អេត្យូពី៖ មេបញ្ជាការកងទ័ពជាតិ និងអភិបាលតំបន់អាំហារ៉ា ត្រូវគេធ្វើឃាត
ប្រទេសអេត្យូពី កំពុងតែធ្លាក់ទៅក្នុងអំពើហិង្សានយោបាយ បន្ទាប់ពីមានការបាញ់សម្លាប់មនុស្សសំខាន់ៗ ព្រមៗគ្នាជាច្រើននាក់។ នៅថ្ងៃសៅរ៍ទី២២មិថុនា អគ្គបញ្ជាការកងទ័ពជាតិអេត្យូពី ត្រូវគេបាញ់សម្លាប់នៅនឹងផ្ទះ ហើយស្របពេលជាមួយគ្នានោះ លោកអភិបាលតំបន់ អាំហារ៉ា ដែជាតំបន់ស្ថិតនៅភាគពាយ័ព្យប្រទេស ក៏ត្រូវគេធ្វើឃាតដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៩
យោងតាមការផ្តល់ព័ត៌មាន ដោយអ្នកនាំពាក្យរដ្ឋាភិបាលអេត្យូពី បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២មិថុនា កងកម្មង់ដូមួយក្រុម ដែលដឹកនាំដោយមេសន្តិសុខប្រចាំតំបន់អាំហារ៉ា បានលើកគ្នា ចូលទៅកាន់ទីតាំងប្រជុំមួយ ហើយបានបាញ់រះ បង្កឲ្យលោក Ambachew Mekonnen អភិបាលតំបន់អាំហារ៉ា និងមន្ត្រីម្នាក់ទៀត រងរបួសធ្ងន់។ ជនរងគ្រោះទាំង២បានស្លាប់ បន្ទាប់ពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ។
ផ្អែកតាមការអះអាង របស់អ្នកនាំពាក្យដដែល នៅប៉ុន្មានម៉ោងក្រោយហេតុការណ៍នៅអាំហារ៉ានេះ លោក Seare Mekonnen អគ្គបញ្ជាការកងទ័ពជាតិអេត្យូពី ត្រូវបានខ្មាន់កាំភ្លើង ដែលជាអង្គរក្សខ្លួន បាញ់សម្លាប់នៅគេហដ្ឋាន រួមជាមួយនឹងអតីតមេទ័ពចូលនិវត្តន៍ម្នាក់ទៀតផង។ អ្នកនាំពាក្យរដ្ឋាភិបាលអេត្យូពី អះអាងថា ហេតុការណ៍ឃាតកម្មទាំង២នេះ គឺជាការរៀបចំក្នុងគំរោងតែមួយ។ អង្គរក្សខ្មាន់កាំភ្លើង ដែលសម្លាប់មេបញ្ជាការកងទ័ពជាតិ ត្រូវបានគេបាញ់សម្លាប់នៅហ្នឹងកន្លែង។ ដោយឡែក មេសន្តិសុខប្រចាំតំបន់ អាំហារ៉ា បានរត់គេចខ្លួនបាត់។
សូមរំលឹកថា នាយករដ្ឋមន្ត្រីអេត្យូពី ឈ្មោះ Abiy Ahmed បានឡើងមកកាន់តំណែង បានមួយឆ្នាំហើយ ហើយបានដាក់ចុះនូវផែនការកំណែទម្រង់ជាច្រើន ដើម្បីកាត់បន្ថយឥទ្ធិពលតំបន់ ព្រមទាំងអំពើពុករលួយបក្សពួកនិយម។ តំបន់ អាំហារ៉ា គឺរដ្ឋមួយក្នុងចំណោមរដ្ឋទាំង៩ នៃសាធារណៈរដ្ឋសហព័ន្ធអេត្យូពី។
អ្នកវិភាគ បានលើកឡើងថា អំពើហិង្សានយោបាយនៅក្នុងរដ្ឋនេះ បានបង្ហាញឲ្យឃើញអំពី វិបត្តិនយោបាយ ក៏ដូចជាការលំបាកក្នុងការអនុវត្តការធ្វើកំណែទម្រង់។ លោកWilliam Davison អ្នកវិភាគ នៅ International Crisis Group បានលើកឡើងថា វាជារឿងគួរឲ្យសោកស្តាយណាស់ ដែលអ្នកនយោបាយអេត្យូពី ជ្រើសរើសការធ្វើសកម្មភាពហិង្សាសម្លាប់គ្នា ដើម្បីតែកេងចំណេញនយោបាយរាងៗខ្លួន។
ដោយឡែក ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំអេត្យូពី បានជូនដំណឹងឲ្យពលរដ្ឋខ្លួន មានការប្រុងប្រយ័ត្ន និងរកកន្លែងមានសុវត្ថិភាព ដោយហេតុថាអាចមានករណីបាញ់បោះសេរី នៅក្នុងរដ្ឋធានីអាឌី អាបេបា និងនៅតំបន់អាំហារ៉ា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ