង​មិន​ធ្វើ​ឲ្យ​លោក​​បាត់បង់​សំឡេង​ភាគច្រើន នៅ​សភា​នោះទេ។

ទីពីរ បើសិន​ជា​លោក​ឈ្នះ នៅក្នុង​ការបោះឆ្នោត​មុនកាលកំណត់ នា​ខែ​ធ្នូ​ខាងមុខ លោក​អាបេ​សង្ឃឹម​មាន​ទឹកមាត់ប្រៃ។ ដោយសំអាង​ថា ប្រជាជន​នៅ​តែ​គាំទ្រ​នយោបាយ​របស់​លោក លោក​អាបេ​នឹង​អាច​បន្ត​នយោបាយសេដ្ឋកិច្ច​របស់លោក ជាពិសេស គឺ​បង្កើន​ការចំណាយ​របស់​ប្រជាជន​ក្នុងស្រុក។ លើសពីនោះ លោកអាបេ​នៅ​ចង់​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ រោងចក្រ​នុយក្លេអ៊ែរ ដែល​ត្រូវផ្អាក តាំងពី​មាន​ស៊ូណាមី នៅជប៉ុន។ តាម​លោក​អាបេ​ ដោយសារ​តែ​​គ្មាន​រោងចក្រ​នុយក្លេអ៊ែរ ជប៉ុន​បាន​ចំណាយ​ខ្ពស់​សម្រាប់​ទិញ នាំចូល​ប្រេង​ពី​ប្រទេស​ខាងក្រៅ។​​​

លោក​ស្ហ៊ីនហ្សូ អាបេ បាន​ប្រកាស​​លើកពេល ១៨​ខែ ដើម្បី​​​ដំឡើងពន្ធ​​លើ​ការលក់​ទំនិញ ឬ​សេវាកម្ម ដែល​តាម​ច្បាប់ ត្រូវ​ធ្វើ​នៅ​ខែ តុលា ឆ្នាំ២០១៣ 
គោលដៅ​ធំ​នៃ​ការដំឡើងពន្ធ​លើ​ការលក់​ទំនិញ​ និង​សេវាកម្ម ​TVA គឺ​ដើម្បី​កាត់បន្ថយ​ប្រាក់បំណុល​រដ្ឋ​។ នៅពេល​ប្រកាស​ដំឡើង​ពន្ធ​លើ​TVA លោក​អាបេ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​នាយករដ្ឋមន្រ្តី​ជប៉ុន​​ដែល​ក្លាហានជាងគេ ព្រោះ​ថា គ្មាន​នាយករដ្ឋមន្រ្តីជប៉ុន​ណា​ហ៊ាន​ដំឡើង​ពន្ធលើTVA ទេ ចាប់តាំងពី​ឆ្នាំ ១៩៩៧​មក។ នាយករដ្ឋមន្រ្តី​មុនៗ ធ្លាប់​បាន​ដំឡើង​TVA ពី ៣ទៅ ៥ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ ក៏​ត្រូវ​អប្រជាប្រិយភាព និងបរាជ័យ នៅក្នុងការបោះឆ្នោត​ជាតិ។

ប៉ុន្តែ នៅក្នុង​អាណត្តិ​របស់ខ្លួន លោក​អាបេ ហ៊ាន​ដំឡើង​ពន្ធ​លើ​​TVA ដល់ ៨ភាគរយ គិត​ចាប់តាំងពី​ខែ​មេសា​រហូត​មក។ រដ្ឋាភិបាល​សង្ឃឹមថា នឹង​អាច​ឲ្យ​ប្រមូល​បាន​៨១​ពាន់​លាន​ដុល្លារ​ ដោយសារ​ការដំឡើង​ពន្ធ​លើ​TVA។ ទឹកប្រាក់​នេះ​តិច​បើប្រៀបធៀប​នឹងចំណាយ​របស់​រដ្ឋដែល​មាន​ដល់​ទៅ​ជាង ៥០០​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ។ ប៉ុន្តែ ទឹក​ប្រាក់​ប្រមូល​ពន្ធ​​TVA អាច​ឲ្យ​គេ​​យក​ទៅទប់ទល់ កាត់​បន្ថយ​បំណុល​សាធារណៈផង និង​ដើម្បី​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​ផង។

លោក​អាបេធ្លាប់មានជំនឿ​ថា នយោបាយ​សេដ្ឋកិច្ច​របស់លោក​នឹងបាន​ទទួល​ជោគជ័យ។ លោក​បាន​បង្កើន​ចំណាយ​សាធារណៈ ជំរុញ​ការវិនិយោគ ដើម្បី​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​ប្រជាជន​ជប៉ុនកើនឡើង។ ប្រាក់ចំណូល​កើនឡើង នោះ​ប្រជាជន​ជប៉ុន​ក៏​នឹង​ហ៊ាន​ចាយច្រើន​ដើម្បី​ទិញ​​ប្រើប្រាស់​ផលិត​ផល​។ បើសិន​ជា​ប្រជាជន​ចំណាយច្រើន​​ទៅលើ​ការទិញ​ផលិត​ផល នោះសេដ្ឋកិច្ច​ជប៉ុន​ក៏​នឹង​កើនឡើង​ប្រសើរដែរ។

ប៉ុន្តែ​ សេណារីយ៉ូ​សុទិដ្ឋិនិយម​របស់​លោកអាបេ​មាន​ត្រឹម​តែ​ជាង​មួយ​ឆ្នាំ​ដំបូង​ប៉ុណ្ណោះ។ ការទិញ​ប្រើប្រាស់​របស់​ប្រជាជន​បានធ្លាក់ចុះ ជាបន្តបន្ទាប់ ជាពិសេស ចាប់តំាង​ពី​រដ្ឋាភិបាល​ដំឡើង​​TVA ចុងក្រោយ ដល់​៨ភាគរយ កាលពីខែ​មេសា។ ៦០ភាគរយ​នៃ​សេដ្ឋកិច្ច​ជប៉ុន​​ពឹងអាស្រ័យ​លើ​ការទិញប្រើប្រាស់​របស់​ប្រជាជន​ជប៉ុន។ បើសិន​ជា​ប្រជាជន​បន្ថយ​​ការចំណាយ​លើ​ការទិញប្រើប្រាស់ នោះ​សេដ្ឋកិច្ច​ជប៉ុន​នឹង​ធ្លាក់ចុះ ដោយ​គ្មាន​ការសង្ស័យ។ នៅពេលនេះ រដ្ឋាភិបាលជប៉ុន​គ្មាន​ហេតុផល​​អ្វី​ដែល​ត្រូវ​ចង់​ដំឡើង​ពន្ធ​លើ​​TVAទៀតទេ។ ក្នុង​កាលៈទេសៈនេះ គេ​មិន​និយាយពី​ការដំឡើងពន្ធ​លើTVA ឬ​នយោបាយ​កាត់បន្ថយ​បំណុលសាធារណៈទេ  ប៉ុន្តែ គេ​ត្រូវ​ដោះស្រាយ​បញ្ហា ចំពោះមុខ នោះគឺ​ធ្វើយ៉ាង​ម៉េច​ស្រោចស្រង់​សេដ្ឋកិច្ច​ជប៉ុន​ដែល​កំពុង​ដើរថយក្រោយ។​

តាមតួលេខ​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ ទី ១៧​វិច្ឆិកា ផលិតផល​ក្នុង​ស្រុក​សរុបPIB របស់​ជប៉ុន​ថយចុះ នៅក្នុង​ពីរត្រីមាស ជាប់ៗគ្នា រហូត​ធ្វើ​ឲ្យ​គេ​ចាត់ទុក​ថា សេដ្ឋកិច្ច​ជប៉ុន​​ដើរថយក្រោយ រឿង​មួយ​ស្មានមិនដល់។ ​​

បន្ទាប់ពី​ប្រកាសគម្រោង​​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​មុន​កាលកំណត់ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​គ្រោង​ផងដែរ​នឹង​​​បន្ត​​ជំរុញ​ការប្រើប្រាស់ របស់​មេផ្ទះ​ជប៉ុន ដែល​ជា​សរសរ​ទ្រូង​នៃ​សេដ្ឋកិច្ច​ជប៉ុន។ គេ​រំពឹងថា រដ្ឋាភិបាល​នឹង​បញ្ចេញ​​កញ្ចប់​ថវិកាជិត ២០ពាន់​លាន​អឺរ៉ូ​ដើម្បី​ជំរុញ​ការចំណាយ​របស់​ប្រជាជន​ជប៉ុន។​​

លោក​អាបេ​បាន​អះអាងដែរថា លោក​បាន​ជំរុញ​ឲ្យ​មន្រ្តីអ្នកជំនាញ​សេដ្ឋកិច្ច​របស់លោក​គិតគូរ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឲ្យ​ទំនិញ​នាំចូល​មាន​តម្លៃ​ថោក ដើម្បី​លើកទឹកចិត្ត​អ្នកទិញ​ប្រើប្រាស់។ សូមបញ្ជាក់ថា ដោយសារតែ​នយោបាយ​សេដ្ឋកិច្ច​Abenomique ពោលគឺ​ការបញ្ចេញ​សាច់ប្រាក់​ច្រើន​ក្នុង​ទីផ្សារ លុយរបស់​ជប៉ុន បាន​ធ្លាក់ចុះ​ថ្លៃ។ ការនាំចេញ​របស់​ក្រុមហ៊ុន​ជប៉ុន​បានជួប​ឧបសគ្គ នៅពេល​ដែល​ទំនិញ​បរទេស​នាំចូល​មក​ពី​ក្រៅ ​មាន​តម្លៃ​ខ្ពស់​សម្រាប់​ប្រជាជនជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ