អានតួអត្ថបទ
អៀរ៉ង់-អាហ្វហ្កានិស្ថាន-ប៉ាគីស្ថាន

ប្រទេស​ដៃគូ​របស់​អាមេរិក​ងាក​ទៅ​សហការ​ជាមួយ​សត្រូវ

នៅក្នុង​កិច្ចប្រជុំ​ត្រីភាគី កាលពីថ្ងៃ​សៅរ៍ ទី ២៥ មិថុនា ដែល​រៀបចំ​ក្រៅ​សន្និសីទ​អន្តរជាតិ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ប្រធានាធិបតី​អាហ្វហ្កានិស្ថាន បាគីស្ថាន និង​អៀរ៉ង់​បាន​សន្យា​សហការ​គ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ចលនាបះបោរ​ប្រដាប់​អាវុធ នៅក្នុង​តំបន់។ នៅថ្ងៃ​សៅរ៍ ដែរ អំពើភេរវកម្ម​បំផ្ទុះ​រថយន្ត​ពីរគ្រឿង នៅមុខ​មន្ទីរពេទ្យ ដែល​ស្ថិតនៅ ៧០​គីឡូម៉ែត្រ​ពីទីក្រុង​កាប៊ូល បាន​សម្លាប់មនុស្ស​យ៉ាងតិច ៦០​នាក់។

ប្រធានាធិបតី​ប៉ាគីស្ថាន (ឆ្វេង) ប្រធានាធិបតី​អៀរ៉ង់ (កណ្តាល) នៅក្នុង​សន្និសីទ​​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម នៅទីក្រុង​តេអេរ៉ង់ នៅថ្ងៃ​សៅរ៍​ទី ២៦ មិថុនា ២០១១
ប្រធានាធិបតី​ប៉ាគីស្ថាន (ឆ្វេង) ប្រធានាធិបតី​អៀរ៉ង់ (កណ្តាល) នៅក្នុង​សន្និសីទ​​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម នៅទីក្រុង​តេអេរ៉ង់ នៅថ្ងៃ​សៅរ៍​ទី ២៦ មិថុនា ២០១១ ©REUTERS/Raheb Homavandi
ផ្សាយពាណិជ្ជកម្ម

 

មេដឹកនាំ​​របស់​ប្រទេស ទាំងបី​កំពុង​បារម្ភ ដែល​ឃើញ​ពួកបះបោរ​កាន់តែ​ពង្រឹង​កម្លាំង កាន់តែខ្លាំង និង​ធ្វើ សកម្មភាព​បង្ក​ភេរវកម្ម កាន់តែច្រើន នៅក្នុង​ប្រទេស​របស់ពួកគេ។ ប្រធានាធិបតី​អៀរ៉ង់​បាន​ប្រាប់​ទៅ​ប្រទេស​ជិតខាងទាំងពីរ​របស់ខ្លួន​ថា អៀរ៉ង់​រង​ភេរវកម្ម​ដែល​សម្លាប់​មនុស្ស​ជាង ១ម៉ឺន ៦ពាន់ នាក់​ចាប់តាំងពី​ឆ្នាំ ១៩៧៩។ អាហ្វហ្កានិស្ថាន​វិញ​មាន​ប្រជាជន​ស៊ិវិល ជិត ៣​ម៉ឺននាក់ ចំណែក​​ប៉ាគីស្ថាន​មាន​ជនរងគ្រោះ ៣ម៉ឺន ៥ពាន់នាក់ ដែល​ស្លាប់ នៅក្នុង​អំពើភេរវកម្ម។ បើតាម​អៀរ៉ង់ ប្រទេស​ជិតខាង​ទាំងបី ត្រូវ​ព្រួតដៃ​គ្នា ដើម្បី​កសាង​សន្តិសុខ នៅក្នុង​តំបន់ ឡើងវិញ។ ប្រទេស​ទាំងបី បាន​សន្យា​រៀបចំ​កិច្ចប្រជុំ​របស់​រដ្ឋមន្រ្តី​សន្តិសុខ កិច្ចការ​បរទេស និង​សេដ្ឋកិច្ច​របស់​ខ្លួន នៅក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត នៅ​ចុងឆ្នាំនេះ។

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម ប្រធានាធិបតី​របស់​ប្រទេស​ទាំងបី ក៏​បាន​សន្យា​ធ្វើការ​រួមគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ពួកបះបោរ និង​ពួកភេរវជន នៅក្នុង​តំបន់ និង​បដិសេធ​មិន​ឲ្យ​មាន​អន្តរាគមន៍​របស់​ទ័ពបរទេស នៅក្នុង​ប្រទេស​របស់ពួកគេ។

កន្លងមក ប្រធានាធិបតី​អៀរ៉ង់​តែងតែ​ចោទ​ពួកលោកខាងលិច ជាពិសេស​អាមេរិក​តែម្តង ថា យកលេស​អំពើ​ភេរវកម្ម ដើម្បី​ចូល​ទៅ​តាំង​មូលដ្ឋាន​ទ័ព​របស់ខ្លួន នៅក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន។ លោក​Mahmoud Ahmandinejad តែងចោទថា គឺ​ពួកអាមេរិកដែល​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ពួក​បណ្តាញ​ភេរវជន​អាល់កៃដា និង​ពួក​បះបោរ​Sunnitesដែល​ លាក់ខ្លួន នៅតាម​ព្រំដែន​ប៉ាគីស្ថាន និង​អៀរ៉ង់ ដើម្បី​វាយប្រហារ​​លើ​រដ្ឋាភិបាល​អៀរ៉ង់។

ប្រធានាធិបតី​អៀរ៉ង់​ដូច្នេះ ប្រធានាធិបតី​អាហ្វហ្កានិស្ថាន លោក​Amid Kazai បាន​បញ្ជាក់​បា្រប់​ទៅ​ដៃគូថ្មី​របស់ខ្លួន​ថា ប្រជាជន​អាហ្វហ្កានិស្ថាន​តែងតែ​ប្រឆាំង​នឹង​វត្តមាន​ទ័ព​បរទេស នៅ​អាហ្វហ្កានិស្ថាន។
គឺ​នៅតែ បីថ្ងៃ​ក្រោយ ការប្រកាស​របស់​ដកទ័ព​អាមេរិក ចេញពីអាហ្វហ្កានិស្ថាន ដែល​អាហ្វហ្កានិស្ថាន​បែរ​ជា​ចាប់យក​អៀរ៉ង់ មកធ្វើ​ជាដៃគូ​ថ្មី។ អាហ្វហ្កានិស្ថាន ចង់​បញ្ជាក់​ថា បើគ្មាន​អាមេរិក អាហ្វហ្កានិស្ថាន ក៏​នឹងនៅ​មាន​អៀរ៉ង់​មួយដែរ។ គឺ​អៀរ៉ង់​នេះ​ឯង ដែល​អាមេរិក​ចាត់ទុក​ជា​គ្រោះថ្នាក់ និង​ចោទ​ថា ជា​អ្នកផ្តល់​លុយ​ជួយ​ពួកសកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ដើម្បី​បង្ក​ភេរវកម្ម ប្រឆាំង​នឹង​អាមេរិក។
 
ចំណែក​ប៉ាគីស្ថានវិញ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើភេរនិយម ប៉ាគីស្ថាន​ជាដៃគូ​ស្និទ្ធ​នឹង​អាមេរិក ប៉ុន្តែ ចាប់តាំងពី​កងកុម្មង់ដូរ​អាមេរិក​បាញ់សម្លាប់ បិន ឡាដិន នៅក្នុង​ទឹកដី​ប៉ាគីស្ថាន ហើយ​ទីភ្នាក់ងារ​ស៊ើបអង្កេត​អាមេរិក​បាន​ចោទ​ជា​បន្តបន្ទាប់​ថា មន្ត្រី​ទាហាន​ជាន់ខ្ពស់​ប៉ាគីស្ថាន​មាន​ទំនាក់ទំនង​ជាមួយ ពួកអាល់កៃដា រដ្ឋាភិបាល​ប៉ាគីស្ថាន និង​សេតវិមាន​អាមេរិក​លែង​សូវ​ទុកចិត្ត​គ្នា​ដូចមុន។

ព្រឹទ្ធសភា​អាមេរិក​ធ្លាប់​បាន​ប្រាប់​រដ្ឋបាល​លោក​អូបាម៉ា ​ឲ្យ​គិតគូរ​ពី​ជំនួយ​អាមេរិក​ដល់​ប៉ាគីស្ថាន ព្រោះថា ទីមួយ ​បិន ឡាដិន មេបណ្តាញ​ភេរវនិយម​អាល់កៃដា ត្រូវ​គេ​បាញ់សម្លាប់​រួចហើយ។ មួយវិញទៀត អាមេរិក​បាន​មើលឃើញថា ប៉ាគីស្ថាន ជួយ​លាក់​ពួកអ៊ីស្លាម​ជ្រុលនិយម​ផង និង​ធ្វើ​ជា​មក​សហការ​ជាមួយ​អាមេរិក ក្នុង ការប្រយុទ្ធ​នឹង​ពួក​ភេរវជន​ផង។ ថ្មីៗនេះ អាមេរិក​បាន​ចោទ​ ថា សកម្មជន​អ៊ីស្លាម​ជ្រុលនិម​មួយ​ក្រុម ធ្វើការ​​ជាមួយ​ពួក​អាល់កៃដា និង​មាន​ទំនាក់ទំនង​ជាមួយ​បណ្តាញ​ភ្នាក់ងារសំងាត់​របស់​យោធា​ប៉ាគីស្ថាន។

ប៉ាគីស្ថាន​វិញ ធ្លាប់​បាន​រិះគន់​អាមេរិក ដែល​បាន​បើកប្រតិបត្តិការ​ទ័ព​សម្លាប់​បិន ឡាដិន ដោយ​មិន​ឲ្យ​អាជ្ញាធរ​ប៉ាគីស្ថាន​ដឹង​មុន។ ដោយសារតែ​ការអាក់អន់​ចិត្ត នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប៉ាគីស្ថាន​សម្រេច​ងាក​មក​សហការ​ជាមួយ​អៀរ៉ង់ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ពួកភេរវជន​និយម វិញ បើទោះបី​ជា​ប៉ាគីស្ថាន​ដឹង​ថា អៀរ៉ង់​ជា​សត្រូវ​របស់​អាមេរិក ក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ