អានតួអត្ថបទ
កម្ពុជា

ADB​ផ្តល់​លុយ​២៥០​លាន​ដុល្លារ​ ដើម្បី​រៀប​ចំប្រព័ន្ធ​ធារា​សាស្ត្រ​

ធនាគារ​​អភិវឌ្ឍន៍​អាស៊ី ​(ADB) បាន​សម្រេច​​ផ្តល់ហិរញ្ញប្ប​ទាន​២៥០លានដុល្លារ​ដល់​​ប្រទេស​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធារា​សាស្ត្រ ​និង​ការ​គ្រប់​គ្រង​ទឹក​ជំហាន​ទី២​។ គម្រោង​នេះនឹង​ជួយ​លើក​កម្ពស់​វិស័យ​កសិកម្ម​កម្ពុជា​នា​​ពេល​អនាគត​។ នេះ​បើតា​ម​អ្នក​ជំនាញ​ការ​ទទួល​បន្ទុក​ការអភិវឌ្ឍ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​របស់​ADB​។ 

ទន្លេ​សេសាន​នៅ​ក្នុង​ឃុំសេសាន​ ស្រុក​អូរយ៉ាដាវ​ ខេត្តរតនគិរី
ទន្លេ​សេសាន​នៅ​ក្នុង​ឃុំសេសាន​ ស្រុក​អូរយ៉ាដាវ​ ខេត្តរតនគិរី ©Navin/RFI
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​ផ្តល់​ហិរញ្ញប្ប​ទាន​២៥០លាន​ដុល្លារ​នេះ ​គឺ​សម្រាប់​អនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ធារា​សាស្ត្រ ​និង​ការ​គ្រប់​គ្រង​ទឹក​ជំហាន​ទី២ ​ដែល​នឹង​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល​១០ឆ្នាំ ចាប់​ពី​ឆ្នាំ២០១៨-ឆ្នាំ​២០២៨​។ នេះ​បើ​តាម​លោក​ Raza Farrukh អ្នក​ជំនាញ​ការ​ទទួល​បន្ទុក​ការ​អភិវឌ្ឍ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កាល​ពីថ្ងៃទី​១៣ ​កញ្ញា។

 
គេហទំព័រ​ក្រសួង​ធនធាន​ទឹក​បាន​ដក​ស្រង់​ការ​លើក​ឡើង​របស់​លោក​ Raza Farrukh​ថា ​ADB ​នឹង​ផ្តល់​ជំនួយឥត​សំណង​ចំនួន​២លាន​ដុល្លារ​អាមេរិក​ទៀតលើ​ហិរញ្ញប្បទាន​ខាង​លើ សម្រាប់​កិច្ចការ​រៀប​ចំ​បទ​ដ្ឋាន​បច្ចេក​ទេស។​

លោក​ចាន់​ យុត្ថា​អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក​បាន​បញ្ជាក់​ថា ​ហិរញ្ញប្បទាន​២៥០​លាន​ដុល្លារ​នេះ ​គឺ​ជាលុយ​កម្ចី ​និង​លុយ​ជំនួយ​ឥត​សំណង​របស់​ ADB​ សម្រាប់​ក្រសួង​ធន​ធាន​ទឹក​ ក្នុង​ការ​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​។ អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា​ហិរញ្ញប្បទាន​នោះ​ក៏​រួម​បញ្ចូល​នូវ​ការ​កសាង​មជ្ឈ​មណ្ឌល​ទិន្នន័យ​មួយ​សម្រាប់​ប្រមូល​ផ្តុំ​ទិន្នន័យ​ទាំង​អស់​ ដែល​​ទាក់​ទង​នឹង​ធន​ធាន​ទឹក​ និង​ឧតុនិយម​នៅ​កម្ពុជា​ដែរ​។

បច្ចុប្បន្ន​នេះប្រ​ព័ន្ធ​ធារា​សាស្ត្រ​នៅ​កម្ពុជា​មាន​លទ្ធភា​ពស្រោច​ស្រព​ដំណាំ​កសិកម្ម​បាន​តែ​៦០​ភាគ​រយ ​ហើយក្រសួង​ធនធាន​ទឹក​នៅ​តែ​បន្ត​សកម្ម​ភាព​ ​ ដើម្បី​ពង្រីក​ឲ្យ​បាន​១០០​ភាគ​រយទូទាំងប្រទេស។

សូម​បញ្ជាក់​ថា​កម្ពុជា​បាន​ទទួល​លុយ​ប្រមាណ២,៦៥​ពាន់​លាន​​ដុល្លារ​អាមេរិក​ ដែល​ក្នុង​នោះ​រួម​មាន​ ប្រាក់​កម្ចី ជំនួយ​ឥត​សំណង​ និង​ជំនួយ​បច្ចេក​ទេស ​ចាប់​តាំ​ងពី​ប្រទេស​កម្ពុជា​ចូល​រួម​ជា​មួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក្នុងឆ្នាំ​១៩៦៦​។ របាយ​ការណ៍​សង្ខេប​របស់ ​ADB ​បាន​បង្ហាញ​ថា ​ខ្លួន​បាន​ផ្តល់​កម្ចី ​និង​ហិរញ្ញប្ប​ទាន​ឥត​សំណង និង​ជំនួយ​បច្ចេក​ទេស​លើ​វិស័យ​កសិកម្ម​ ធនធាន​ធម្មជាតិ ​និង​អភិវឌ្ឍន៍​ជនបទ​ ច្រើន​ជាង​វិស័យ​ផ្សេងៗ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ