អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ដោះ​លែង​សកម្មជន​ការពារ​តំបន់​អារ៉ែង ​ខណៈ​សង្គម​ស៊ីវិល​ថ្កោល​ទោស

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ និង​យុវជន ​សរុប​ចំនួន​ ១0​នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ឃាត់​ខ្លួន​ ត្រូវបាន​ដោះលែង​ហើយ​ នៅ​ព្រលប់​ថ្ងៃ​ចន្ទ​ម្សិលមិញ។​ អាជ្ញាធរ​បាន​អះអាង​ថា ​ការ​ឃាត់​ខ្លួន​នេះ ​ធ្វើ​ឡើង​ដើម្បី​សាកសួរ​ពី​ហេតុផល​នៃ​ការ​បិទផ្លូវ​ចូល​ទៅ​តំបន់​អារ៉ែង​តែ​ប៉ុណ្ណោះ។ ​ប៉ុន្តែ​សង្គម​ស៊ីវិល​បាន​ថ្កោល​ទោស​ចំពោះ​ការ​ឃាត់​ខ្លួន​នេះ ​ព្រោះ​អាជ្ញាធរ​មិន​បាន​ប្រាប់​ពី​មូល​ហេតុ​ និង​មិន​បាន​បង្ហាញ​ដីកា​មុន​ពេល​ចាប់​ខ្លួន។

ព្រៃតំបន់អារែងខេត្តកោះកុង
ព្រៃតំបន់អារែងខេត្តកោះកុង @Mother Nature Cambodia
ផ្សាយពាណិជ្ជកម្ម

សកម្មជន​ការពារ​តំបន់​អារ៉ែង​ទាំង​១០​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ ដោះ​លែង​ហើយ ​នៅ​យប់​ថ្ងៃ​ចន្ទ​ ទី​១៥​កញ្ញា។​ នេះ​បើ​តាម​លោក​អ៊ិន ​គង់ជិត​ មន្ដ្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។ ​ការ​ដោះលែង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលីស​បញ្ចប់​ការ​សាក​សួរ​ និង​បន្ទាប់​ពី​អ្នក​ទាំង​១០​នាក់​នោះ ​បាន​សរសេរ​លិខិត​សុំទោស​ប្រគល់​ជូន​អាជ្ញាធរ។​ បើ​តាម​មន្ដ្រី​សិទ្ធិ​មនុស្ស​ដដែល ​អាជ្ញាធរ​បាន​អះអាង​ថា ​ការ​ឃាត់​ខ្លួន​នេះ ​ធ្វើ​ឡើង​ដើម្បី​សាកសួរ​ពី​ហេតុ​ផល​នៃ​ការ​បិទ​ផ្លូវ​ចូល​ទៅ​តំបន់​អារ៉ែង​តែ​ប៉ុណ្ណោះ។

ដោយ​ឡែក​ លោក ​Alex Gonzalez​ ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ ​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង​១០នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ នៅ​ថ្ងៃ​អង្គារ​ទី​១៦​កញ្ញា​នេះ​ថា ​ចលនា​មាតា​ធម្មជាតិ​មិន​តក់​ស្លុត​ចំពោះ​ហេតុការណ៍​នេះ​ទេ។ ​និង​ថា ​ចលនា​មាតា​ធម្មជាតិ​របស់​លោក​ ព្រម​ទាំង​ប្រជា​សហគមន៍​តំបន់​អារ៉ែង ​នឹង​នៅតែ​បន្ត​ការ​ប្រឆាំង​ដាច់​ខាត​ ចំពោះ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​របស់​ក្រុមហ៊ុន​ចិន ស៊ី​ណូ​ហាយ​ដ្រូ។

គួរ​រំលឹក​ថា ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ និង​សមាជិក​បណ្ដាញ​យុវជន​កម្ពុជា ​សរុប​ចំនួន​ ១0​នាក់​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ ចាប់​ខ្លួន​ នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​១៥​កញ្ញា ​នៅ​ច្រាំង​ត្រឡាច ​ស្រុក​ថ្មបាំង ​ខេត្តកោះកុង បន្ទាប់​ពី​ពួក​គេ ​បាន​បិទ​ផ្លូវ​មិន​ឲ្យ​តំណាង​អាជ្ញាធរ​ខេត្ត​កោះកុង​និង​តំណាង​ក្រុមហ៊ុន​ចិន​ចូល​ទៅ​កាន់​តំបន់​អារ៉ែង​។

ភ្លាម​ៗ​ក្រោយ​ការ​ចាប់​ខ្លួន​ បណ្ដាញ​យុវជន​កម្ពុជា​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​កោះកុង។​ បណ្ដាញ​យុវជន​កម្ពុជា​ បាន​ស្រង់​សម្ដី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ដែល​ថា​ ក្រុម​អាជ្ញាធរ​មិន​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ទេ ​ហើយ​ក៏​មិន​បាន​បង្ហាញ​ឯកសារ​ផ្លូវ​ច្បាប់​មុន​ពេល​ចាប់​ខ្លួន​ផង​ដែរ។ ការ​ចាប់​ខ្លួន​ដោយ​គ្មាន​ដីកា​យ៉ាង​ដូច្នេះ ​ត្រូវ​បាន​បណ្ដាញ​យុវជន​កម្ពុជា​ហៅថា​ ជា​រូបភាព​នៃ​ការ​គម្រាម​កំហែង ​និង​បំបាក់​ស្មារតី។​ ហើយ​ថា ​អាជ្ញាធរ​ត្រូវ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អស់ ដោយ​គ្មាន​លក្ខខណ្ឌ។

សូម​បញ្ជាក់​ថា​ តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​ចិន ​ស៊ី​ណូ​ហាយ​ដ្រូ ​ដើម្បី​សាងសង់​ទំនប់​វារី​អគ្គិសនី។​ ចលនា​មាតា​ធម្មជាតិ ​ប្រជា​សហគមន៍​ និង​សកម្មជន ​បាន​អះអាង​ថា ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ ​នឹង​ប៉ះពាល់​ដល់​ព្រៃឈើ​ ព្រម​ទាំង​សត្វ​ព្រៃ​ប្រភេទ​កម្រ​ជា​ច្រើន។​ ក្រុម​សកម្មជន​ ធ្លាប់​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ ព្រម​ទាំង​តវ៉ា​បិទ​ផ្លូវ​ជា​ច្រើន​លើក​ច្រើន​សា ​ដើម្បី​ស្នើ​ឲ្យ​បញ្ឈប់​គម្រោង​នេះ​ ដោយ​ទុក​តំបន់​នោះ ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ