អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​​រដ្ឋ​អ៊ីស្លាម​ បង្ក​​សង្គ្រាម​បែបថ្មី​ ដែល​ផ្តល់​ផលដល់​ពួក​ជ្រុលនិយមតូចៗ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទង់ជាតិ​ពាក់​កណ្តាល​ទង់ ! បារាំង​កំពុង​កាន់​ទុក្ខ​ថ្នាក់​ជាតិ​ចាប់​ពី​ថ្ងៃ​សុក្រ​ទី ២៦​កញ្ញា​ សម្រាប់​រយៈ​ពេល​បី​ថ្ងៃ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធសព​លោក អ៊ែរវេ ហ្កួរដែល​ ធ្វើ​ឃាត​ដោយ​ពួក​ជីហាត​អាល់ហ្សេរីស្និទ្ធ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម។ ឃាត​កម្ម​ដែល​បាន​រុញ​ច្រាន​បារាំង ឱ្យ​មាន​ឆន្ទៈ​កាន់​តែ​ដាច់​ខាត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ជីហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​ និង​ធ្វើ​ឱ្យ​សម្ព័ន្ធ​មិត្ត​កាន់​មាន​សាមគ្គីភាព​គ្នា​ខ្លាំង​ឡើង។ អង់គ្លេស​ក៏​ទំនង​ជា​នឹង​បញ្ជូនកម្លាំង​​ទៅ​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​កម្ទេច​ពួក​ជីហាត​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។ ​ជា​ដំណាក់​ថ្មី​នៃ​​សង្គ្រាម​ពិភពលោក​ប្រឆាំងនឹង​ពួក​ជីហាត​ឬ ? តែ​ការស្ទុះ​ឡើង​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​និង​កំពុង​ធ្វើ​ឱ្យ​ពួក​អ៊ីស្លាមជ្រុល​និយម​តូចៗ​ខ្វារក​យ៉ាង​ខ្លាំង។

យន្តហោះ​ចម្បាំង​បារាំង​ ចេញ​ដៅ​ទីតាំង​ភូមិសាស្ត្រ​មុន​វាយប្រហារ
យន្តហោះ​ចម្បាំង​បារាំង​ ចេញ​ដៅ​ទីតាំង​ភូមិសាស្ត្រ​មុន​វាយប្រហារ flickr/cc
ផ្សាយពាណិជ្ជកម្ម

ថ្វី​បើ​ការ​គំរាម​កំហែង​ភេរវនិយម​មាន​កំរិត​ខ្ពស់ បារាំង​បាន​ចាត់​វិធានការ​ពិសេស ​​ពង្រឹង​សន្តិសុខ​តាម​ទីសាធារណៈ​និង​ប្រជុំជន​មាន​មនុស្ស​ម្នាច្រើន ដោយ​ដាក់​ពង្រាយ​កម្លាំងយោធា​មែន​ប៉ុន្តែ​ ​ បារាំង​នៅ​តែ​បន្ត​វាយប្រហារ​លើ​ទីតាំង​​ពួក​ជីហាត​នៅ​អ៊ីរ៉ាក់​ដដែល។ គឺ​មិន​បញ្ឈប់​ត្រឹម​ណេះ​ទេ !​

 
បារាំង​មិន​ធ្វើ​អន្តរាគមន៍​នៅ​ស៊ីរី

​ហេតុ​អ្វី​មិន​បង្ហួស​ដល់​​ស៊ីរី ? មាន​ហេតុ​ផល​ច្រើន ៖ ក្នុង​ករណី​អ៊ីរ៉ាក់ រដ្ឋាភិបាល​​ក្រុង​បាកដាដ​ជា​អ្នក​ស្នើ​សុំ​អន្តរាគមន៍​អន្តរជាតិមុន ឯ​ស៊ីរី​គ្មាន​សុំ​ទេ។ ម្យ៉ាង​ទៀត​​ បារាំង​មាន​ជំហរ​ប្រឆាំង​នឹង​​របប​ក្រុង​ដាម៉ាស របស់​លោក បាស្ហា អាល់អាសាដ តាំង​ពី​ដំបូង​មក។​ បារាំង​ធ្លាប់​បាន​ស្នើ​សុំ​អន្តរជាតិ​វាយប្រហារ​ទម្លាក់​របប​នេះ​ទៀត​ផង។  សម្រាប់​បារាំង​ គឺជា​ការ​បែក​ចែក​ការងារ​គ្នា​ បារាំង​បាន​ទៅ​ជួយ​វាយ​នៅ​អ៊ីរ៉ាក់​ហើយ ទុក​ភារកិច្ច​វាយ​ស៊ីរី​ឱ្យ​ទៅ​អាមេរិក​។ នៅ​ល្ងាច​មិញ​បារាំង​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា​នឹង​បន្ត​ជួយ​ក្រុមប្រឆាំង​នៅ​​ស៊ីរី ដែល​ក្រុមនេះ​ក៏​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​ដែរ​។ សេចក្តី​សម្រេច​ដែល​អនុញ្ញាត​ឱ្យ​បារាំង​រក្សា​ជំហរ​ដើម​ គឺ​កម្ទេច​ពួក​ជីហាត​​នៃ​រដ្ឋ​អ៊ីស្លាម និង​ជួយ​ស៊ីរី ​ដោយ​​មិន​ចាំ​បាច់​ត្រូវ​សហការ​ជាមួយ​​របប​កាន់​អំណាចស៊ីរី​បច្ចុប្បន្ន។

សង្គ្រាម​គ្មាន​ថ្ងៃ​បញ្ចប់ ?!

 
​សង្គ្រាម​ប្រឆាំងនឹង​ពួក​ជីហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​នេះ មាន​ទ្រង់ទ្រាយ​​និង​ទំហំ​​ពិសេស​ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ឡើយ។ ជា​សង្គ្រាម ដែល​ពិភពលោក​ទាំង​មូល​ត្រូវ​ចូល​ចំណែក​​ ព្រោះវា​អាច​រីកសាយ​ភាយ​ពេញ​ពិភពលោក​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​មនោគមន៍​វិជ្ជា​ជីហាត​។​ ពួកជីហាត​​អ៊ីស្លាម​ជ្រុល​និយម​នេះ ដែល​បាន​ប្រកាស​តាំង​ខ្លួន​ជា​រដ្ឋ​​មួយ មាន​ទឹកដី​ដណ្តើម​បាន​ដោយ​ប្រើ​​ចុង​អាវុធ មិន​ដូច​រដ្ឋ​ដទៃ​លើលោក​ទេ។ អង្គការ​នេះ ក៏​មិន​មែន​ជា​បណ្តាញ តែ​ជា​ក្រុមអង្គការ​ភេរវកម្ម​​ដែល​មាន​កេតនភណ្ឌ​ ដូច​ជា​ហិរញ្ញវត្ថុ​ និង​យោធា​ ច្រើន​ជា​ង​ប្រទេស​តូច​ៗ​ខ្លះផង។ ភាព​ខុសគ្នា​មួយ​ទៀត គឺ​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម មិន​ប្រើ​អាវុធ​ស្របច្បាប់​ស្រាប់​ធ្វើ​សង្គ្រាម​ទេ ប្រើតែ​វិធី​វាយប្រហារ​ភេរវកម្ម​ដែល​ជា​ឯកទេស​របស់​ពួក​គេ។ ដូច្នេះពេល​នេះ​បញ្ហា​មិន​មែន​ស្ថិត​នៅ​លើ​ប្រភេទ​នៃ​សង្គ្រាម​ទេ អ្វី​ដែល​ពិភពលោក​គួរ​​ព្រួយ​បារម្ភ​គឺ​តើ​សង្គ្រាម​នេះ​នឹង​អូស​បន្លាយ​រហូត​ដល់​ពេល​ណា ? ពួក​នេះ​អាច​ធន់​នឹង​ការ​វាយប្រហារ​ផ្លូវកាស​រហូត​ដល់​ពេល​ណា ?

អាប៊ូសាយយ៉ាហ្វ​ទទួល​ផល​​ពីអង្គការរដ្ឋ​អ៊ីស្លាម

ក្នុង​ខណៈ​ដែល​ពិភពលោក​ទាំង​មូល​កំពុង​ផ្តុំ​កម្លាំង​កម្ទេច​ពួក​ជីហាត​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ស្រាប់​តែ​មាន​ធ្លាយ​កម្លាំង​ជ្រុល​និយម​ជីហាត​នៅ​អាល់ហ្សេរីចេញ​មុខ​សម្លាប់​ជនជាតិ​បារាំង​ ​ដើម្បី​បុព្វហេតុ​អង្គការ​រដ្ឋអ៊ីស្លាម។ បន្ទាប់​មក​ទៀត​ ពួក​អ៊ីស្លាម​ជ្រុល​និយម​នៅ ហ្វីលីពីន​ក៏​បាន​ប្រកាស​គំរាម​ដូចគ្នា​ចង់​សម្លាប់​ជនជាតិ​អាល្លឺម៉ង់ពីរ​នាក់ ជា​ចំណាប់​ខ្មាំង​តាំង​ពី​ខែ​មេសា​មក​ ប្រសិន​បើ​អាល្លឺម៉ង់​មិន​ព្រម​ដក​ខ្លួន​ចេញ​ពី​ក្រុម​សម្ព័ន្ធ​អន្តរជាតិ។ ការ​គំរាម​កំហែង​ដែល​មិន​បាន​បណ្តាល​ឱ្យ​អាល្លឺម៉ង់​ប្តូរ​ចិត្ត ឯ​ចំណែក​រដ្ឋាភិបាល​ក្រុង​ម៉ានីល ក៏​បដិសេធ​មិន​បើក​ការ​ចរចា​ដោះដូរ​ចំណាប់​ខ្មាំង​ជាមួយ​នឹង​ក្រុម​ភេរវនិយម​ អាប៊ូសាយយ៉ាហ្វ​ដែរ។

ក្រុម​អាប៊ូសាយយ៉ាហ្វ ដែល​មាន​​សាមគ្គីភាព​ជាមួយ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម ស្ម័គ្រ​ចិត្ត​គាំទ្រ​ចលនា​នេះ​ កំពុង​តែ​ចង់​បង្ហាញ​ពី​អំណាចទាក់ទាញ​យុទ្ធជនអ៊ីស្លាម​ជ្រុល​និយម​បាន​នៅ​តំបន់​អាស៊ី។ ប្រភព​សន្តិសុខ​ និង​អ្នក​វិភាគ​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​​បណ្តាជន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ដែលសុទ្ធ​សឹង​ជា​ប្រទេស​មាន​ពលរដ្ឋ​ភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម​នោះ ព្រមទាំង​ពលរដ្ឋ​ហ្វីលីពីន​ ជា​ច្រើន​រយ​​​នាក់​ ​បាន​ទៅ​បម្រើ​ជីហាត​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី (និង​ប្រមាណ​ជាង​មួយ​​ពាន់​នាក់​បើ​រាប់​ថ្នាក់​តំបន់​អាស៊ី)។

អាប៊ូសាយយ៉ាហ្វ ដែលគេ​បាន​ស្គាល់​តាំង​ពី​ឆ្នាំ​២០០០​មក ធ្លាប់​បាន​ប្រកាស​ខ្លួន​ថា​ជា​បណ្តាញ​មួយ​របស់​អង្គការ​ភេរវនិយម​អាល់កៃដា រកស៊ី​តែ​ចាប់​​ខ្លួន​ជន​បរទេសជំរិត​យក​លុយ ល្បី​ខ្លាំង​ខាង​មាន​ជំនាញ​ខាង​​ប្រើ​វិធី​ហិង្សា។ អាប៊ូសាយយ៉ាហ្វ ក្នុង​​ទសវត្សចុងក្រោយ​​នេះ ជា​ចលនា​រួម​តូច ជួប​នឹង​បរាជ័យ​ផ្នែក​ប្រយុទ្ធ​ជា​បន្តបន្ទាប់ មាន​ការ​គាំទ្រ​ថយ​ចុះ​ជា​លំដាប់។ ប៉ុន្តែ​ពេល​នេះ​ជា​ឱកាស​ដ៏​ប្រពៃ សម្រាប់​បណ្តែត​ខ្លួន​ឡើង​វិញ ​ដោយ​ការ​សម្រេច​បញ្ចូល​ខ្លួន​ក្នុង​អង្គការ​រដ្ឋ​អ៊ីស្លាម មាន​ម៉ាក មាន​ចំណុច​បង្អែក មាន​​ « អង្គការ​រដ្ឋអ៊ីស្លាម » គោល​ សម្រាប់​បំផុះ​បំផុល ​អូសទាញ​កម្លាំង។​

អាប៊ូសាយយ៉ាហ្វ និង​អង្គការ​រដ្ឋ​អ៊ីស្លាម ទំនង​ជា​គ្មាន​ទំនាក់ទំនង​ផ្ទាល់​នឹង​គ្នា​ទេ។ ប៉ុន្តែ​ ​កម្លាំង​យុទ្ធជន​ដែល​បាន​ចុះ​ទៅ​បម្រើ​ជីហាត​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់ប្រកប​ដោយ​ជោគជ័យ បាន​ភ្ជាប់​ក្រុម​អ៊ីស្លាម​ជ្រុល​និយមនៅ​​ហ្វីលីពីនឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ក្លាយ​ជា​ ការ​​ពង្រឹង​ចលនា​របស់​ខ្លួន​ដែល​កំពុង​ធ្លាក់​ចុះ។​ ប្រកាស​គាំទ្រ​ជីហាត​រដ្ឋ​អ៊ីស្លាម គឺ​ដូច​ជា​ជួយ​អាប៊ូសាយយ៉ាហ្វខ្លួន​ឯង​ ឱ្យ​មាន​បង្អែក មាន​ឈ្មោះ​លាន់​ឮ​ឡើង​វិញ​ និង​​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​​សម្រាប់​​ប្រមូល​ការ​គាំទ្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ